កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រទេសអ៊ីស្រាអែល សហរដ្ឋអាមេរិក និងក្រុមហាម៉ាសបានឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ ដើម្បីដោះលែងស្ត្រី និងកុមាររាប់សិបនាក់ ដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងនៅហ្គាហ្សា មកធ្វើជាថ្នូរនឹងការផ្អាកប្រយុទ្ធគ្នាក្នុងរយៈពេលប្រាំថ្ងៃ នេះបើយោងតាមកាចុះផ្សាយរបស់ទីភ្នាក់ងារកាសែត Washington ដោយធ្វើការដកស្រង់សម្តីពីអ្នកដែលស្គាល់ពីកិច្ចព្រមព្រៀងមួយនេះ។
បើទោះជាយ៉ាងណាក៏ដោយ ទាំងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងមន្ត្រីសហរដ្ឋអាមេរិក បែរជានិយាយថា រហូតមកទល់នឹងពេលនេះ គឺនៅមិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចនៅឡើយទេ។
យ៉ាងណាមិញសម្រាប់កាសែតខាងលើនេះបាននិយាយ កាលពីថ្ងៃសៅរ៍ថា ការដោះលែងចំណាប់ខ្មាំងអាចនឹងចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ នេះបើយោងតាមមនុស្សម្នាក់ដែលស្គាល់ពីកិច្ចព្រមព្រៀងលម្អិតដែលមានការកត់ត្រាចំនួនប្រាំមួយទំព័រ។ សាក្សីរូបនោះបានដឹងទៀតថា របាយការណ៍ដែលស្តីពីកិច្ចព្រមព្រាងនេះបានកើតឡើងនៅពេលដែលអ៊ីស្រាអែលកាន់តែពង្រីកការវាយលុករបស់ខ្លួនក្នុងការប្រឆាំងនឹង ក្រុមសកម្មប្រយុទ្ធ ហាម៉ាស ដោយឆ្ពោះទៅកាន់ភាគខាងត្បូងតំបន់ហ្គាហ្សា គឺបន្ទាប់ពីការវាយប្រហារតាមអាកាស។
ប្រភពដដែលបានរាយការណ៍បន្តទៀតថា នៅក្នុងកិច្ចព្រមព្រៀង ភាគីទាំងអស់នឹងបង្កកប្រតិបត្តិការប្រយុទ្ធយ៉ាងហោចណាស់ចំនួនប្រាំថ្ងៃ ខណៈដែលចំណាប់ខ្មាំង 50 នាក់ឬច្រើនជាងនេះត្រូវដោះលែង ជាក្រុមគឺរៀងរាល់ 24 ម៉ោងម្តង។
គួររំលឹកថាក្រុមហាម៉ាស់បានចាប់ចំណាប់ខ្មាំងប្រហែល 240 នាក់ក្នុងអំឡុងពេលនៃការវាយលុករបស់ខ្លួនកាលពីថ្ងៃទី 7 ខែតុលា នៅក្នុងប្រទេសអ៊ីស្រាអែលដែលបានសម្លាប់មនុស្ស 1,200 ។
ម្យ៉ាងទៀតសាក្សីក៏បាននិយាយពីគោលបំណងនៃការផ្អាកនេះថែមទៀតផង ដោយក្នុងនោះសហរដ្ឋអាមេរិកកំពុងតែមានបំណងអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌យ៉ាងច្រើនបំផុតតាមដែរអាចធ្វើទៅបាន ដោយរួមបញ្ចូលទាំងគម្រោងនៃកិច្ចព្រមព្រៀងឈប់បាញ់ ដើម្បីមកធ្វើជាប្រធានបទក្នុងអំឡុងពេលកិច្ចពិភាក្សាជាច្រើនសប្តាហ៍ក្នុងប្រទេសកាតា។
ប៉ុន្តែចំពោះ លោក Netanyahu បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីល្ងាចថ្ងៃសៅរ៍ថា រាល់បញ្ហាដែល”ទាក់ទងនឹងចំណាប់ខ្មាំង គឺមានពាក្យចចាមអារ៉ាមមិនច្បាស់លាស់ជាច្រើន បានរាយការណ៍ពីរឿងដែលមិនត្រឹមត្រូវ។ ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថា មកទល់ពេលនេះ យើងនៅតែមិនទាន់មានកិច្ចព្រមព្រៀងណាមួយដែលស្តីពីបទឈប់បាញ់នៅឡើយទេ។ ប៉ុន្តែខ្ញុំសូមសន្យាថា នៅពេលណាដែលមានកិច្ចព្រមព្រៀងបែបនេះកើតឡើងមែននោះ ពួកយើងនឹងរាយការណ៍ទៅអ្នកអំពីវាជាមិនខាន” ។
ហើយចំណែកឯ អ្នកនាំពាក្យ សេតវិមាន ក៏បាននិយាយផងដែរថា អ៊ីស្រាអែល និងក្រុមហាម៉ាសមិនទាន់ឈានដល់កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់បណ្តោះអាសន្ននោះទេ ដោយអ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា អាមេរិកកំពុងបន្តធ្វើការដើម្បីទទួលបានកិច្ចព្រមព្រៀងមួយនេះ។ ប៉ុន្តែបច្ចុប្បន្ន អ្វីៗគ្រប់យ៉ាងមិនទាន់ឈានដល់សេចក្តីសម្រេចលើកិច្ចព្រមព្រៀងណាមួយនោះដែរ។