ក្រុមមន្ត្រីអ៊ីស្រាអែលបាននិយាយថា ក្រុមសកម្មប្រយុទ្ធ Hezbollah របស់ប្រទេសលីបង់បានបាញ់កាំជ្រួចប្រឆាំងរថក្រោះ សំដៅទៅកាន់សហគមន៍ជនបទនៃទីក្រុង Dovev ដែលស្ថិតក្បែរតំបន់ព្រុំដែននៃប្រទេសទាំងពីរកាលពីថ្ងៃអាទិត្យ ក្នុងការវាយប្រហារនោះផងដែរ វាបានបណ្តាលឲ្យមានមនុស្ស៦នាក់បានរងរបួស និងមានម្នាក់បានរងរបួសធ្ងន់ នេះបើយោងតាមការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣។
បើយោងតាមការរាយការណ៍របស់ ក្រុម Hezbollah បាននិយាយថា ខ្លួនបានបាញ់បង្ហោះកាំជ្រួចដើម្បីដឹកនាំការប្រឆាំងនឹង “កងកម្លាំងដឹកជញ្ជូនដែលជាកម្មសិទ្ធិរបស់កងទ័ពអ៊ីស្រាអែល ដោយពួកគេទាំងនោះកំពុងតែរៀបចំដំឡើងបង្គោល និងឧបករណ៍លួចស្តាប់ដែលនៅជិតបន្ទាយ Dovev”។ ក្រុម Hezbollah ក៏បាននិយាយទៀតថា បច្ចុប្បន្នក្រុមរបស់ខ្លួនកំពុងតែឈូសឆាយរាល់កន្លែងដែលជារបស់យោធាអ៊ីស្រាអែល តែវាគ្រាន់តែជាសកម្មភាពប្រឆាំងដាច់ដោយឡែកមួយទៀតតែប៉ុណ្ណោះ។
បន្ទាប់ពីក្រុម Hezbollah បានបើកការវាយប្រហារតាមផ្លូវអាកាសភាគខាងខាងនៃប្រទេសអ៊ីស្រាអែល មានវិទ្យុកងទ័ពមួយបានរាយការណ៍ថា កាំជ្រួចប្រឆាំងរថក្រោះមួយទៀតត្រូវបានបាញ់ចេញពីប្រទេសលីបង់។ ហើយការវាយប្រហារនេះត្រូវបានគេរាយការណ៍បន្តទៀតថា វាគឺជាឧបទ្ទវហេតុដ៏ធ្ងន់ធ្ងរបំផុត ព្រោះតែវាមានជាប់ពាក់ព័ន្ធនឹងជនស៊ីវិល ដោយក្នុងនោះពួកគេបានសម្លាប់ស្ត្រីម្នាក់និងកុមារចំនួនបីនាក់។
គួររំលឹកថា កងទ័ពអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ Hezbollah បានប៉ះទង្គិចគ្នានៅតាមព្រំដែន ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាសបានចាប់ផ្តើមកាលពីប្រាំសប្តាហ៍មុនមកម៉្លេះ ម្យ៉ាងទៀតការប៉ះទង្គិចគ្នានេះក៏កាន់តែមានភាពតានតឹងឡើង នៅពេលដែលអ៊ីស្រាអែលបានធ្វើការវាយលុកនៅតំបន់ហ្គាហ្សាដើមបីប្រឆាំងនឹងក្រុមសកម្មយុទ្ធហាម៉ាស។
បើទោះបីជាអ៊ីស្រាអែលមានឆន្ទៈកំទេចក្រុមហាម៉ាសយ៉ាងណាក៏ដោយ តែកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញនេះ ក្រុមសកម្មប្រយុទ្ធ Hezbollah នៅតែប្តេជ្ញារថា ខ្លួននឹងបើកការបាញ់ប្រហារទៅកាន់ទឹកដីអ៊ីស្រាអែលដើម្បីជាការសងសឹកឲ្យជនជាតិប៉ាឡេស្ទីន។