ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសនៅក្នុងរង្វង់ប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃច័ន្ទថា ជនស៊ីវិលជាង 10,000 នាក់ត្រូវបានគេសម្លាប់នៅក្នុង តំបន់ហ្គាហ្សា បើយើងគិតចាប់តាំងពី អ៊ីស្រាអែលបានចាប់ផ្តើមការវាយលុកកាលពីជិតមួយខែមកនេះ នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២៣។
អ៊ីស្រាអែលបានប្រកាសសង្រ្គាម លើក្រុមហាម៉ាស់ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធអ៊ីស្លាមបានបើកការវាយប្រហារយ៉ាងឃោរឃៅកាលពីថ្ងៃទី 7 ខែតុលា ដោយកាលនោះក្រុមហាម៉ាសបានសម្លាប់មនុស្ស 1,400 នាក់នៅក្នុងប្រទេសអ៊ីស្រាអែល និងចាប់ជំរិតជាង 240 នាក់។ អ៊ីស្រាអែលបានសងសឹកវិញ ដោយបើកការវាយលុកតាមផ្លូវអាកាស និងដីលើតំបន់ហ្គាហ្សា ដោយប្រទេសមួយនេះបានប្តេជ្ញាថា ពួកគេនឹងលុបបំបាត់ក្រុមសកម្មប្រយុទ្ធទាំងអស់។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនបានវាយប្រហារគោលដៅរាប់រយនាក់ដែលជាក្រុមសកម្មប្រយុទ្ធរបស់ហាម៉ាស ដោយ (IDF) បានប្រកាសទៀតថា អ៊ីស្រាអែលបានគ្រប់គ្រងបរិវេណយោធានៅតំបន់ហ្គាហ្សាក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។
បើទោះជាយ៉ាងណាក៏ដោយនៅក្នុងតំបន់ខាងលើនេះឥឡូវនេះ អ៊ីស្រាអែលបានអនុញ្ញាតឲ្យមានសេវាកម្មទំនាក់ទំនងមួយចំនួនកំពុងត្រូវបានគេស្ដារឡើងវិញបន្តិចម្តងៗទៅកាន់ផ្នែកខ្លះនៃតំបន់ហ្គាហ្សា បន្ទាប់ពីវាត្រូវបានកាត់ផ្តាច់កាលពីចុងសប្តាហ៍មុន។ ចំនែកឯសមាគមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីននៅទីក្រុង Ramallah បាននិយាយថា ជាមធ្យម រថយន្តប្រហែល 30 គ្រឿងដែលដឹកជំនួយមនុស្សធម៌ កំពុងឆ្លងកាត់ព្រំដែនជារៀងរាល់ថ្ងៃ បើទោះជាយ៉ាងនេះក្តី នៅក្នុងសកម្មភាពទាំងនេះគឺមិនបានរាប់បញ្ចូលការផ្គត់ផ្គង់ប្រេងឥន្ធនៈឡើយ។
តែបើយោងតាមប្រភពអ្នកយកការណ៍របស់ CNN បានឲ្យដឹងថា យោធាអ៊ីស្រាអែល (IDF) បានបើកការវាយប្រហារទៅលើ គោលដៅរបស់ក្រុមហាម៉ាស់ ជាង 450 កន្លែង ហើយក៏បានដណ្តើមយកទឹកដីបន្ថែមនៅខាងក្នុងហ្គាហ្សានាថ្ងៃចុងក្រោយ រួមទាំងបរិវេណយោធាថែមទៀតផង។ អ្នកនាំពាក្យ IDF លោកវរសេនីយ៍ទោ Peter Lerner បាននិយាយថា កងកម្លាំងរបស់ខ្លួនឥឡូវនេះកំពុងតែធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Gaza ។ ទន្ទឹមគ្នានោះ ក៏មានអ្នកនាំពាក្យម្នាក់ទៀតគឺ ឧត្តមនាវីទោ Daniel Hagari បាននិយាយកាលពីថ្ងៃអាទិត្យថា ទាហានអ៊ីស្រាអែលបានបំបែកទឹកដីហ្គាហ្សាចេញជាពីរតំបន់ គឺហ្គាហ្សាខាងជើង និងខាងត្បូង។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអះអាង នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ABC សាជាថ្មីម្តងទៀតថា៖ អ៊ីស្រាអែលនឹងមិនអនុញ្ញាតឱ្យមានបទឈប់បាញ់ជាទូទៅជាដាច់ខាត លុះត្រាតែក្រុមហាម៉ាសយល់ព្រមដោះលែងចំណាប់ខ្មាំងទាំងអស់ជាមុនសិន។ ហើយប្រសិនបើមានកិច្ចព្រមព្រៀងកើតឡើងពិតមែននោះ លោកនឹងយល់ព្រមបើកចំហសម្រាប់ការផ្អាកក្នុងរយៈពេលខ្លី។
ចំពោះការធ្វើបច្ចុប្បន្ននាពេលចុងក្រោយបង្អស់ បើយោងតាមលោក Ashraf Al Qudra អ្នកនាំពាក្យក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា បាននិយាយថា ការកើនឡើងនៃចំនួនអ្នកស្លាប់នៅក្នុងប្រទេសប៉ាឡេស្ទីន បានឈានដល់ ១០,០២២ នាក់ ដោយក្នុងនោះរួមមានកុមារចំនួន ចំនួន ៤,១០៤នាក់ ស្ត្រី ២,៦៤១នាក់ និងមនុស្សចាស់ចំនួន ៦១១នាក់។ ចំពោះតួលេខទាំងនោះបានបង្ហាញទៀតថា វាជាចំនួនប្រហែលបីភាគបួននៃចំនួនអ្នកស្លាប់។ ដោយក្នុងនោះលោក Martin Griffiths ប្រធានផ្នែកជំនួយរបស់អង្គការសហប្រជាជាតិ បាននិយាយថា មនុស្សជាង 10,000 នាក់ ដែលត្រូវបានសម្លាប់ក្នុងរយៈពេលមួយខែ យើងសូមចាត់ទុកថា វាគឺជាឩក្រិដ្ឋកម្ម “ប្រឆាំងនឹងមនុស្សជាតិ” ។