លោក Kim Tae-hyung ដែលមហាលជនស្គាល់ថា V របស់ BTS និង Jennie សមាជិករបស់ក្រុមនារី BLACKPINK ដែលធ្លាប់បានលឺពាក្យចចាមអារ៉ាមកន្លងមកថា ទំនាក់ទំនងស្នេហារវាងពួកគេទាំងពីរនាពេលថ្មីៗនេះគឺត្រូវបានបញ្ចប់ នេះបើតាមប្រភពឧស្សាហកម្មតន្ត្រីបាននិយាយកាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២៣។
មានសារព័ត៌មានក្នុងស្រុកជាច្រើនធ្លាប់បានចុះផ្សាយថា តារាចម្រៀង K-Pop ទាំងពីរនាក់ខាងលើនេះ ត្រូវបានជាប់គាំងនៅក្នុងពាក្យចចាមអារ៉ាមថាពួកគេកំពុងមានទំនាក់ទំនងស្នេហាបន្ទាប់ពីការបង្ហោះតាមបណ្តាញសង្គមអ៊ីនធឺណិត ដោយកាលនោះមានរូបភាពជាច្រើនត្រូវបានគេបង្ហោះ គឺមានមនុស្សជាច្រើនបានអះអាងថា ពួកគេបានចំណាយពេលជាមួយគ្នានៅលើកោះ Jeju ភាគខាងត្បូងប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំមុនថែមទៀតផង។
គួរបញ្ជាក់ថា កាលពីខែឧសភា ក៏ធ្លាប់មានវីដេអូមួយបានបង្ហោះតាមអ៊ីនធឺណិតទៀតថា រាល់សកម្មភាពនិងរូបភាពទាំងនោះ គឺបានបញ្ជាក់ថាតារាចម្រៀង V និង Jennie ហាក់កំពុងណាត់ជួបគ្នានៅទីក្រុងប៉ារីស។
បើយោងតាមរយៈទីភ្នាក់ងាររៀងៗខ្លួនដូចជា BigHit Music និង YG Entertainment មិនបានបង្ហាញជំហរណាមួយលើបញ្ហានេះទេ។
យ៉ាងណាមិញ លោក V វ័យ 27 ឆ្នាំ ដែលជាតារាចម្រៀងស្ថិតក្នុងលំដាប់កំពូលនៃពិភពលោក ក្រុម BTS ត្រូវបានគេរាយការណ៍ថានឹងចូលរួមជាមួយកងទ័ពក្នុងនាមជាទាហានដែលមានកាតព្វកិច្ចសកម្មរួមជាមួយអ្នកដឹកនាំក្រុម RM នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។
ជាមួយគ្នានេះដែរ YG Entertainment បាននិយាយនៅមុននេះបន្តិចថា Jennie និងសមាជិក BLACKPINK បីនាក់ផ្សេងទៀតបានបន្តកិច្ចសន្យារបស់ពួកគេសម្រាប់សកម្មភាពក្រុមជាមួយក្រុមហ៊ុនផងដែរ។