នៅក្នុងទីក្រុងវ៉ាស៊ីនតោនបានរាយការណ៍ថា៖ ប្រជាជនអាមេរិកាំងដែលមានសញ្ជាតិដើមជាអារ៉ាប់ និងមូស្លីម បានធ្វើការរិះគន់ចំៗ ចំពោះការឆ្លើយតបរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ចំពោះសង្គ្រាម អ៊ីស្រាអែល និងក្រុមហាម៉ាស់។ ដោយពួកគេទាំងនោះបានស្នើឱ្យប្រធានាធិបតីរូបនេះ គួរតែបន្ថែមការពារលើវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា បើពុំដូច្នោះទេ លោកនឹងការបាត់បង់ការគាំទ្ររបស់ពួកគេនៅក្នុងការបោះឆ្នោតអណត្តិថ្មី ឆ្នាំ 2024 នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា ជនជាតិអាមេរិកអារ៉ាប់-មូស្លីម ជាច្រើន បានសម្តែងការខកចិត្តជាខ្លាំង ដែលលោក Biden មិនបានជំរុញឱ្យមានបទឈប់បាញ់ដើម្បីការពារជនស៊ីវិលនោះ ព្រោះថាការឆ្លើយតបរបស់ប្រទេសអ៊ីស្រាអែល វាបានសម្លាប់ជនជាតិប៉ាឡេស្ទីនរាប់ពាន់នាក់ ខណៈដែលពួកគេទាំងនោះបានព្យាយាមរត់ភៀសខ្លួនចេញពីគ្រាប់បែកដែលតម្រុងទៅលើតំបន់ហ្គាហ្សាយ៉ាងណាក៏ដោយ។
ម្យ៉ាងវិញទៀតការខកចិត្តរបស់ ប្រជាជនអាមេរិកដែលមានសញ្ជាតិដើមជាអារ៉ាប់ ឬមូស្ទីមនោះ បាននិយាយអះអាងថា ពួកនិងឈប់គាំទ្រគណបក្សប្រជាធិបតេយ្យ របស់ លោក Joe Biden ហើយបើយោងតាមការស្ទង់មតិវិញនោះ លទ្ធផលបានបង្ហាញថា អ្នកទាំងអស់នោះនិងងាកមករកអតីតប្រធានាធិបតី លោក Donald Trump ។
យ៉ាងណាមិញនៅក្នុងការប្រកួតប្រជែងដ៏ក្តៅគគុកនៃរដ្ឋ Michigan គឺមានជនជាតិអាមេរិកអារ៉ាប់ប្រមាណ 5% ដែលមានឈ្មោះក្នុងការបោះឆ្នោត។ ហើយចំនែកនៅក្នុងសមរភូមិក្នុងរដ្ឋ Pennsylvania និង Ohio វិញ លោក Jim Zogby ប្រធានវិទ្យាស្ថានអាមេរិកអារ៉ាប់ បាននិយាយថាពួកគេមានចន្លោះពី 1.7% ទៅ 2% ។
គួររំលឹកថា លោក Biden ធ្លាប់បានឈ្នះនៅក្នុងរដ្ឋ Michigan ជាមួយនឹង 50.6% នៃការបោះឆ្នោតក្នុងឆ្នាំ 2020 បើធៀបនឹង 47.8% សម្រាប់ Trump ដោយកាលនោះ ពួកគេទាំងពីរមានភាពខុសគ្នាតិចជាង 81,000 សម្លេងតែប៉ុណ្ណោះ។
បើយោងតាមសកម្មជនមួយចំនួនបាននិយាយថា ជនជាតិអារ៉ាប និងមូស្លីមអាមេរិកទំនងជាមិនគាំទ្រលោក Trump នោះទេ ប៉ុន្តែពួកគេទាំងនោះអាចនិងអង្គុយនៅក្រៅការបោះឆ្នោតផងដែរ ខណៈដែលពួកគេក៏មិនបោះឆ្នោតឲ្យលោក Biden ដូចគ្នាដែរ។
លោក Laila El-Haddad អ្នកនិពន្ធនិងសកម្មជនសង្គមមកពី Gaza មានមូលដ្ឋាននៅរដ្ឋ Maryland បាននិយាយថា “ខ្ញុំគិតថា លោក Biden អាចនិងបាត់បង់អ្នកគាំទ្រនៅក្នុងរដ្ឋ Michigan” ។
បើគិតចាប់តាំងពីមានការវាយប្រហារកាលពីថ្ងៃទី 7 ខែតុលា ដោយក្រុមហាម៉ាស លើជនស៊ីវិលក្នុងប្រទេសអ៊ីស្រាអែល ដែលបានសម្លាប់មនុស្ស 1,400 នាក់ក៏ពិតមែន ប៉ុន្តែជនជាតិអាមេរិកអារ៉ាប់បាននិយាយថា តែការឆ្លើយតបរបស់អ៊ីស្រាអែលវាក៏មិនសមហេតុផលនោះដែរ។ បើយើងគិតត្រឡប់មកវិញលើគោលនយោបាយរបស់លោក Biden ដែលមិនព្រមធ្វើការថ្កោលទោសចំពោះសកម្មភាពនៃការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនោះទេ អ្វីដែលជាចម្ងល់របស់យើងនៅពេលនេះ គឺចង់សួរថា តើការសន្យាលោកប្រធានាធិបតី លោក Joe Biden ត្រង់ចំនុចណាដែលជាសកម្មភាពគោលនយោបាយការបរទេសក្នុងការ “ផ្តោតលើសិទ្ធិមនុស្ស”?
គួរបញ្ជាក់ថា បើទោះបីជាសហរដ្ឋអាមេរិកគាំទ្រ ប្រទេសអ៊ីស្រាអែលយ៉ាងណាក៏ដោយ តែកាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីរអាមេរិកក៏បានចូលរួមក្នុងប្រជុំរួមជាមួយ អង្គការសហប្រជាជាតិ និងកាណាដា ក្នុងការជំរុញឱ្យមានការផ្អាកក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ដើម្បីអនុញ្ញាតិឲ្យពួកគេ អាចបញ្ជូនអាហារ ទឹក និងថ្នាំ ទៅជួយសង្គ្រោះជនស៊ីវិលប៉ាឡេស្ទីន។