កាំជ្រួចរបស់រុស្ស៊ីបានវាយប្រហារលើមជ្ឈមណ្ឌលចែកចាយសំបុត្រជនស៊ីវិលនៅក្នុងទីក្រុង Kharkiv ភាគឦសាននៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃសៅរ៍។ ការវាយប្រហារនោះបានសម្លាប់បុគ្គលិករបស់មជ្ឈមណ្ឌលប្រៃសណីយ៍៦នាក់ និង១៤នាក់បានរងរបួស នេះបើយោងតាមការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៣។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា “កាំជ្រួចរបស់រុស្ស៊ីបានវាយប្រហារមជ្ឈមណ្ឌល Nova Poshta ដែលជាកន្លែងរបស់ជនស៊ីវិលធម្មតា” ។
ដោយខាងការិយាល័យរដ្ឋអាជ្ញាក្នុងតំបន់បាននិយាយថា កងកម្លាំងរុស្ស៊ីនៅក្នុងតំបន់ Belgorod ភាគខាងជើងនៃទីក្រុង Kharkiv បានបាញ់មីស៊ីល S-300 ចំនួនពីរគ្រាប់។
តែខាងភាគីរុស្ស៊ីវិញមិនមានការអត្ថាធិប្បាយភ្លាមៗនោះទេ បើទោះបីជាកន្លងមកខ្លួនធ្លាប់បានបដិសេធការកំណត់គោលដៅលើជនស៊ីវិលក៏ដោយ។ ចំពោះអ្នកជំនាញរបស់រ៉យទ័រ បាននិយាយថាខ្លួនមិនអាចផ្ទៀងផ្ទាត់របាយការណ៍នេះភ្លាមៗបានដែរ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃសៅរ៍ កងកម្លាំងរុស្ស៊ីបានពង្រឹងការវាយលុករបស់ពួកគេនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន ដោយបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ចំនួនបីនាក់ និងរងរបួសផ្សេងទៀត។
ក្នុងនោះកងកម្លាំងរុស្ស៊ីបានបាញ់ផ្លោងទីក្រុង Nikopol ដែលកាន់កាប់ដោយអ៊ុយក្រែន ពីបន្ទាយរឹងមាំរបស់ពួកគេដែលនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរមួយកន្លែង Zaporizhzhia ។
កងកម្លាំងរុស្ស៊ីបានចាប់យករោងចក្រនុយក្លេអ៊ែរនោះនៅដើមខែកុម្ភៈឆ្នាំ 2022 ដែលជាការលុកលុយរបស់ពួកគេនាពេលចាប់ផ្តើម។ ចំពោះការវាយលុកថ្មីរបស់រុស្ស៊ីលើកនេះវាបានបង្កឱ្យមានការភ័យខ្លាចមួយអាចនឹងកើតឡើង នៅពេលមានឧប្បត្តិហេតុវិទ្យុសកម្មដោយសារតែការបាញ់ផ្លោងនៅក្នុងតំបន់។
បើយោងតាមអភិបាលក្រុង Oleksandr Vilkul បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram កាលពីយប់ថ្ងៃសុក្រថា កាំជ្រួចរបស់រុស្ស៊ីបានវាយប្រហាររោងចក្រឧស្សាហកម្មមួយនៅ Kryvyi Rih ដែលជាស្រុកកំណើតរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ដោយបានសម្លាប់បុរសអាយុ 60 ឆ្នាំ និងប្រពន្ធរបស់គាត់រងរបួសយ៉ាងធ្ងន់ធ្ងរ។
អភិបាលក្រុងបានរាយការណ៍ថា កាំជ្រួច និងយន្តហោះគ្មានមនុស្សបើករបស់រុស្សីបានវាយប្រហារកន្លែងតែមួយគត់ពេញមួយយប់ វាបានបង្កឱ្យមានភ្លើងឆេះបានកើតឡើង។
ចំនែកឯអ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីវិញ លោក Igor Konashenkov បានប្រាប់អ្នកយកព័ត៌មានថា កងកម្លាំងរុស្ស៊ីបានបំផ្លាញឃ្លាំងផ្ទុកឥន្ធនៈ និងគ្រាប់រំសេវរបស់យោធាអ៊ុយក្រែន នៅជិតអាកាសយានដ្ឋានក្នុងស្រុក Kryvyi Rih ។
តែការអះអាងរបស់រុស្ស៊ីខាងលើនេះ យើងនូវតែមិនទាន់ទទួលបានការឆ្លើយតបពីមន្ត្រីអ៊ុយក្រែន នោះទេ។
បើយើងងាកទៅមើលកងកម្លាំងរុស្ស៊ីនោតំបន់ជួរមុខ Kherson ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន បាននិយាយថា ខ្លួនបានវាយប្រហារដោយកាំភ្លើងត្បាល់ កាំភ្លើងធំ រថក្រោះ ដ្រូន និងគ្រាប់រ៉ុក្កែតថែមទៀតផង។
បើយោងតាមអភិបាលស្តីទីលោក Ihor Moroz បាននិយាយកាលពីថ្ងៃសៅរ៍ថា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅតែបន្តនៅជុំវិញទីក្រុង Avdiivka ភាគខាងកើត ខណៈដែលកងកម្លាំងរុស្ស៊ីបានបង្កើនការវាយលុករបស់ពួកគេនៅក្នុងតំបន់នោះ ហើយកងកម្លាំងអ៊ុយក្រែនព្យាយាមទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី។