ព្រះច័ន្ទគឺជាប្រភពនៃភាពស្ញប់ស្ញែង និងអច្ឆរិយៈជាយូរមកហើយ ដែលជំរុញឱ្យមានការស្រមើលស្រមៃរបស់វិចិត្រករ និងអ្នកនិពន្ធជាច្រើនពាន់នាក់ ។ ប៉ុន្តែសម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រវិញបាននិយាយថា ទំនាញរបស់ព្រះច័ន្ទ វាក៏ជាកម្លាំងនៅពីក្រោយជំនោរនៃមហាសមុទ្រ ហើយក៏ជាផ្នែកមួយដែលធ្វើឱ្យភពផែនដីរបស់យើងមានរយៈពេល 24 ម៉ោងក្នុងមួយថ្ងៃ។
ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា បើទោះបីជាព្រះច័ន្ទគឺជាអ្នកជិតខាងដែលនៅជិតបំផុតរបស់ផែនដីក៏ដោយ តែអាថ៌កំបាំងជាច្រើនរបស់វានៅតែជាអាថ៌កំបាំង ដែលយើងនៅតែមិនទាន់ស្រាយបាននៅឡើយ។
នៅពេលដែលអវកាសយានិក Apollo 17 Eugene Cernan និង Harrison Schmitt បានទៅយកថ្ម និងធូលីចេញពីផ្ទៃព្រះច័ន្ទក្នុងឆ្នាំ 1972 កាលនោះ ពួកគេមិនបានរកឃើញចម្លើយចំពោះសំណួរដ៏ធំបំផុតមួយអំពីព្រះច័ន្ទថា៖ តើភពព្រះច័ន្ទមានអាយុកាលប៉ុន្មានលានឆ្នាំ?
អស់រយៈជាង 50 ឆ្នាំកន្លងមក គឺបន្ទាប់ពីការប្រមូលសំណាករបស់ក្រុមអ្នកវិទ្យាសាស្ត្រ ពួកគេបានរកឃើញគ្រីស្តាល់នៅក្នុងធូលីរបស់ព្រះច័ន្ទដែលបង្ហាញថាព្រះច័ន្ទ មានអាយុប្រហែលជាង 40 លានឆ្នាំ។
ដោយក្រុមអ្នកស្រាវជ្រាវបាននិយាយថា ព្រះច័ន្ទត្រូវបានបង្កើតឡើងនៅពេលមានវត្ថុដែលមានទំហំប៉ុនភពអង្គារបានធ្លាក់មកលើភពផែនដី ហើយវត្ថុដែលធ្លាក់នោះវាបានទំលាក់ដុំថ្មដ៏ធំមួយចូលទៅក្នុងលំហ រហូតដល់គន្លងមួយដែលស្ថិតនៅជុំវិញភពផែនដីរបស់យើង។ ថ្មនោះផងដែរ វាត្រូវបានគេកំណត់ថាជា គ្រីស្តាល់ Zircon ដែលបានបង្កើតឡើងនៅពេលដែលព្រះច័ន្ទត្រជាក់ខ្លាំងកាលពី 4.46 ពាន់លានឆ្នាំមុន ហើយចំនែកឯ ការវិភាគថ្មីមួយ វាត្រូវបានគេតាមដាននៅក្នុងគំរូ Apollo 17 វិញម្តង។
លោក Jennika Greer គឺសហការីស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រផែនដីនៅសាកលវិទ្យាល័យ Glasgow បាននិយាយថា “វាពិតជាអស្ចារ្យណាស់ដែលពួកយើងអាចមានភស្តុតាងថា ថ្មដែលអ្នកកំពុងកាន់គឺជាព្រះច័ន្ទចំណាស់បំផុតមួយដែលយើងបានរកឃើញនាពេលនោះ” ។