តាមរយៈមន្ទីរបញ្ចកោណមានមន្ត្រីការពារជាតិអាមេរិកម្នាក់បាននិយាយប្រាប់ VOA ថា ក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ បានបើកការវាយប្រហារទៅលើកងកម្លាំងអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី យ៉ាងហោចណាស់ចំនួន 4 ដងក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។ បើយោងតាមការរៀបរាប់ពីមន្ត្រីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះរូបនេះក៏បាននិយាយប្រាប់ទៀតថា ក្រុមសកម្មប្រយុទ្ធទាំងនោះបង្កើនការវាយប្រហាររហូតដល់ 52 លើកក្នុងរយៈពេលតិចជាងមួយខែ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ VOA កាលពីថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ២០២៣។
បើយោងតាមរយៈរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃចន្ទថា “ការវាយប្រហារទាំងនេះត្រូវតែបញ្ឈប់ ហើយប្រសិនបើពួកគេមិនបញ្ឈប់ទេ នោះយើងនឹងមិនស្ទាក់ស្ទើរក្នុងការអនុវត្តន៍សកម្មភាពណាមួយ ដើម្បីការពារកងទ័ពរបស់ពួកយើង” ។
គួរបញ្ជាក់ថារាល់ការវាយប្រហារទាំងបួនលើកចុងក្រោយនេះ វាបានកើតឡើងបន្ទាប់ពីកងកម្លាំងអាមេរិកបានធ្វើការវាយប្រហារប្រឆាំងនឹងទីតាំងចំនួនពីរ ដែលជាកន្លែងមានទំនាក់ទំនងរវាងអ៊ីរ៉ង់ ជាមួយនឹងប្រទេសស៊ីរីដូច្នេះហើយទើបក្រុមសកម្មប្រយុទ្ធទាំងនោះ បានធ្វើការឆ្លើយតបទៅលើបុគ្គលិកអាមេរិកវិញនៅល្ងាចថ្ងៃអាទិត្យ។
បើយើងគិតត្រឹមការវាយប្រហារជុំទីបីរបស់អាមេរិក ដើម្បីប្រឆាំងនឹងគោលដៅកងឆ្មាំបដិវត្តន៍អ៊ិស្លាមរបស់អ៊ីរ៉ង់ក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ ក្រុមអ្នកយកការណ៍របស់ VOA បានរាយការណ៍ថា សហរដ្ឋអាមេរិកបានប្រើប្រាស់យន្តហោះចម្បាំងរបស់ខ្លួនជាច្រើនគ្រឿង ដើម្បីកំណត់គោលដៅលើទីតាំងស្តុកអាវុធក្នុងប្រទេសស៊ីរីកាលពីសប្តាហ៍មុន ហើយក្នុងនោះយន្តហោះចម្បាំងអាមេរិកក៏បានវាយប្រហារទីតាំងចំនួនពីរបន្ថែមទៀតទាំងព្រឹកព្រលឹម នាថ្ងៃទី 27 ខែតុលា។ ហើយការបាញ់ប្រហានោះវាត្រូវបានមន្ត្រីសហរដ្ឋអាមេរិកពិពណ៌នាថា ខ្លួនកំណត់គោលដៅតែលើកងកម្លាំងប្រូកស៊ីអ៊ីរ៉ង់ និងយោធាអ៊ីរ៉ង់តែប៉ុណ្ណោះ។
បើទោះជាយ៉ាងណាក៏ដោយ ចំពោះការវាយប្រហារចុងក្រោយបំផុតដែលបានកើតឡើងមុននេះ វាគឺជាការឆ្លើយតបរបស់អ៊ីរ៉ុងក្នុងការប្រឆាំងនឹងកងកម្លាំងអាមេរិកវិញដូចគ្នា ព្រោះបើយោងតាមសាក្សីដែលនៅទីនោះផ្ទាល់ បាននិយាយថា កាលពីថ្ងៃចន្ទ យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងត្រូវបានគេបាញ់បង្ហោះនៅតំបន់ Rumalyn Landing Zone ក្នុងប្រទេសស៊ីរី។ ដោយក្នុងនោះមានយន្តហោះគ្មានមនុស្សបើកមួយគ្រឿង ត្រូវបានបាញ់ទម្លាក់ ខណៈដ្រុនផ្សេងទៀត បានប៉ះពាលដល់ជំរុំរបស់យោធា តែវាមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ។
ប៉ុន្តែបើយោងតាមរយៈលេខាធិការព័ត៌មានមន្ទីរប៉ង់តាហ្គោន លោកឧត្តមសេនីយ Pat Ryder បាននិយាយថា ភាគច្រើននៃការវាយប្រហារទាំងនេះគឺទទួលបរាជ័យក្នុងការឈានដល់គោលដៅរបស់ពួកគេ ព្រោះវាមិនបណ្តាលឱ្យមានអ្នកស្លាប់ ឬខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធនោះទេ។ តែអ្វីដែលជាការសោកស្តាយសម្រាប់អាមេរិកនោះគឺមានបុគ្គលិកយោធារបស់យើងប្រមាណ 56 នាក់បានរងរបួស ម្យ៉ាងវិញទៀតរបួសរបស់បុគ្គលិកយើង គឺរងការឈឺចាប់ ចាប់ពីខួរក្បាលរហូតដល់ស្នាមប្រេះឆ្អឹង និងដាច់ក្រដាសត្រចៀក។ ឥឡូវនេះផងដែរ រាល់បុគ្គលិកដែលរងរបួសទាំងអស់នោះពួកយើងបានបញ្ជូនទៅការព្យាបាលនៅក្នុងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Landstuhl ក្នុងប្រទេសអាឡឺម៉ង់។
បច្ចប្បន្នសហរដ្ឋអាមេរិកបានបង្កើនវត្តមានរបស់ខ្លួនក្នុងតំបន់ដើម្បីការពារកងកម្លាំងរបស់ខ្លួន និងដើម្បីរារាំងកងឆ្មាំបដិវត្តន៍អ៊ិស្លាមរបស់អ៊ីរ៉ង់ ព្រមទាំងទីភ្នាក់ងាររបស់ពួកគេដូចជា ក្រុម Houthi និងក្រុមHezbollah ជាដើម ព្រោះតែពួកគេទាំងនោះគឺកំពុងតែមានចេតនាក្នុងការពង្រីកជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ា គឺរវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាសអ៊ីស្លាម។