ខាងសេតវិមានបាននិយាយថា កញ្ញា Rose ដែលជាសមាជិកក្រុមចម្រៀងស្រី K-pop BLACKPINK បានចូលរួមក្នុងព្រឹត្តិការណ៍មួយនៃកិច្ចប្រជុំកំពូលក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ក្នុងរដ្ឋកាលីហ្វ័រញ៉ា ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនសុខភាពផ្លូវចិត្ត នេះបើយោងតាមការចុះផ្សាយរបស់កាសែត koreantimes កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងនាមជាភ្ញៀវកិត្តិយសរបស់លោកជំទាវទីមួយនៃសាធារណរដ្ឋកូរ៉េខាងត្បូង កញ្ញា Kim Keon Hee Rose ត្រូវបានគេផ្តល់កិត្តិយសឲ្យចូលរួមក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកដោយធ្វើឡើងនៅក្នុងទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ា។
គួរបញ្ជាក់ថា នេះជាព្រឹត្តិការណ៍លើកទី១ហើយ ដែលត្រូវបានរៀបចំឡើងភរិយារបស់ប្រធាននាធិបតីរបស់សហរដ្ឋអាមេរិក គឺលោកស្រីJill Biden។
លោកស្រី Jill Biden បាននិយាយថា Rose គឺជា “តារាស្រីម្នាក់ ដែលតែងតែប្រើប្រាស់រាល់វេទិការបស់នាង ក្នុងការជំរុញឲ្យមនុស្សប្រើប្រាស់កម្លាំងល្អ សេចក្តីល្អ ដែលជាគម្រូដ៏ល្អនៅក្នុងពិភពលោក” ។
លោកស្រី Jill Biden បាននិយាយទៀតថា៖ « Rose នាងក៏ក្មេងស្រីម្នាក់ ដែលស្រលាញ់និងចូលចិត្តក្នុងការតស៊ូមតិ ជាពិសេសរាល់បញ្ហាដែលពាក់ព័ន្ធនិងសុខភាពផ្លូវចិត្ត ម្យ៉ាងវិញទៀតនាងក៏តែងតែចែករំលែកនូវរឿងពិតនៃជីវិតរបស់នាងដោយក្លាហាន ព្រោះនាងមានក្តីសង្ឃឹមថា វាពិតជាអាចជួយអ្នកដទៃ»។
លោកស្រីបាននិយាយបន្ថែមថា “ខ្ញុំសូមអរគុណដែលនាងបានទទួលយកការអញ្ជើញរបស់ខ្ញុំក្នុងការចូលរួមជាមួយពួកយើងនៅថ្ងៃនេះ ហើយយើងពិតអរគុណចំពោះលោកស្រី Kim(ភរិយាប្រធានាធិបតីកូរ៉េខាងត្បូង) ដែលជាស្ត្រីទីមួយនៃប្រទេសកូរ៉េ ហើយក៏ជានារីតែម្នាក់ដែលបានគាំទ្រការខិតខំប្រឹងប្រែងរបស់ខ្ញុំ។
បើយោងរយៈតាមសារព័ត៌មាន Associated Press (AP)បាននិយាយថា តារាចម្រៀង K-Pop Rose បាននិយាយនៅក្នុងវេទិកានោះថា ការមានប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗ វាបានធ្វើឱ្យនាងមានអារម្មណ៍កាន់តែងាយរងគ្រោះ ជាពិសេសនៅពេលដែលមានមនុស្សរិះគន់កាន់តែច្រើន។
Rose ត្រូវបានខាងអ្នកយកព័ត៌មាន AP ដកស្រង់សម្តីទៀតថា “ដូចដែលយើងចិញ្ចឹមខ្លួនយើងសម្រាប់សុខភាព និងកាយសម្បទារបស់យើងឲ្យល្អស្មើរៗគ្នា ប៉ុន្តែសម្រាប់សុខភាពផ្លូវចិត្តវិញ យើងមិនអាចធ្វើចិត្តរាល់រឿងដែលយើងជួបប្រទះនីមួយឲ្យស្មើៗគ្នាបាននោះទេ ប្រសិនបើមិនមានចេតនាច្រើនជាងឬក៏អាចតិចជាងតែប៉ុណ្ណោះ -ទាំងនេះគឺសុទ្ធសឹងតែទាក់ទងទៅនឹងសុខុមាលភាពរាងកាយ និងចិត្តរបស់យើង”។
យ៉ាងណាមិញនៅក្នុងព្រឹត្តិការណ៍នេះ លោក Biden បានចង្អុលបង្ហាញពីតម្រូវការដើម្បីពិភាក្សាបញ្ហាផ្លូវចិត្តដោយបើកចំហរដើម្បីព្យាបាល តែលោកស្រីសូមសង្កត់ធ្ងន់លើ “អំណាចនៃភាពស្មោះត្រង់” តែប៉ុណ្ណោះ។
លោកស្រី Biden បានបន្ថែមជាចុងក្រោយថា ជាទូទៅរាល់បញ្ហាសុខភាពផ្លូវចិត្ត វាតែកើតឡើងដោយសារ”បញ្ហារបស់ទាំងពួកគេដែលជួបប្រទះ វាត្រូវបានលាក់បាំង ក្រោមកម្រាលព្រុំ ដោយមិនមានការអើពើ។ ប៉ុន្តែនៅពេលដែលយើងនាំពួកគេចូលទៅក្នុងពន្លឺ គឺនៅពេលដែលយើងបាននិយាយជាមួយនឹងពួកគេដោយបើកចំហ យើងក៏អាចចាប់ផ្តើមព្យាបាល” ។
បើទោះជាកិច្ចប្រជុំកំពូល APEC ត្រូវបានគេរៀបចំឡើងដើម្បីប្រមូលផ្តុំដោយមេដឹកនាំនៃសេដ្ឋកិច្ចដែលជាសមាជិកចំនួន 21 ដែលរួមទាំងប្រធានាធិបតីកូរ៉េ Yoon Suk Yeol តែលោកជំទាវនៃប្រទេសកូរ៉េ រូបនេះក៏បានឆ្លៀតបន្ថែមនៅកិច្ចការសង្គមមួយចំនួនទៀតដើម្បីជាស្មារតីគាំទ្រ ដល់វេទិការដែលនឹងប្រារព្ធឡើងក្នុងទីក្រុង Cupertino ដោយជោគជ័យ។