មានមនុស្សម្នាក់បានស្លាប់និងរាប់សិបនាក់រងរបួសនៅពេល ដែលគ្រាប់បែកមួយបានផ្ទុះឡើងនៅមជ្ឈមណ្ឌលសន្និបាត ដែលស្ថិតក្នុងរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យ ទី ២៩ ខែតុលា ខណៈដែលក្រុមគ្រិស្តបរិស័ទកំពុងប្រជុំអធិស្ឋាន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ចំពោះការស៊ើបអង្កេតបឋមបានបង្ហាញថា គ្រឿងផ្ទុះនេះត្រូវបានគេផលិតឡើងដោយចេតនាមួយ ក្នុងការគេប្រើប្រាស់នាពេលនោះ ហើយវាបានបង្កឲ្យមនុស្សប្រមាណ ៣៦ នាក់បានរងរបួស ។ បើយោងតាមកាសែតក្នុងស្រុក Mathrubhumi ដែលដកស្រង់សម្តីសាក្សីបាននិយាយថា យ៉ាងហោចណាស់មានការផ្ទុះចំនួនបីកង បានកើតឡើងនៅខាងក្នុងសាលសន្និបាត។
គួរបញ្ជាក់ថាឧបទ្ទវហេតុនេះបានកើតឡើងក្នុងអំឡុងពេលមហាសន្និបាតសាក្សីព្រះយេហូវ៉ានៅឯមជ្ឈមណ្ឌលក្នុងទីក្រុង Kalamassery ចម្ងាយប្រហែល 10 គីឡូម៉ែត្រ (6.21 ម៉ាយ) ពីភាគឦសាននៃទីក្រុង Kochi ។ ដោយក្រុមនេះកំពុងរៀបចំមហាសន្និបាតតំបន់រយៈពេលបីថ្ងៃ ដែលមានអ្នកចូលរួមជាង 2,000 នាក់ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
បើយោងតាមសាក្សីម្នាក់ទៀត លោក TA Sreekumar ក្នុងតំបន់បាននិយាយប្រាប់mathrubhumi.com ថា “ការផ្ទុះបានកើតឡើងប៉ុន្មានវិនាទីបន្ទាប់ពីការបញ្ចប់នៃការអធិស្ឋានជាផ្នែកនៃព្រឹត្តិការណ៍ប្រចាំថ្ងៃ។ ការបំផ្ទុះលើកទីមួយបានកើតឡើងនៅកណ្តាលសាល។ វិនាទីក្រោយមក ការផ្ទុះពីរបន្ថែមទៀតបានរង្គោះរង្គើក្នុងពេលដំណាលគ្នានៅផ្នែកម្ខាងៗនៃសាល”តែម្តង។
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយមួយបានរាយការណ៍ថា ក្រុមដែលមានសមាជិកប្រាំបីនាក់មកពីឆ្មាំសន្តិសុខជាតិ ដែលជាអង្គភាពប្រឆាំងភេរវកម្មរបស់រដ្ឋាភិបាលឥណ្ឌាកំពុងធ្វើដំណើរទៅកាន់រដ្ឋ Kerala ដើម្បីស៊ើបអង្កេតករណីមួយនេះផងដែរ។
ចំនែកឯរដ្ឋមន្ត្រីសុខាភិបាលនៃរដ្ឋ Kerala លោកស្រី Veena George បាននិយាយថា នាយកដ្ឋានអប់រំសុខភាព និងវេជ្ជសាស្ត្រត្រូវបានណែនាំឱ្យផ្តល់ការព្យាបាលប្រកបដោយគុណភាពខ្ពស់បំផុតសម្រាប់ជនរងគ្រោះទាំងនោះ ឲ្យអស់ពីសមត្ថភាព។