ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសម្រេចចិត្តឈរឈ្មោះក្នុងការបោះឆ្នោតជាប្រធានាធិបតីបន្តទៀត ដោយការបោះឆ្នោតនិងប្រព្រឹត្តទៅនៅក្នុងខែមីនា ឆ្នាំ ២០២៤។ ជាវិធានការមួយ ដែលនឹងត្រូវថែររក្សាឲ្យលោក ពូទីន នៅតែបន្តកាន់អំណាចរហូតដល់ឆ្នាំ ២០៣០ គឺដោយសារតែមេដឹកនាំវិមានក្រឹមឡាំងរូបនេះយល់ថា មានតែរូបលោកតែមួយប៉ុណ្ណោះដែលមានសមត្ថភាពដឹកនាំប្រទេសរុស្ស៊ីឲ្យឆ្លងផុតគ្រោះថ្នាក់ដ៏បំផុតបាន បើគិតត្រឹមរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ នេះបើយោងតាមទីប្រភពមួយដែលបាននិយាយប្រាប់រ៉យទ័រ កាលពីថ្ងៃទី ០៧ ខែវិឆ្ឆិកា ឆ្នាំ២០២៣។
លោក វ្ល៉ាឌីមៀ ពូទីន ធ្លាប់មានជីវប្រវត្តិជាអ្នកនយោបាយផង និងជាអតីតមន្ត្រីចារកម្មផង តែលោកនៅអាចប្រែក្លាយជាប្រធានាធិបតីរុស្ស៊ី ចាប់តាំងពីឆ្នាំ 2012 មកម្ល៉េះ។ សព្វថ្ងៃនេះ លោក ពូទីន គឺមានអាយុ ៧១ ឆ្នាំក៏ពិតមែន តែលោកបានប្រកាសថា លោក នឹងបន្តអាណត្តិរបស់លោក រហូតដល់ឆ្នាំ២០៣០។
គួរបញ្ជាក់ថា នៅក្នុងវិស័យការពារជាតិ ដែលជាការចំណាយសម្រាប់គ្រឿងសព្វាវុធ វាជាកក្តាដែលធ្វើឲ្យការចំណាយថវិកាជាតិជាសរុប របស់រុស្សី បានកើនឡើងជាលំដាប់ ខណៈពេលដែលលោក ពូទីន បានប្រកាស់ពីគោលជំហររបស់ខ្លួនជាសាធារណៈថា ខ្លួននឹងបន្តការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។
បើយោងតាមរយៈប្រភពមួយដែលស្គាល់អំពីរការគិតរបស់វិមានក្រឹមឡាំង បាននិយាយប្រាប់រ៉យទ័រដោយសំង៉ាត់ថា ការសម្រេចចិត្តមួយត្រូវបានធ្វើឡើង គឺបន្ទាប់ពីទីប្រឹក្សារបស់លោក ពូទីន កំពុងរៀបចំសម្រាប់ការបោះឆ្នោតអណត្តិថ្មី ដោយក្រុមមន្ត្រីទាំងនោះបានសម្រេចចិត្តជ្រើសរើសលោក ពូទីន ឲ្យឈរឈ្មោះក្នុងការបោះឆ្នោតជាប្រធានាធិបតីនៅខែមីនាឆ្នាំ 2024 ចំពោះតំណែងកំពូលមួយនេះវាត្រូវតែជារបស់លោក ពូទីន។
បើយោងតាមមនុស្សម្នាក់ក្នុងចំណោមពួកគេបាននិយាយថា តម្រុយក្បាច់ថ្មីរបស់លោកពូទីននឹងមកដល់ក្នុងរយៈពេលពីរបីសប្តាហ៍ទៀត ដោយលោកបានបញ្ជាក់ប្រាប់កាសែត Kommersant កាលពីខែមុន។
តែបើយោងតាមរយៈអ្នកការទូត និងអ្នកស៊ើបការណ៍ដោយសំងាត់ បានឲ្យដឹងថា មានរដ្ឋមន្ត្រីជាច្រើននៅក្នុងប្រទេសរុស្ស៊ីបាននិយាយថា ពួកគេបានរំពឹងទុកថា លោក ពូទីន នឹងបន្តកាន់អំណាចអស់មួយជីវិត ប៉ុន្តែពួកគេទាំងនោះក៏មិនបានបញ្ជាក់អំពីផែនការណាមួយ ដែលលោក ពូទីន មានគម្រោងអ្វីខ្លះ សម្រាប់ការបោះឆ្នោតឡើងវិញនោះទេ ដោយប្រភពមួយនេះបាននិយាយថា ដោយសារតែវាភាពរសើបនៃនយោបាយរបស់វិមានក្រឹមឡាំង។
បើទោះជាយ៉ាងណាក៏ដោយ ចំពោះលោក ពូទីន ផ្ទាល់ក៏នៅតែប្រឈមមុខនឹងបញ្ហាដ៏ធ្ងន់ធ្ងរជាច្រើន តួរយ៉ាងដូចជាវិបត្តិដែលប្រមុខដឹកនាំវិមានក្រឹមឡាំងបានជួបប្រទះ ចាប់តាំងពីសហភាពសូវៀតបានដួលរលំកាលពីជាងបីទសវត្សរ៍មុន។ បន្ទាប់មកទៀតប្រទេសមួយនេះ ត្រូវបានជាប់គាំងជាមួយសង្រ្គាមនៅអ៊ុយក្រែន ដែលបានបង្កឱ្យមានការប្រឈមមុខដាក់គ្នាដ៏ធំបំផុតជាមួយនឹងពួកលោកខាងលិច បើយើងគិតចាប់តាំងពីវិបត្តិមីស៊ីលគុយបាក្នុងឆ្នាំ 1962 មក ហើយជាលទ្ធផល រុស្ស៊ីក៏ទទួលរងនូវទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ព្រមទាំងបណ្តាលប្រទេសនៃលោកខាងលិច ដែលជាហេតុធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងខាងផ្នែកសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី។
សេចក្តីព្រាងផែនការរបស់រដ្ឋាភិបាលបង្ហាញថា អតិផរណាបានកើនឡើងខណៈពេលដែលប្រាក់រូប្លែបានធ្លាក់ចុះចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម ហើយការចំណាយលើវិស័យការពារជាតិនឹងមានចំនួន ជិតមួយភាគបីនៃការចំណាយថវិកាសរុបរបស់រុស្ស៊ី ក្នុងឆ្នាំ 2024 ។
បើទោះជាយ៉ាងក្តី លោក ពូទីន បានបង្ហាញការប្តេជ្ញាចិត្តថា សង្រ្គាមវាគឺជាផ្នែកមួយនៃការតស៊ូដ៏ទូលំទូលាយ ដែលឥស្សរជនវិមានក្រឹមឡាំងនិយាយថា យើងត្រូវតែងាកទៅរកដំណោះស្រាយជាមួយប្រទេសចិន ដើម្បីដោះស្រាយបញ្ហាប្រឈមជាមួយនឹងសហរដ្ឋអាមេរិក។
ដោយក្នុងនោះ លោក Oleg Orlov ដែលជាអ្នកធ្វើយុទ្ធនាការសិទ្ធិមនុស្សដ៏គួរឱ្យគោរពបំផុតរបស់រុស្ស៊ីបានប្រាប់ Reuters កាលពីខែកក្កដាថា “ប្រទេសរុស្ស៊ីកំពុងតែដើរថយក្រោយ” ដោយពួកយើងបានចាកចេញពីរបបកុម្មុយនិស្ត ប៉ុន្តែឥឡូវនេះយើងក៏ឆ្ពោះទៅរបបផ្តាច់ការទាំងស្រុងវិញម្តង»។