ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលានេះថា អង្គការណាតូកំពុងបង្កើនការល្បាតនៅសមុទ្របាល់ទិក បន្ទាប់ពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធក្រោមបាតសមុទ្រ នាពេលថ្មីៗនេះ។
អង្គការណាតូបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វិធានការដែលបានបង្កើនរួមមានការតាមដាន និងការឈ្លបយកការណ៍បន្ថែម ដោយរួមទាំងយន្តហោះល្បាតដែនសមុទ្រ ដែលមានឈ្មោះថា NATO AWACS និងយន្តហោះគ្មានមនុស្សបើកជាដើម។ ចំនែកឯកងនាវានៃអ្នករុករកមីនរបស់ណាតូ 4 នាក់ផ្សេងទៀត ក៏កំពុងត្រូវបានបញ្ជូនទៅកាន់តំបន់នេះផងដែរ” ។
បើយោងតាមអ្នកយកការណ៍របស់រ៉យទ័របាននិយាយថា អ្នករុករកមីនចំនួនពីរនាក់ក្នុងចំណោមបួននាក់ ត្រូវបានគេរំពឹងថា នឹងទៅដល់ទីក្រុង Tallinn នៅថ្ងៃសុក្រ។
ការផ្លាស់ប្តូរខាងលើនេះបានធ្វើឡើងបន្ទាប់ពី មានការប្រកាសដោយអាជ្ញាធរអំពីការខូចខាត ដល់ខ្សែទូរគមនាគមន៍សមុទ្របាល់ទិកដែលតភ្ជាប់ពីស៊ុយអែត និងអេស្តូនី និងទៅកាន់បំពង់ និងខ្សែកាបហ្វាំងឡង់-អេស្តូនី នៅម៉ោងដូចគ្នាកាលពីដើមខែនេះ។
ក្នុងចំណោមមន្ត្រីដែលមកពីបណ្តាប្រទេសដែលពាក់ព័ន្ធបាននិយាយថា ពួកគេមិនទាន់អាចសន្និដ្ឋានបានឲ្យច្បាស់លាស់ថា តើអ្នកណាជាអ្នកបង្កការខូចខាត ឬជារឿងចៃដន្យ ឬដោយចេតនានោះទេ។
បើយោងតាមអ្នកនាំពាក្យអង្គការណាតូ លោក Dylan White បាននិយាយថា “យើងនៅតែបន្តតាមដានស្ថានការណ៍នេះយ៉ាងដិតដល់ ហើយយើងនៅតែមានទំនាក់ទំនងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត អេស្តូនី និងហ្វាំងឡង់ និងស៊ុយអែត ដែលជាដៃគូរបស់យើង”។
សូមបញ្ជាក់ថា “អង្គការណាតូនឹងបន្តកែសម្រួលប្រព័ន្ធនៅដែនសមុទ្ររបស់ខ្លួននៅសមុទ្របាល់ទិក ហើយយើងនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីរក្សាសម្ព័ន្ធមិត្តឱ្យមានសុវត្ថិភាព”។
រដ្ឋមន្ត្រីការពារជាតិអេស្តូនី លោក Hanno Pevkur បាននិយាយថា “ការសម្រេចចិត្តរបស់ពួកយើង មិនមានន័យថាមានការគំរាមកំហែងខាងយោធាកើនឡើងនោះទេ។ ផ្ទុយទៅវិញ យើងចង់បង្ហាញថា ទំនាក់ទំនងរវាងសម្ព័ន្ធមិត្តរបស់ពួកយើងគឺមានភាពកាន់តែរឹងមាំ ហើយណាតូទាំងមូលក៏បានមើលឃើញថា ការការពារហេដ្ឋារចនាសម្ព័ន្ធវាជារឿងដ៏សំខាន់ ហើយក៏ជាបញ្ហាសំខាន់ផងដែរ” ។
អង្គការណាតូ សហភាពអឺរ៉ុប និងរដ្ឋាភិបាលជាតិបានធ្វើឱ្យការការពារបំពង់បង្ហូរប្រេង និងខ្សែកាបក្រោមបាតសមុទ្រជាអាទិភាពខ្ពស់ បើយើងគិតចាប់តាំងពីការផ្ទុះនៅក្នុងខែកញ្ញា ឆ្នាំ 2022 ហើយវាក៏បានផ្តាច់បំពង់បង្ហូរ Nord Stream នៅក្រោមសមុទ្របាល់ទិក និងកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នរបស់អឺរ៉ុបពីប្រទេសរុស្ស៊ី។
ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ការបំផ្ទុះទាំងនោះជាសកម្មភាពបំផ្លិចបំផ្លាញ ប៉ុន្តែមិនទាន់សម្រេចចិត្តថាអ្នកណាជាអ្នកទទួលខុសត្រូវនោះទេ។