នាយករដ្ឋមន្ត្រីរបស់ប្រទេសអ៊ីស្រាអែល លោក Benjamin Netanyahu បានច្រានចោលរាល់ការអំពាវនាវឱ្យបញ្ឈប់ការប្រយុទ្ធគ្នា នេះបើយោងតាមការចុះផ្សាយរបស់ រ៉យទ័រ កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣។
អ៊ីស្រាអែលបានពង្រីកប្រតិបត្តិការជើងគោកនៅតំបន់ហ្កាហ្សា ខណៈដែលខ្លួនកំពុងតែស្វែងរកការដាក់ទណ្ឌកម្មលើចលនាហាម៉ាស់ បន្ទាប់ការផ្ទុះអាវុធដ៏សាហាវមួយកាលពីបីសប្តាហ៍មុន ដែលអាជ្ញាធរអ៊ីស្រាអែលបាននិយាយថាពួកគេបានសម្លាប់ប្រជាជនរបស់ខ្លួនប្រមាណ ១៤០០ នាក់។
សាក្សីបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានកំណត់គោលដៅលើផ្លូវសំខាន់មួយ គឺពីជើងទៅត្បូងនៃតំបន់ហ្គាហ្សាកាលពីថ្ងៃច័ន្ទ រួចហើយពួកគេក៏បានវាយប្រហារទីក្រុងហ្គាហ្សាទាំងពីរចំនុចនេះ ។ ដោយក្នុងនោះអ៊ីស្រាអែលបាននិយាយថា កងទ័ពរបស់ខ្លួន បានរំដោះទាហានម្នាក់ពីការចាប់ឃុំខ្លួនរបស់ពួកហាម៉ាស ដែលជាចំណាប់ខ្មាំងម្នាក់ក្នុងចំណោមចំណាប់ខ្មាំងទាំង 239 នាក់ ដោយអ៊ីស្រាអែលបានអះអាងថា ពួកគេត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃទី 7 ខែតុលា។
ចំនែកឯកងពលតូច al-Qassam ដែលជាក្រុមប្រដាប់អាវុធរបស់ក្រុមហាម៉ាស បាននិយាយថា ក្រុមសកម្មប្រយុទ្ធរបស់ខ្លួននៅហ្គាហ្សា បានបាញ់មីស៊ីលប្រឆាំងរថក្រោះ ដោយសំដៅទៅកាន់កងកម្លាំងឈ្លានពានរបស់អ៊ីស្រាអែល ដើម្បីជាការតបត។
យ៉ាងណាមិញ ខាង Reuters មិនអាចបញ្ជាក់ពីរបាយការណ៍នៃការប្រយុទ្ធគ្នាបានទេ។ ហើយខាងយោធាអ៊ីស្រាអែលមិនមានការអធិប្បាយភ្លាមៗនោះដែរ។
ចំពោះអាជ្ញាធរសុខាភិបាលហ្គាហ្សាបាននិយាយថា បច្ចុប្បន្នចំនួនអ្នកស្លាប់នៅហ្គាហ្សាបានកើនឡើងរហូតដល់ ៨.៣០៦ នាក់ ក្នុងនោះរួមមានអនីតិជនចំនួន ៣.៤៥៧ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីថ្ងៃទី ៧ ខែតុលាមក។ ខាងមន្ត្រីអង្គការសហប្រជាជាតិបាននិយាយថា ប្រជាជនស៊ីវិលជាង ១,៤ លាននាក់នៅតំបន់ហ្គាហ្សាប្រហែល ២,៣ លាននាក់ត្រូវបានគ្មានផ្ទះសម្បែងទៀតនោះទេ។
ចំពោះចំនួននៃអ្នកស្លាប់ដែលចេះតែកើនឡើងជាបន្តបន្ទាប់វាក៏បានទាក់ទាញការអំពាវនាវពីសហរដ្ឋអាមេរិក សម្ព័ន្ធមិត្តកំពូលរបស់អ៊ីស្រាអែល និងបណ្តាប្រទេសផ្សេងទៀត ជាពិសេសគឺអង្គការសហប្រជាជាតិ បានស្នើរឱ្យផ្អាកក្នុងការប្រយុទ្ធ ដើម្បីអនុញ្ញាតឱ្យជំនួយមនុស្សធម៌អាចជួយដល់ជនរងគ្រោះនៅក្នុងតំបន់នោះ។
តែបើទោះជាយ៉ាងណាក៏ដោយ លោក Netanyahu បាននិយាយកាលពីល្ងាចថ្ងៃច័ន្ទថា អ៊ីស្រាអែលនឹងមិនយល់ព្រមចំពោះការបញ្ឈប់អរិភាពជាមួយក្រុមហាម៉ាសនៅក្នុងតំបន់ហ្គាហ្សានោះទេ ហើយនឹងបន្តទៅមុខជាមួយនឹងផែនការរបស់ខ្លួនក្នុងការលុបបំបាត់ក្រុមហាម៉ាសមួយនេះ។
លោក Netanyahu បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា “ការអំពាវនាវឱ្យមានបទឈប់បាញ់គឺជាការអំពាវនាវ គឺមិនអ្វីពីឱ្យអ៊ីស្រាអែលចុះចាញ់ក្រុមហាម៉ាសនោះទេ ហើយការចុះចាញ់នឹងអំពើភេរវកម្មបែបនេះ វាមិនខុសអីពីការចុះចាញ់នឹងភាពព្រៃផ្សៃនោះទេ យើងសូមបញ្ជាក់ថារឿងមួយនេះនឹងមិនអាចកើតឡើងបានឡើយ” ។
បើយោងតាមអ្នកឯកទេសខាងយោធាបាននិយាយថា កងកម្លាំងអ៊ីស្រាអែលកំពុងធ្វើចលនាយឺតៗ ក្នុងការវាយលុកដីគោក ដែលជាផ្នែកមួយដើម្បីរក្សាការបើកចំហលទ្ធភាព ដែលក្រុមសកម្មប្រយុទ្ធហាម៉ាស់នឹងចរចារដោះលែងចំណាប់ខ្មាំង។
គួរបញ្ជាក់ថាការប្រយ័ត្នប្រយែងរបស់កងទ័ពអ៊ីស្រាអែល បានធ្វើឲ្យពួកគេបានដណ្តើមយកទឹកដីមួយចំនួននៅក្នុងថ្ងៃដំបូងនៃប្រតិបត្តិការជើងគោកដែលប្រកបដោយនិរន្តរភាពនៅតំបន់ហ្គាហ្សា ដែលជាការវាយលុកផ្ទុយពីការវាយប្រហារតាមផ្លូវអាកាសមិនឈប់ឈររយៈពេល 3 សប្តាហ៍ចុងក្រោយនេះ ។