សហរដ្ឋអាមេរិកបានអនុម័តសំណើរបស់ជប៉ុនក្នុងការទិញមីស៊ីល Tomahawk ចំនួន 400 គ្រាប់ កាលពីថ្ងៃសុក្រសប្តាហ៍នេះ។ គួររបញ្ជាក់ថា សេចក្តីសម្រេចមួយនេះ វាគឺជាផ្នែកមួយនៃការស្នើរសុំរបស់ទីក្រុងតូក្យូ ដើម្បីបង្កើនការការពាររបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ AFP កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
បើយោងតាមរយៈក្រសួងការបរទេសរបស់សហរដ្ឋអាមរិកបាននិយាយថា ខ្លួនកំពុងយល់ព្រមលើការលក់ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ $2.35 ពាន់លានដុល្លារ ដោយក្នុងនោះមានរួមបញ្ចូលទាំងមីស៊ីល Tomahawk ចំនួនពីរប្រភេទ ដែលវាមានរយៈចម្ងាយប្រហែល 1,600 គីឡូម៉ែត្រ (995-mile) ។
ក្រសួងការបរទេសខាងលើបាននិយាយទៀតថា ការលក់នេះ គឺមានគោលបំណង “ធ្វើឱ្យមានភាពកាន់តែប្រសើរឡើងនូវផ្នែកសន្តិសុខនៃសម្ព័ន្ធមិត្តដ៏សំខាន់របស់យើង ម្យ៉ាងទៀតវាក៏ជាកម្លាំងស្នូលសម្រាប់ស្ថិរភាពនយោបាយ និងដើម្បីបង្ហាញពីវឌ្ឍនភាពសេដ្ឋកិច្ចនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកថែមទៀតផង”។
តែបើយោងតាមការរៀបរាប់ពីមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក ដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលក់នេះនឹងធ្វើអោយទំនាក់ទងទ្វេរភាគីកាន់តែប្រសើរឡើងដូចគ្នា ទន្ទឹមនឹងការពង្រឹងនូវសមត្ថភាពរបស់ប្រទេសជប៉ុនក្នុងការទប់ទល់នឹងការគម្រាមកំហែងនាពេលបច្ចុប្បន្ន និងអនាគត ដោយជាការផ្តល់នូវកាំជ្រួចរយៈចម្ងាយឆ្ងាយសាមញ្ញធម្មតា។ ប៉ុន្តែបើនិយាយពីរយៈចម្ងាយរបស់វាវិញ គឺវាមានសមត្ថភាពទប់ទល់ដ៏សំខាន់ ដែលអាចបន្សាបការគំរាមកំហែងមួយចំនួនដែលកំពុងកើនឡើងបានយ៉ាងល្អ។
ចំពោះការរាយកាណ៍ពីមន្ត្រីរបស់ AFP បានសិក្សាស្វែងយល់ និងបង្ហាញឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី Fumio Kishida បានប្រាប់គណៈកម្មាធិការសភាកាលពីខែកុម្ភៈថា រដ្ឋបាលរបស់លោកកំពុងស្វែងរកកាំជ្រួច Tomahawk ចំនួន 400 ដើម ដែលជាផ្នែកមួយនៃការជំរុញផ្នែកការពារជាតិដ៏សំខាន់។ ដោយលោកបានគូសបញ្ជាក់ថា ប្រទេសជប៉ុនតែងតែមានការព្រួយបារម្ភជុំវិញការកើនឡើងនៃកម្លាំងយោធារបស់ចិន រួមទាំងសមយុទ្ធនានាពួកគេ ដែលតែងតែធ្វើជាប្រចាំនៅក្បែរកោះតៃវ៉ាន់ ក៏ដូចជាការសាកល្បងកាំជ្រួចមីស៊ីលឥតឈប់ឈររបស់កូរ៉េខាងជើងជាដើម។
យ៉ាងណាមិញសម្រាប់កិច្ចព្រមព្រៀងកាំជ្រួចខាងលើនេះ នឹងមានបន្តទៅមុខទៀត បើទោះជាជប៉ុនធ្លាប់បានជួបពិភាក្សាជាមួយនឹងភាគីចិនក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងក៏ដោយ។
គួររំលឹកថា ប្រធានាធិបតីចិនលោក Xi Jinping គឺបានជួបដាច់ដោយឡែកកាលពីពេលថ្មីៗនេះនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនៅទីក្រុង San Francisco ជាមួយលោក Kishida និងប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ក៏ពិតមែន។