អាមេរិកទទួលស្គាល់ជាលើកដំបូងថា ខ្លួនបានប្រើប្រាស់ដ្រូនដើម្បីស៊ើបការណ៍ដោយសំង៉ាត់នៅលើតំបន់ហ្គាហ្សា ដោយក្នុងនោះអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Brig Gen Pat Ryder បាននិយាយថា យន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកកំពុងតែធ្វើប្រតិបត្តិការនៅក្នុង “ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះចំណាប់ខ្មាំងតែប៉ុណ្ណោះ” នេះបើយោងតាមការចុះផ្សាយរបស់BBC កាលពីថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា ការទទួលស្គាល់មួយនេះ បានធ្វើឡើងបន្ទាប់ពីអ្នកយកព័ត៌មានបានប្រទះឃើញយន្តហោះគ្មានមនុស្សបើក MQ-9 Reapers (UAV)បានកើតឡើងនៅលើគេហទំព័រតាមដានការហោះហើរ Flightradar24 ។ ម្យ៉ាងទៀតបើយោងតាមសេចក្តីថ្លែងការណ៍របស់មន្ទីរប៉ង់តាហ្គោនបាននិយាយកាលពីថ្ងៃសុក្រថា “សហរដ្ឋអាមេរិកកំពុងធ្វើការបើកការហោះហើរ UAV ដែលមិនមានការបំពាក់អាវុធនោះ ឲ្យធ្វើការឆ្លងកាត់តំបន់ហ្គាហ្សា ក៏ដូចជាការតំបន់ផ្តល់ជំនួយដើម្បីគាំទ្រដល់ដៃគូអ៊ីស្រាអែល និងដើម្បីជួយសង្គ្រោះដល់ចំណាប់ខ្មាំងរបស់ប្រទេសមួយនេះ” ។
បើយោងតាមការរាយការណ៍បាននិយាយទៀតថា យន្តហោះគ្មានមនុស្សបើក Reaper ពីមុនត្រូវបានគេដាក់ពង្រាយដើម្បីធ្វើការវាយប្រហារតាមអាកាសក្នុងប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែមួយរយៈចុងក្រោយនេះ វាក៏ត្រូវបានគេយកមកប្រើជាចម្បងដោយធ្វើជាយន្តហោះឈ្លបយកការណ៍វិញ បើយោងតាមរបាយការណ៍បានបញ្ជាក់ថា ការធ្វើបែបនេះគឺដោយសារតែវាមានសមត្ថភាពខ្ពស់ “loiter” វាអាចប្រចាំការនៅលើតំបន់បានរហូតដល់ជាង 20 ម៉ោង។
មន្ត្រីយោធាអាមេរិកដែលមិនបញ្ចេញឈ្មោះបានប្រាប់កាសែត New York Times ថា យន្តហោះគ្មានមនុស្សបើកមិនបានជួយសម្របសម្រួលសកម្មភាពយោធាអ៊ីស្រាអែលនៅក្នុង និងជុំវិញតំបន់ហ្គាហ្សានោះទេ។ ដោយក្រុមមន្ត្រីអាមេរិកគ្រាន់តែប្រាប់កាសែតថា ដោយសារតែសហរដ្ឋអាមេរិកចង់បានព័ត៌មានដែលទាក់ទងនឹងការសង្គ្រោះចំណាប់ខ្មាំង ក្នុងកំឡុងពេលបញ្ជូនទៅកាន់អ៊ីស្រាអែលតែប៉ុណ្ណោះ។
មន្ត្រីរូបនេះបានបញ្ជាក់ទៀតថា អ្វីដែលយើងធ្វើនាពេលនេះ មិនមែនជាផ្នែកយោធាអាមេរិកដូចដែលអ្នកគិតថា វាគឺការបញ្ជាពីចម្ងាយដើម្បីប្រតិបត្តិការក្នុងតំបន់នោះទេ។
បើទោះជាយ៉ាងណាក៏ដោយកាលពីថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ កងទ័ពជើងទឹកអាមេរិកបានប្រកាសថា ខ្លួនបានបាញ់គ្រាប់មីន ចេញពីយានលើផ្ទៃគ្មានមនុស្សបើក (USV) ដែលជាទូកលឿនមួយ នៅក្នុងដែនទឹកអន្តរជាតិនៃសមុទ្រអារ៉ាប់។
បើយោងតាមសេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា កងទ័ពជើងទឹកអាមេរិកត្រូវបានកត់សម្គាល់ថា វាគឺជាការសាកល្បងលើកទីមួយហើយ ដែលគ្រាប់បែកប្រយុទ្ធត្រូវបានបាញ់ចេញពី USV នៅមជ្ឈិមបូព៌ា។
តែខាងកងទ័ពជើងទឹកអាមេរិកបាននិយាយថា វាគឺជាការអភិវឌ្ឍន៍សមត្ថភាពយោធាអាមេរិកនៅក្នុងតំបន់ត្រឹម “កម្រិតទាបតែប៉ុណ្ណោះ”។ គួររំលឹកថា កាលដែលសហរដ្ឋអាមេរិកធ្វើបែបនេះ គឺដោយសារតែពីខែមុន កងទ័ពជើងទឹកអាមេរិកបាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក និងគ្រាប់រ៉ុក្កែតជាច្រើន ដែលបាញ់ចេញពីប្រទេសយេម៉ែន ដែលហាក់ដូចជាកំពុងឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល។ ដូច្នេះហើយអាមេរិកយល់ សមុទ្រក្រហមវាជាកក្តាចម្បងនៃប្រតិបត្តិការរបស់ភេសរវករ។
យ៉ាងណាមិញសហរដ្ឋអាមេរិកក៏បានបញ្ជូននាវាចម្បាំងពីរគ្រឿងទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើតផងដែរ ដោយពួកគេបាននិយាយថា ការពង្រឹងការការពារនៅទីនោះ គឺដើម្បីការពារសង្គ្រាមរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែលកុំឱ្យរីករាលដាល។
នៅក្នុងសុន្ទរកថាដ៏ក្ដៅគគុកមួយកាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិកបានព្រមានថា ពួកគេនឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធទាំងឡាយណាដែលមានគំនិតចង់ប្រើប្រាស់នាវាមកវាប្រហារលើអ៊ីស្រាអែល។
បើទោះជាយ៉ាងនេះក្តី មេដឹកនាំក្រុមហេសបូឡាហ៍របស់ប្រទេសលីបង់បានព្រមានសហរដ្ឋអាមេរិកវិញថា “កងនាវារបស់អ្នកនៅសមុទ្រមេឌីទែរ៉ាណេមិនមានលទ្ធភាពបំភ័យយើងទេ ហើយអាមេរិកក៏គ្មានសមត្ថភាពនឹងធ្វើឱ្យយើងភ័យខ្លាចនោះដែរ” ។