ការបិទផ្លូវថ្នល់-ផ្លូវដែក-ផ្លូវទឹកទូទាំងប្រទេសបង់ក្លាដែស គឺបានកើតឡើង ដោយសារតែរដ្ឋាភិបាលនៃប្រទេសមួយនេះកំពុងតែរងនូវសម្ពាធពីគណបក្សជាតិនិយមបង់ក្លាដែស (BNP) និងសម្ព័ន្ធមិត្តរបស់ខ្លួន ហើយវាក៏បានរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ តាមរយៈថ្លៃដឹកជញ្ជូនចេះតែកើនឡើងយ៉ាងខ្លាំង ដោយសារតែរថយន្តដឹកទំនិញ និងរថយន្តទាំងនោះបានធ្វើដំណើរលើដងផ្លូវក្នុងអំឡុងពេលបិទ នេះបើយោងតាមការចុះផ្សាយរបស់ newsweek កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
“កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកដឹកជញ្ជូនត្រូវបង់ប្រាក់ 15,000 តាកា (136 ដុល្លារ) សម្រាប់ឡានដឹកបន្លែពីជនបទមកហាងនៅក្នុងទីក្រុងដាកា។ ឥឡូវនេះវាបានឡើងដល់ 22,000 takas ($200) នេះគឺជាអត្រាអតិផរណាដ៏ធ្ងន់ធ្ងរមួយនៅក្នុងប្រទេសដែលមិនធ្លាប់មានពីមុនមក។
ភាពចលាចលនយោបាយនៅក្នុងប្រទេសបង់ក្លាដេស វាបានធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានភាពរង្គោះរង្គើរ ជាពិសេសគឺប៉ះពាល់ដល់ពាណិជ្ជករតូចៗមុនគេ ខណៈដែលគណបក្សប្រឆាំងព្យាយាមជំរុញឱ្យនាយករដ្ឋមន្ត្រី Sheikh Hasina លាលែងពីមុខតំណែងមុនការបោះឆ្នោតសកលដែលគ្រោងធ្វើនៅខែមករា ឆ្នាំ២០២៤។
BNP និងសម្ព័ន្ធមិត្តរបស់ខ្លួនបាននឹងកំពុងទាមទារឱ្យមានការស្ដារឡើងវិញ នូវប្រព័ន្ធរដ្ឋាភិបាលដែលកំពុងតែកាន់អំណាច ដើម្បីឲ្យមានការត្រួតពិនិត្យលើការបោះឆ្នោតជាតិឲ្យបានត្រឹមត្រូវ ខណៈដែលពួកគេជឿថា គ្មានការបោះឆ្នោតដោយសេរី និងយុត្តិធម៌អាចកើតឡើងក្រោមរបបរបស់លោកស្រី Hasina ។
សូមរំលឹកបន្តិចថា គណបក្សរបស់នាយករដ្ឋមន្ត្រី Sheikh Hasina បានចូលកាន់អំណាចតាំងពីឆ្នាំ 2009 មកម្ល៉េះ ហើយការបោះឆ្នោតសកលចំនួនពីរលើកចុងក្រោយនៃឆ្នាំ 2014 និង 2018 តែងតែងរងនូវការចោទប្រកាន់ដោយ គណបក្សប្រឆាំងជានិច្ច ព្រោះពួកគេបានអះអាងថារដ្ឋាភិបាលចាំផ្ទះរូបនេះបានក្លែងបន្លំសន្លឹកឆ្នោត។
មានប្រភពជាច្រើនបាននិយាយប្រាប់ newsweek ថា លោកស្រី Sheikh Hasina គាត់គឺជាប្រមុខរដ្ឋាភិបាលស្ត្រីដែលបានកាន់អំណាចយូរជាងគេបំផុតរបស់ពិភពលោក តែលោកស្រីក៏ត្រូវបានគេចោទប្រកាន់ថា ក្នុងរយៈនៃការកាន់អំនាចរបស់គាត់ គឺមានតែការគាបសង្កត់យ៉ាងឃោរឃៅទៅលើក្រុមប្រឆាំង និងសំឡេងប្រឆាំងក្នុងអំឡុងពេលជិត 15 ឆ្នាំចុងក្រោយនេះ។
បើទោះជាមានកិច្ចខិតខំប្រឹងប្រែងពីសំណាក់ BNP ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះយ៉ាងណាក៏ដោយ តែការស្ថាបនារបស់រដ្ឋាភិបាលចាំផ្ទះរូបនេះវាហាក់ដូចជាមិនមានភាពល្អប្រសើរណាមួយទាល់តែសោះ។
ឥឡូវនេះផងដែរ គណបក្សប្រឆាំង និងសម្ព័ន្ធមិត្តបានប្តេជ្ញាបង្កើនព្រឹត្តិការណ៍រំខាននៅមុនការបោះឆ្នោតជាតិ ហើយបានប្រកាសបិទផ្លូវទូទាំងប្រទេសចាប់តាំងពីដើមខែវិច្ឆិកានេះតទៅ។ ប៉ុន្តែការអនុវត្តន៍សកម្មភាពបែបនេះ វាកាន់តែធ្វើឲ្យមានការជាប់គាំងនយោបាយយ៉ាងកាន់ខ្លាំងទៅវិញទេ ហើយនៅទីបំផុតនោះអ្នកដែលរងទុក្ខជាងគេនោះគឺជាប្រជាជនបង់ក្លាដេស។
អ្នកជំនាញបាននិយាយថា ការប្រឈមមុខដាក់គ្នាខាងផ្នែកនយោបាយកាន់តែកើនឡើង វាបានធ្វើឲ្យប្រជាជនក្នុងអាស៊ីខាងត្បូងមានការព្រួយថា សេដ្ឋកិច្ចដែលត្រូវបានញាំញីដោយសារការរាតត្បាតជាជាសកលនៃជំងឺរាតត្បាត COVID-19 និងសង្គ្រាមនៅអ៊ុយក្រែន មិនទាន់បានដោះស្រាយផង តែយើងក៏ត្រូវប្រឈមនឹងវបត្តិថ្មីៗជាបន្តបន្ទាប់មកទៀត។ ហើយចំណែកឯការបង្រួញទុនបម្រុងរូបិយប័ណ្ណបរទេស និងសម្ពាធអតិផរណាខ្លាំងពេកនោះ វាបានជំរុញឱ្យរដ្ឋបាលចាំផ្ទះ Sheikh Hasina បានស្វែងរកប្រាក់កម្ចីបន្ថែមទៀត ដែលមានតម្លៃប្រហែល $4.7bn ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីដើមឆ្នាំនេះ។
ក្នុងអំឡុងត្រីមាសខែកក្កដាដល់ខែកញ្ញា ឱនភាពតុល្យភាពនៃការទូទាត់របស់ប្រទេសបង់ក្លាដែស ដែលការនាំចូលទំនិញ ដើមទុន និងសេវាកម្មរបស់ខ្លួនខ្ពស់ជាងការនាំចេញរបស់ខ្លួនទៅទៀត ឱនភាពខាងផ្នែកពាណិជ្ជកម្មនេះគឺមានតម្លៃស្មើរនឹង 2.8 ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងពេលជាមួយគ្នានេះដែរ ចំពោះឱនភាពគណនីចរន្តរបស់ខ្លួន ដែលកើតឡើងនៅពេលដែលប្រទេសមួយនេះផ្ញើប្រាក់ទៅក្រៅប្រទេសច្រើនជាងខ្លួនទទួលបានមកវិញនោះ បានកើនឡើងដល់ 3.93 ពាន់លានដុល្លារ នេះបើយោងតាមទិន្នន័យរបស់ធនាគារកណ្តាលនៃប្រទេសមួយនេះ។ ប្រភពមួយនេះបានឲ្យដឹងទៀតថា ទុនបម្រុងរូបិយប័ណ្ណបរទេសរបស់បង់ក្លាដេសបានធ្លាក់ចុះដល់កម្រិតទាបថ្មីមួយទៀតគឺមានតម្លៃស្មើរនឹង 20.66 ពាន់លានដុល្លារ។ បើយើងនិយាយពីកាលពីខែមុនវិញ ប្រាក់ចំណូលតាមរយៈការនាំចេញ ដែលជាចំណែករបស់សត្វតោ និងបានមកពីឧស្សាហកម្មកាត់ដេរ(RMG) វាបានធ្លាក់ចុះ 13.64 ភាគរយ មកនៅត្រឹម 3.76 ពាន់លានដុល្លារតែប៉ុណ្ណោះ វាជារបាយការណ៍មួយដែលបង្ហាញថា បង់ក្លាដេសបានធ្លាក់ចំណូល ឬទទួលបានទាបបំផុតក្នុងរយៈពេល 26 ខែចុងក្រោយនេះ។
យ៉ាងណាមិញសម្រាប់ការបិទផ្លូវឥឡូវនេះផងដែរ វាបានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសបង់ក្លាបានបាត់បង់ប្រមាណ 65 ពាន់លានតាកា (588 លានដុល្លារ) ក្នុងមួយថ្ងៃ នេះបើយោងតាមសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មបង់ក្លាដែស (FBCCI) ដែលជាស្ថាប័នពាណិជ្ជកម្មកំពូលរបស់ប្រទេស។
បើយោងតាមរយៈ លោក Zahid Hussain អតីតប្រធានសេដ្ឋវិទូនៃការិយាល័យ Dhaka របស់ធនាគារពិភពលោកបាននិយាយថា គោលនយោបាយរបស់រដ្ឋាភិបាលក្នុងការរក្សាតម្លៃនៃរូបិយប័ណ្ណតាកា របស់ប្រទេសឲ្យថេរ តែក៏បានធ្វើឱ្យអតិផរណាកាន់តែធ្ងន់ធ្ងរផងដែរ។ លោក បាននិយាយទៀតថា ភាពជាប់គាំងខាងផ្នែកនយោបាយកាន់តែជ្រៅ វិបត្តិសេដ្ឋកិច្ចបានវិវត្តន៍ទៅសភាពធ្ងន់ធ្ងរដូចគ្នា។
ព្រោះទន្ទឹមនឹងការនាំចូលទំនិញដែលមានតម្លៃ 90 ពាន់លានដុល្លារ តែបើធៀបនឹងការនាំចេញរបស់ខ្លួនមានចំនួនត្រឹមតែ 55 ពាន់លានដុល្លារ តើបង់ក្លាដេសអាចទប់ទល់នឹងស្ថានភាពមួយនេះបានដល់ពេលណា?
មូលដ្ឋាននាំចេញតូចចង្អៀតរបស់ប្រទេសបង់ក្លាដែស ដែលពឹងផ្អែកទាំងស្រុងលើផលិតផលកាត់ដេរ វាបានធ្វើឲ្យប្រទេសកាន់តែងាយរងគ្រោះ ដោយសារការប៉ះទង្គិចពីខាងក្រៅកាន់តែងាយស្រួល ហើយថែមទាំងរយៈពេលវេងទៀតផង។