សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារតាមផ្លូវអាកាសចំនួនពីរបន្ថែមទៀត នៅក្នុងប្រទេសស៊ីរី ដើម្បីប្រឆាំងនឹងកន្លែងមួយចំនួនដែលកំពុងតែប្រើប្រាស់ដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ និងក្រុមដែលជាប់ពាក់ព័ន្ធដទៃទៀត នេះបើយោងតាមការចុះផ្សាយរបស់ Aljazeera កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា “ការវាយប្រហារដោយភាពជាក់លាក់” គឺសំដៅលើតែកន្លែងហ្វឹកហាត់មួយដែលមានទីតាំងនៅជិតទីក្រុង Albu Kamal តែប៉ុណ្ណោះ ហើយវាក៏ជាសកម្មភាពមួយដើម្បីជាការឆ្លើយតបទៅនឹង ក្រុមដែលបន្តប្រឆាំងនឹងកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ផងដែរ។
លោក Austin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា “ប្រធានាធិបតីរបស់លោកមិនមានអាទិភាពខ្ពស់ជាងសុវត្ថិភាពរបស់បុគ្គលិកអាមេរិកនោះទេ ម្យ៉ាងទៀតសម្រាប់ការដឹកនាំសកម្មភាពរបស់លោកនៅថ្ងៃនេះ គឺដើម្បីបញ្ជាក់ឱ្យច្បាស់ថាសហរដ្ឋអាមេរិកនឹងចេញមុខការពាររាល់បុគ្គលិក និងផលប្រយោជន៍របស់ជាតិជានិច្ច” ។
បើយោងតាមប្រភពមួយដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកបានកំណត់គោលដៅយ៉ាងជាក់លាក់លើជំរុំដែលគ្រប់គ្រងដោយក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់ គឺវាមានទីតាំងស្ថិតនៅភាគខាងលិចនៃ Albu Kamal ក្នុងខេត្ត Deir al Zor ។ ហើយចំនែកឯការវាយប្រហារមួយផ្សេងទៀតនោះ គឺមានទីតាំងនៅជិតស្ពានមួយនៅក្បែរទីក្រុង Mayadeen ដែលនៅជិតព្រំដែនអ៊ីរ៉ាក់ ហើយវាក៏ជាបន្ទាយធំរបស់ក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់ថែមទៀតផង។
បើយោងតាមរយៈទីភ្នាក់ងារសារព័ត៌មាន Associated Press វិញក៏បាននិយាយថា កន្លែងមួយក្នុងចំនោមទីតាំងទាំងពីរខាងលើគឺមានការរួមបញ្ចូលទាំងកន្លែងផ្ទុកសព្វាវុធផងដែរ។
គួរបញ្ជាក់ថាសម្រាប់ការវាយប្រហាររបស់អាមេរិក វាគឺជាលើកទីបីហើយបើគិតត្រឹមរយៈពេល តែពីរសប្តាហ៍ ស្របពេលទីក្រុងវ៉ាស៊ីនតោនកំពុងតែព្យាយាមបញ្ចប់ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងរ៉ុក្កែតប្រឆាំងនឹងក្រុមបះបោរនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ខណៈដែលសង្រ្គាមរវាង អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានចាប់ផ្តើម។
បើយោងតាមមន្ទីរបញ្ចកោណបានឱ្យដឹងថា សហរដ្ឋអាមេរិកមានកងទ័ពសរុបប្រមាណ ៩០០ នាក់ ដែលនៅបំរើការក្នុងប្រទេសស៊ីរី និង ២.៥០០ នាក់ទៀតនៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយពួកគេទាំងនោះគឺកំពុងតែបំពេញបេសកកម្មផ្តល់យោបល់ និងជួយដល់កងកម្លាំងក្នុងតំបន់ ដើម្បីទប់ស្កាត់ការកើតឡើងវិញនៃក្រុម ISIL (ISIS ) ។ .
តែទន្ទឹមនឹងនោះប្រទេសមហាលអំណាចមួយនេះតែងតែព្រួយបារម្ភថា ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់វានឹងអាចរីករាលដាលពាសពេញមជ្ឈិមបូព៌ា ហើយសហរដ្ឋអាមេរិកក៏ត្រូវតែចែករំលែកការទទួលខុសត្រូវរបស់ខ្លួនជានិច្ចចំពោះការប្រកាសសង្រ្គាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមប្រដាប់អាវុធប៉ាឡេស្ទីន Hamas ដែលត្រូវបានគាំទ្រដោយអ៊ីរ៉ង់។