អាជ្ញាធររបស់ប្រទេសអ៊ីស្លង់បាននិយាយកាលពីថ្ងៃសៅរ៍នេះថា ពួកគេកំពុងត្រៀមលក្ខណៈសម្រាប់ការជិតមកដល់នៃបន្ទុះភ្នំភ្លើង ដែលស្ថិតនៅភាគនិរតីនៃកោះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ គួរបញ្ជក់ថាបន្ទាប់ពីប្រទេសមួយនេះរងនូវការរញ្ជួយដីជាបន្តបន្ទាប់ ក្រុមអ្នកជំនាញក៏បាននិយាយថា ភស្តុតាងមួយចំនួនដែលត្រូវបានគេរកឃើញគឺបានបញ្ជាក់ថា បាតុភូតនេះវាបានកើតឡើងដោយសារតែ magma វាបានរីករាលដាលយ៉ាងឆាប់រហ័សនៅក្រោមដីនៃប្រទេសអ៊ីស្លង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៣។
ការិយាល័យឧតុនិយមអ៊ីស្លង់បាននិយាយថា ហានិភ័យខ្ពស់ដែលយើង “គួរឱ្យកត់សម្គាល់” នៃការផ្ទុះនៅលើឬគ្រាន់តែចេញពីឧបទ្វីប Reykjanes ដោយសារតែទំហំនៃការជ្រៀតចូលនៃ magma ក្រោមដី និងអត្រាដែលវាកំពុងផ្លាស់ទី។ ម្យ៉ាងវិញទៀតចំពោះ “ប្រូបាប៊ីលីតេនៃការផ្ទុះគឺវាអាចកើតឡើងគ្រប់ពេលវេលា ហើយការផ្ទុះនោះអាចចាប់ផ្តើមនៅពេលណាមួយក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ” ។
បច្ចុប្បន្នទីភ្នាក់ងារការពារជនស៊ីវិលរបស់អ៊ីស្លង់បានធ្វើការពេញមួយយប់ ដើម្បីជម្លៀសប្រជាជនរបស់ខ្លួនទាំងស្រុងពីទីក្រុង Grindavik វាគឺជាទីក្រុងនេសាទមួយ ដែលមានអ្នកស្រុកប្រហែល 3,000 នាក់។
ដោយខាងការិយាល័យឧតុនិយមបាននិយាយទៀតថា ការផ្ទុះអាចនឹងចាប់ផ្តើមពីបាតសមុទ្រនៅភាគនិរតីនៃទីក្រុង Grindavik ម្តង។
បើតាមការគូសបញ្ជាក់ពីក្រុមអ្នកជំនាញនៅការិយាល័យបាននិយាយថា នៅក្រោមដីគឺមាន magma ឬថ្មរលាយ ដែលលាតសន្ធឹងពីភាគឦសានឆ្លងកាត់ Grindavik ប្រហែល 10 គីឡូម៉ែត្រ។ ដោយពួកគេបានប៉ាន់ប្រមាណកាលពីល្ងាចថ្ងៃសៅរ៍ថា ក្នុងជម្រៅដែលតិចជាង 800 ម៉ែត្រ បើធៀបនឹង 1,500 ម៉ែត្រវាអាចផ្ទុះមុនគេមួយថ្ងៃ។ ព្រោះថាកាលពីថ្ងៃព្រហស្បតិ៍ ការកើនឡើងនៃសកម្មភាពរញ្ជួយដីបានជំរុញឱ្យអាជ្ញាធរបិទស្ប៉ាកម្ដៅដែលស្ថិតក្នុងភូមិសាស្ត្រ Blue Lagoon ដែលជាកន្លែងទាក់ទាញទេសចរណ៍សំខាន់មួយរបស់អ៊ីស្លង់។ ទន្ទឹមនឹងនោះ តំបន់Reykjanes វាបានក្លាយទៅជាកន្លែងដ៏ក្តៅគគុក ដោយសារតែវារងសម្ពាធពីការរញ្ជួយដីនៅភាគនិរតីនៃរដ្ឋធានី Reykjavik ផងដែរ ។
គួររំលឹកថា កាលពីក្នុងខែមីនា ឆ្នាំ 2021 ប្រភពទឹកកម្អែភ្នំភ្លើងបានផ្ទុះឡើងយ៉ាងរន្ធត់បន្ទាប់ពីការប្រេះស្រាំនៅក្នុងដីដែលមានប្រវែងប្រហែលពី 500 ទៅ 750 ម៉ែត្រនៅក្នុងប្រព័ន្ធភ្នំភ្លើង Fagradalsfjall ។
ហើយបន្ទុះនៃភ្នំភ្លើងនៅក្នុងតំបន់នេះ វាបានអូសបន្លាយអស់រយៈពេលប្រាំមួយខែក្នុងឆ្នាំនោះ ដែលជំរុញឱ្យជនជាតិអ៊ីស្លង់ និងអ្នកទេសចររាប់ពាន់នាក់មកទស្សនាកន្លែងកើតហេតុ។ ចំនែកឯនៅក្នុងខែសីហា ឆ្នាំ 2022 ការផ្ទុះរយៈពេល 3 សប្តាហ៍បែបនេះក៏បានកើតឡើងនៅក្នុងតំបន់ដដែល។
បើតាមការសិក្សាបានបង្ហាញថា ប្រព័ន្ធ Fagradalsfjall ដែលមានទទឹងប្រហែល 6 គីឡូម៉ែត្រ និងបណ្តោយ 19 គីឡូម៉ែត្រ នៅតែអសកម្មអស់រយៈពេលជាង 6,000 ឆ្នាំមុន មុនពេលការផ្ទុះនាពេលថ្មីៗនេះ។