ប្រទេសរុស្ស៊ីកំពុងតែសម្លឹងមើលឱកាសសេដ្ឋកិច្ច និងនយោបាយថ្មី នៅក្នុងប្រទេសទាំងឡាយណាដែលមាននិន្នាការចង់ប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ។ ហើយកាលពីប៉ុន្មានថ្ងៃថ្មីៗនេះ នាវាចម្បាំងរបស់ប្រទេសរុស្ស៊ីមួយគ្រឿងកំពុងតែចតនៅក្នុងមហាសមុទ្រឥណ្ឌា ខណៈដែលទីក្រុងមូស្គូក៏កំពុងតែសម្លឹងមើលការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសបង់ក្លាដែស និងប្រទេសមីយ៉ាន់ម៉ា នេះបើយោងតាមការចុះផ្សាយរបស់ newsweek កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
បើយោងតាមអ្នកយកការណ៍បាននិយាយថា វាមិនមែនមានតែ នាវាចម្បាំងប្រឆាំងនាវាមុជទឹក Admiral Tributs ប៉ុណ្ណោះទេ តែការមកដល់នោះក៏មាន នាវាដឹកប្រេង Pechenga មួយទៀតផងដែរ។ ហើយនាវាទាំងនោះបានចូលចតនៅកំពង់ផែ Chittagong នៃប្រទេសបង់ក្លាដែស។ គួរបញ្ជាក់ថាការមកដល់នៃកប៉ាល់ខាងលើនេះ គឺកើតឡើងនូវប៉ុន្មានថ្ងៃបន្ទាប់ពីសមយុទ្ធកងទ័ពជើងទឹករុស្ស៊ី-មីយ៉ាន់ម៉ា ត្រូវបានបញ្ចប់នៅ Andaman ក្បែរនោះ។
បើយោងតាមរយៈក្រុមអ្នកយកការណ៍បានឲ្យដឹងថា បច្ចុប្បន្នរុស្ស៊ីកំពុងតែព្យាយាមបង្ហាញពីមហិច្ឆិតានាពេលអនាគតរបស់ខ្លួន នៅក្នុង តំបន់មហាសមុទ្រឥណ្ឌា គួរឲ្យកត់សម្គាល់ ព្រោះថាទំនាក់ទំនងជាយុទ្ធសាស្ត្រនៃដំណើរការផ្លូវពាណិជ្ជកម្មក្នុងការស្វែងរកប្រាក់ចំណេញនៅទីនោះ វាបានធ្វើឲ្យទីក្រុងមូស្គូទទួលបានប្រាក់ចំណូលច្រើនពីការលក់ប្រេង។
ទន្ទឹមនឹងការមកដល់របស់កងទ័ពជើងទឹករុស្ស៊ីនៅក្នុង Chittagong ឯកអគ្គរាជទូតរុស្ស៊ីដែលប្រចាំនៅទីក្រុង Dhaka បានសរសើរថា វាគឺ”ព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ទំនាក់ទំនងរុស្ស៊ី-បង់ក្លាដែស” ក្នុងការកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធ ដើម្បីឆ្លើយតបទៅនឹងសម្ភាធនៃពួកលោកខាងលិច ហើយជាពិសេសនោះគឺសហរដ្ឋមេរិក។
ជាការពិតណាស់បន្ទាប់ពីរុស្ស៊ី បានជាប់គាំងលើការលុកលុយទៅលើប្រទេសអុយក្រែនអស់រយៈពេលជាងមួយឆ្នាំកន្លងមកនេះ ខាងទីក្រុងមូស្គូបានព្យាយាមស្វែងរកទីផ្សាដាច់ដោយឡែកមួយទៀតដែលមិនមែនជាក្រុមសហភាពអឺរ៉ុប។ តួរយ៉ាងដូចជាការងាកមករកទីផ្សានៅក្នុងទ្វីបអាស៊ី ដើម្បីឲ្យខ្លួនអាចមានលទ្ធភាពបន្តសង្គ្រាមរបស់ខ្លួនបាន។
ទន្ទឹមនឹងការមកដល់នៃទេសរុស្ស៊ី វាក៏មានរបាយការណ៍មួយបានបង្ហាញថា ទីក្រុងមូស្គូកំពុងផ្តល់ហិរញ្ញប្បទាន 90 ភាគរយនៃគម្រោងដែលមានតម្លៃប្រមាណ $12.65 ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងគេបង្អស់របស់ខ្លួននៅក្នុងប្រទេសបង់ក្លាដែសថែមទៀតផង។ គួរបញ្ជាក់ថា ប្រទេសបង់ក្លាបានទទួលការដឹកជញ្ជូនប្រេងឥន្ធនៈ និងអ៊ុយរ៉ាញ៉ូម ពីប្រទេសរុស្ស៊ីចាប់តាំងពីដើមខែខែតុលាមកម្ល៉េះ។
ហើយការគាំទ្រវិមានក្រឹមឡាំងសម្រាប់រដ្ឋាភិបាលផ្តាច់ការ វាក៏បានជួយឲ្យប្រទេសទាំងអស់នោះមិនឯកោទេ ខណៈដែលពួកគេក៏អាចស្វែងជំនួយពីចិនបានដូចគ្នា។
បើទោះជារុស្សីអាចជ្រៀតចូលមកក្នុងតំបន់មហាសមុទ្រឥណ្ឌាបានក៏ដោយនោះ ប៉ុន្តែប្រទេសមួយនេះមិនអាចប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក ចិន បាននោះទេ។ ព្រោះថាប្រទេសរុស្ស៊ីមិនមានមូលដ្ឋានយោធាក្នុងតំបន់ណាមួយនៅឡើយ ហើយសូម្បីតែមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing ក៏បានសង្កត់ធ្ងន់ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងមូស្គូកាលពីឆ្នាំមុនថា មូលដ្ឋានទ័ពជើងទឹករុស្ស៊ីមិនមាននៅលើសន្លឹកបៀរបស់គាត់នោះទេ ហើយម្យ៉ាងវិញទៀតខាងទីក្រុងប៉េកាំងក៏មិនអនុញ្ញាតិឲ្យមានគូរប្រកួតប្រជែងថ្មី ក្រៅពីអាមេរិកនោះដែរ ។