សាកសពកម្មករថៃប្រមាណ ៨ នាក់ ដំបូង ដែលបានស្លាប់ក្នុងប្រទេសអ៊ីស្រាអែល បើគិតចាប់តាំងពីការវាយប្រហារដោយពួកក្រុមហាម៉ាសកាលពីថ្ងៃទី៧ តុលាមក ត្រូវបានគេបញ្ជូនមកប្រទេសវិញតាមជើងហោះហើរពាណិជ្ជកម្មមួយនៅព្រឹកថ្ងៃសុក្រ ហើយសាកសពរបស់ពួកគេទាំងនោះក៏ត្រូវបានគេដឹកបន្តទៅស្រុកកំណើតរៀងៗខ្លួនផងដែរ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៣។
ជើងហោះហើរ El Al Flight LY083 បានហោះចេញពីប្រទេសអ៊ីស្រាអែល ដោយដឹកសាកសពបុរសជនជាតិថៃទាំងប្រាំបីនាក់នោះ និងបានចុះចតនៅអាកាសយានដ្ឋានសុវណ្ណភូមិ ក្នុងខេត្ត Samut Prakan នៅម៉ោង 9:33 នាទីព្រឹក។
ចំពោះមឈូសដែលផ្ទុកអ្នកស្លាប់ត្រូវបានគេយកទៅតម្កល់នៅមុខ Free Zone នៃការិយាល័យគយខាងក្នុងអាកាសយានដ្ឋានដើម្បីធ្វើពិធីកាន់ទុក្ខថែមទៀតផង។
លោក Pairote Chotikasathien លេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកការងារបាននិយាយកាលពីថ្ងៃសុក្រថាមន្ត្រីការងារនៅក្នុងខេត្តនៃអ្នកស្លាប់ទាំងនោះ ពួកគេនឹងទៅសួរសុខទុក្ខក្រុមគ្រួសាររបស់កម្មករដែលបានស្លាប់ហើយប្រាប់ពួកគេអំពីការផ្តល់ជូនរបស់រដ្ឋាភិបាលសម្រាប់ក្រុមគ្រួសារនៃជនរងគ្រោះនោះផងដែរ។
លោកបានបន្តថាដំបូងក្រសួងការងារនឹងផ្តល់ប្រាក់ចំនួន ៤០,០០០ បាតដល់គ្រួសារនីមួយៗសម្រាប់ថ្លៃធ្វើបុណ្យសព។ ហើយក្រសួងនឹងសហការបន្ថែមទៀត ជាមួយអាជ្ញាធរអ៊ីស្រាអែលដើម្បីទទួលបានអត្ថប្រយោជន៍មរណភាពសម្រាប់គ្រួសារនីមួយៗ។ ចំពោះប្រពន្ធរបស់អ្នកស្លាប់ក៏នឹងទទួលបានប្រាក់ឈ្នួលប្រចាំខែចំនួន 40,000 បាតរហូតដល់រៀបការម្តងទៀត ហើយកូនរបស់ពួកគេម្នាក់ៗនឹងទទួលបានប្រាក់ខែពី 8,000 ទៅ 12,000 បាតក្នុងមួយខែរហូតដល់ពួកគេមានអាយុ 18 ឆ្នាំ។
លោក Pairote បាននិយាយថា ក្រសួងការងារបានបញ្ជូនទឹកផឹក និងអាហារស្ងួតប្រមាណ ៤,០០០ឈុត ដល់ពលករថៃដែលជាប់គាំងនៅក្នុងប្រទេសអ៊ីស្រាអែល។ លោកបានបន្ថែមថា ក្រសួងនឹងព្យាយាមធ្វើមាតុភូមិនិវត្តន៍ទាំងស្របច្បាប់ និងខុសច្បាប់ពលករថៃពីអ៊ីស្រាអែលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោក Pairote បាននិយាយថា ចំពោះកម្មករដែលត្រូវបានគេរាយការណ៍ថាបង្ខំឱ្យបន្តធ្វើការដោយនិយោជករបស់ពួកគេ បើទោះបីជាសង្រ្គាមកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសក៏ដោយ អនុព័ន្ធការងារនៅអ៊ីស្រាអែលត្រូវបានណែនាំឱ្យធ្វើអន្តរាគមន៍ ព្រោះទង្វើនេះគឺផ្ទុយនឹងច្បាប់។
តំណាងភាគីថៃក្នុងពិធីនោះមានលោក Pannabha Chandraramya ឯកអគ្គរាជទូតថៃប្រចាំប្រទេសអ៊ីស្រាអែល លោក Naruchai Ninnart អគ្គនាយករងនៃនាយកដ្ឋានកិច្ចការកុងស៊ុល និងអនុព័ន្ធការងារនៅស្ថានទូតថៃប្រចាំប្រទេសអ៊ីស្រាអែល។
មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលដែលចូលរួមក្នុងពិធីនេះរួមមានលោក Michael Ronen អគ្គនាយកនៃនាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិក និងលោក Inbal Masashh ប្រធានរដ្ឋបាលពលករបរទេស។