យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកទាំង ៥ គ្រឿងដែលរុស្ស៊ីបានប្រើក្នុងការប៉ុនប៉ងវាយប្រហារពេញមួយយប់ នេះបើយោងតាមការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៣។
កងទ័ពអាកាសអ៊ុយក្រែនបាននិយាយបន្ថែមទៀតថា ក្នុងយប់ដដែលវាក៏មានយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងផ្សេងទៀត ត្រូវបានពួកយើងបាញ់ទម្លាក់នៅក្នុងតំបន់បួនផ្សេងគ្នានៃប្រទេស រួមមានតំបន់ Mykolaiv, Dnipropetrovsk, Vinnytsia និងតំបន់ Khmelnytskyi តែក្នុងហេតុការណ៍នោះ គឺមិនមានការស្លាប់ ឬខូចខាតនៅលើដីពីការធ្លាក់បាក់បែកនោះទេ។
គួរឲ្យកត់សម្គាល់ថា នៅក្នុងយប់ថ្ងៃអាទិត្យ មុនការវាយប្រហាររបស់រុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូរបស់គាត់ទៅកាន់ជនរួមជាតិថា អ៊ុយក្រែន និងគណៈកម្មការអឺរ៉ុបនឹងធ្វើការវាយតម្លៃអំពីវឌ្ឍនភាពរបស់ពួកយើងក្នុងពេលឆាប់ៗនេះ គឺបន្ទាប់ពីទីក្រុង Kyiv បានកែលម្អនៅកង្វះខាតរបស់ខ្លួន គឺធ្វើយ៉ាងណាដើម្បីឲ្យទៅតាមច្បាប់របស់ខ្លួនជាមួយនឹងសហភាពអឺរ៉ុប គឺសម្រាប់ការបង្កើតក្របខ័ណ្ឌមួយនៃកិច្ចចរចា ក្នុងការចូលជាសមាជិកសហភាពអឺរ៉ុបដែលយើងរំពឹងទុកនៅឆ្នាំក្រោយ។
យើងខ្ញុំសូមរំលឹកថា គណៈកម្មការអឺរ៉ុបបានរាយការណ៍កាលពីខែមុនថា អ៊ុយក្រែនបានបំពេញអនុសាសន៍ចំនួន 4 ក្នុងចំណោមអនុសាសន៍ចំនួន 7 សម្រាប់ការចរចាចូលជាសមាជិករបស់សហភាពអឺរ៉ុប រួមទាំងការជួលមន្ត្រីប្រឆាំងអំពើពុករលួយ ការរៀបចំប្រព័ន្ធតុលាការសម្រាប់ការផ្លាស់ប្តូរដ៏ធំមួយ និងការកែតម្រូវប្រព័ន្ធច្បាប់ និងប្រព័ន្ធផ្សព្វផ្សាយ ឲ្យស្របទៅតាមស្តង់ដាររបស់សហភាពអឺរ៉ុប។
យ៉ាងណាមិញ ចំពោះគណៈកម្មាការ EU បាននិយាយថា ខ្លួននឹងវាយតម្លៃរាល់ភាពរីកចម្រើនរបស់អ៊ុយក្រែនម្តងទៀតនៅក្នុងខែមីនា ហើយវាក៏ជាផ្នែកមួយនៃផ្លូវដ៏វែងឆ្ងាយ ព្រមទាំងមានភាពស្មុគស្មាញជាច្រើន មុននឹងឈានទៅដល់ ការជ្រើសរើសឲ្យក្លាយជាសមាជិកភាពរបស់ EU នេះបើយោងតាមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅអ៊ុយក្រែន លោកស្រី Katarina Mathernova ។
គួររំលឹកសារជាថ្មីថា កាលពីសប្តាហ៍មុន មេដឹកនាំសហភាពអឺរ៉ុបបានយល់ព្រមបើកកិច្ចចរចាសមាជិកភាពជាមួយអ៊ុយក្រែននៅក្នុងការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលមួយកន្លងមក ខណៈដែលប្រទេសសមាជិកទាំង 27 របស់ប្លុកនេះ បានរៀបចំកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ។ តែក្នុងនោះគឺមាននាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានបដិសេធមិនបោះឆ្នោតឲ្យអ៊ុយក្រែននោះទេ ដោយលោកបាននិយាយថា គាត់មិនចង់ចូលរួមក្នុងអ្វីដែលគាត់ហៅថា “ការសម្រេចចិត្តមិនត្រឹមត្រូវ” នោះទេ ដោយលោកបាននិយាយទៀតថា អ៊ុយក្រែនមិនបានបំពេញលក្ខខណ្ឌទាំងបីនៅឡើយ។
លោក Viktor Orban បាននិយាយទៀតថា លោកនឹងរារាំងការឆ្ពោះទៅមុខជាមួយនឹងការចរចា។
បើទោះជាយ៉ាងណាក៏ដោយ ចំពោះសមាជិក 26 នាក់ផ្សេងទៀតគឺបានបោះឆ្នោតគាំទ្រការចរចាចូលជាសមាជិកបន្ទាប់ពីលោកលោក Viktor Orban មិនយល់ព្រម។ មានមនុស្សជាច្រើនបានដឹងថា រុស្ស៊ីតែងតែសរសើរហុងគ្រី ដោយយើងអាចនិយាយបានថា ពួកគេទាំងពីរគឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុត ដូច្នេះហើយដើម្បីបំពេញបំណងរបស់ក្រុងមូស្គូ ហុងគ្រីត្រូវតែជំទាស់ទៅលើការចូលរួមរបស់អ៊ុយក្រែន។
ប្រទេសហុងគ្រីមិនមែនគ្រាន់តែជំទាស់លើការចូលរួមនៃប្រទេសអ៊ុយក្រែនប៉ុណ្ណោះទេ ហុងគ្រីថែមទាំងបានរារាំងកញ្ចប់ជំនួយរបស់សហភាពអឺរ៉ុបចំនួន 54 ពាន់លានដុល្លារសហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែននៅក្នុងសង្គ្រាមការពាររបស់ Kyiv ប្រឆាំងនឹងរុស្ស៊ីថែមទៀតផង។
សហភាពអឺរ៉ុបត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីបញ្ហានេះនៅក្នុងសម័យប្រជុំបន្ទាន់មួយនៅដើមឆ្នាំក្រោយ។