រុស្ស៊ីបានបើកការវាយប្រហារកលើភូមិ Hroza ភាគអាគ្នេយ៍នៃទីក្រុង Kharkov ហើយវាបានសម្លាប់មនុស្សយ៉ាងហោចណាស់ 51 នាក់ រួមទាំងក្មេងប្រុសអាយុ 8 ឆ្នាំម្នាក់ផងដែរ ។ បើយោងតាមការរៀបរាប់របស់អ្នកភូមិបានឲ្យដឹងថា កាំជ្រួចមួយបានវាយប្រហារនៅម៉ោង ១៥ និង ១៥ នាទី (ម៉ោងក្នុងតំបន់) នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២៣។
ក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយថា ការវាយប្រហារលើកនេះគឺមិនមានគោលដៅយោធានៅក្នុងតំបន់នោះទេ គឺមានតែជនស៊ីវិលតែប៉ុណ្ណោះ។ លោកបានមានប្រសាសន៍ទៀតថា អ្នករាល់គ្នាដែលបានស្លាប់នៅក្នុងការវាយប្រហារនោះគឺសុទ្ធតែជាអ្នកភូមិ ហើយការស្លាប់នោះផងដែរ វាស្មើរនឹង ២០% នៃប្រជាជនក្នុងភូមិសរុប។
បើយោងតាម Interfax Ukraine បានរាយការណ៍ថាកាលពីល្ងាចថ្ងៃព្រហ្បតិ៍ថា អ្នកភូមិខាងលើនេះ បានទៅចូលរួមពិធីបុណ្យសព របស់ទាហ៊ានអ៊ុយក្រែនម្នាក់។ សារព័ត៌មានបាននិយាយទៀតថា ការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ី មកលើភូមិនេះគឺសុទ្ធសឹងតែជាក្រុមគ្រួសារ សាច់ញារបស់សពដែលស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ទង្វើនេះ “គឺមិនស្មើរនឹងសត្វតិរិច្ឆានផង” ព្រោះអ្នកស្លាប់គឺសុទ្ធតែជាជនស៊ីវិលធម្មតាគ្មានអាវុធនៅក្នុងដៃនោះទេ។
លោកបានចោទរុស្ស៊ីថាបានកំណត់គោលដៅភូមិដោយចេតនា ខណៈមនុស្សប្រមូលផ្តុំគ្នាសម្រាប់ពិធីបុណ្យ ។
លោកបានមានប្រសាសន៍ថា “តើអ្នកណាអាចបាញ់កាំជ្រួចទៅលើពួកគេ? នរណា? មានតែអំពើពួកដែលប្រព្រឹតអំពើអាក្រក់តែប៉ុណ្ណោះ”។
បើយោងតាមរយៈអ្នកជំនាញភូមិសាស្ត្រ បាននិយាយថា ស្រុក Kupyansk ដែលមានរងគ្រោះមួយភូមិនេះវាជាផ្នែកមួយនៃតំបន់ជួរមុខក្នុងការប៉ះទង្គិចគ្នារវាងកងទ័ពរុស្ស៊ី និងអ៊ុយក្រែន ចាប់តាំងពីលោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមការលុកលុយទ្រង់ទ្រាយធំរបស់គាត់កាលពីខែកុម្ភៈឆ្នាំមុន។
ខាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាននិយាយថា រុស្ស៊ីបានប្រើប្រាស់កាំជ្រួច Iskander យកមកប្រើប្រាស់ក្នុងការវាយប្រហារ ប៉ុន្តែ BBC មិនអាចផ្ទៀងផ្ទាត់ការអះអាងនេះដោយឯករាជ្យបានទេ។
បើយោងតាមអ្នកជំនាញរបស់ BBC បានិយាយថា រុស្ស៊ីបានទម្លាក់គ្រាប់បែកលើភូមិនេះ ខណៈលោក Zelensky ចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំអឺរ៉ុបក្នុងទីក្រុង Granada ក្នុងប្រទេសអេស្ប៉ាញ។
ដោយនៅទីនោះ ប្រធានកិច្ចការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បានព្រមានថា ជម្លោះនយោបាយកំពុងគំរាមកំហែងដល់សមត្ថភាពរបស់សហរដ្ឋអាមេរិក ក្នុងការផ្តល់មូលនិធិដល់យោធាអ៊ុយក្រែន។
ហើយកាលពីថ្ងៃព្រហស្បតិ៍នោះ លោក Zelensky បានស្នើសុំមេដឹកនាំអឺរ៉ុបសម្រាប់កាំជ្រួចការពារដែនអាកាសបន្ថែមទៀត ហើយបាននិយាយថា ប្រទេសផ្សេងទៀតអាចអរគុណអ៊ុយក្រែនសម្រាប់ការការពារពួកគេពីការឈ្លានពានរបស់រុស្ស៊ី។