តាមរយៈទីក្រុងកាតាម៉ាន់ឌូៈ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសៅរ៍ថា មនុស្សយ៉ាងហោចណាស់ ១២៨ នាក់ ត្រូវបានស្លាប់ និងរាប់សិបនាក់ទៀតរងរបួសនៅក្នុងប្រទេសនេប៉ាល់ គឺបន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងមួយបានកើតឡើងនៅក្នុងតំបន់ភាគខាងលិចនៃទីក្រុង Jajarkot ខណៈដែលផ្ទះ និងអគារជាច្រើននៅក្នុងតំបន់បានដួលរលំ។ បើតាមការរាយការណ៍បានឲ្យដឹងទៀតថា ការរញ្ជួយដីមួយនេះ វាក៏បានញ័ររហូតដល់ទីក្រុងញូវដែលីនៃប្រទេសឥណ្ឌាថែមទៀតផង នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រនៅថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
មជ្ឈមណ្ឌលជាតិគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសនេប៉ាល់បាននិយាយថា គ្រោះរញ្ជួយដីបានកើតឡើងនៅវេលាម៉ោង 11:47 យប់ (1802 GMT) កាលពីថ្ងៃសុក្រ ជាមួយនឹងកម្រិត 6.4 រ៉ិចទ័រ។
បើយោងតាមអ្នកជំនាញបានឲ្យដឹងថា គ្រោះរញ្ជួយដីនៅក្នុងប្រទេសមួយនេះ វាគឺជាគ្រោះរញ្ជួយដីដ៏ធំបំផុត បើយើងគិតចាប់តាំងពីឆ្នាំ 2015 នៅពេលដែលមនុស្សប្រហែល 9,000 នាក់បានស្លាប់នៅក្នុងការរញ្ជួយដីចំនួនពីរលើកនៅក្នុងតំបន់ហិម៉ាឡៃយ៉ាន។ ដោយកាលនោះ ទីក្រុងទាំងមូល ព្រមទាំងប្រាសាទដែលមានអាយុកាលរាប់សតវត្សន៍ ព្រមទាំងទីតាំងប្រវត្តិសាស្ត្រជាច្រើនកន្លែងបានបន្សល់ទុកត្រឹមម្ទេចថ្មនៅពេលនោះ ហើយផ្ទះជាងមួយលានខ្នងត្រូវបានបំផ្លាញស្ទើរទាំងស្រុង បើយើងគិតជាចំនួនទឹកប្រាក់វិញ គឺមានតម្លៃប្រមាណ 6 ពាន់លានដុល្លារសហរដ្ឋអាមេរិក។
បើយោងតាមក្រុមមន្ត្រីរបស់នេប៉ាល់ បានសម្តែងការភ័យខ្លាចថា ចំនួនអ្នកស្លាប់នៅក្នុងការរញ្ជួយដីនៅថ្ងៃសុក្រអាចមានការកើនឡើង ព្រោះមានសាកសពជាច្រើនដែលពួកយើងនៅតែមិនទាន់បានរកឃើញ។ ម្យ៉ាងទៀតវាក៏ដោយសារតេពួកគេមិនអាចបង្កើតទំនាក់ទំនងនៅក្នុងតំបន់ភ្នំក្បែរចំណុចកណ្តាល ដែលមានចម្ងាយប្រហែល 500 គីឡូម៉ែត្រ (300 ម៉ាយ) ភាគខាងលិចនៃរដ្ឋធានី Kathmandu ដែលជាកន្លែងមានការរញ្ជួយដែរនោះបាន ទើបធ្វើឲ្យពួកយើងមិនទាន់អាចនិយាយបានថាចំនួនអ្នកស្លាប់សរុបមានប៉ុន្មាននាក់។
ឥឡូវនេះផងដែរ ខាងការិយាល័យរបស់យើងបានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី Pushpa Kamal Dahal បានហោះហើរទៅកាន់តំបន់នោះដោយផ្ទាល់កាលពីព្រឹកថ្ងៃសៅរ៍ ជាមួយនឹងក្រុមគ្រូពេទ្យយោធាដែលមានសមាជិក 16 នាក់ ដើម្បីត្រួតពិនិត្យការស្វែងរក ការជួយសង្គ្រោះដោយប្រសិទ្ធភាព។