ខាងសេតវិមានកំពុងតែដាក់សម្ពាធទៅសភា កាន់តែខ្លាំងឡើងដើម្បីឱ្យអនុម័តច្បាប់ដែលជាប់គាំង គឺក្នុងគោលបំណងដើម្បីគាំទ្រដល់សង្គ្រាមអ៊ុយក្រែនដើម្បីប្រឆាំងនឹងរុស្ស៊ី ដោយលោក Joe Biden បាននិយាយថា ថវិកាដែលជួយអ៊ុយក្រែនោះបានអស់ទៅហើយ។
បើទោះបីជាមានការជំទាស់ពីសភាដែលមកពីគណបក្សសាធារណៈរដ្ឋយ៉ាងណាក៏ដោយ តែកាលពីថ្ងៃអង្គារ សប្តាហ៍មុនប្រធានាធិបតីអាមេរិកលោក Joe Biden បានបង្ហាញកញ្ចប់ជំនួយយោធាថ្មីមួយទៀត ដែលមានតម្លៃ ប្រមាណ ២០០ លានដុល្លារសម្រាប់អ៊ុយក្រែន។
មានសំនួរជាច្រើនបានលើកឡើងថា៖ ប្រាក់ជំនួយកំពុងធ្លាក់ចុះ ប៉ុន្តែការប្រកាសអំពីអាវុធបន្ថែមទៀតត្រូវបានបញ្ជូនទៅក្រុងកៀវដដែល តើរឿងនេះវាគ្រាន់តែជាការបញ្ជាក់អំពីភាពស្មុគស្មាញនៃការផ្តល់មូលនិធិឬ? តើលុយពិតជាអស់ហើយ ឬក៏នៅមានលុយប៉ុន្មានពាន់លានដុល្លារទៀតដែលមិនទាន់បញ្ចេញ? រឿងទាំងអស់នេះហើយវាគឺជាភាពស្មុគស្មាញសម្រាប់ក្រុមអ្នកសារព័ត៌មាន?
នៅក្នុងលិខិតមួយកាលពីថ្ងៃទី 4 ខែវិច្ឆិកា ដែលសរសេរទៅកាន់សភា ព្រមទាំងនាយកផ្នែកថវិកាសេតវិមានលោកស្រី Shalanda Young ដោយក្នុងនោះលោកស្រីបាននិយាយដោយបើកចំហរថា “យើងអស់លុយដើម្បីគាំទ្រអ៊ុយក្រែនក្នុងការប្រយុទ្ធមួយនេះហើយ ប៉ុន្តែវាក៏មិនមែនជាបញ្ហានៅឆ្នាំក្រោយដែរ។ លោកស្រីបាននិយាយបន្តទៀតថា អ្វីដែលជាកង្វល់គឺនៅពេលវេលានេះ ដើម្បីជួយអ៊ុយក្រែនតាមបែបប្រជាធិបតេយ្យ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។”
ចាប់តាំងពីពេលនោះមក សហរដ្ឋអាមេរិកបានប្រកាសកញ្ចប់ជំនួយចំនួន 3 បន្ថែមទៀត ដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ 475 លានដុល្លារ។ ចំពោះរឿងមួយនេះផងដែរ វាក៏បង្កើតជាចម្ងល់ឲ្យយើងគិតថា វាគឺជារបៀបនៃការអនុវត្តន៍ដ៏ស្មុគស្មាញមួយ ដែលពួកគេបានអនុវត្តន៍មុននឹងបញ្ជូនជំនួយទៅកាន់អ៊ុយក្រែននោះ។
ការអនុម័តដោយបែងចែកជាពីរប្រភេទ គឺសម្រាប់អាវុធ និងសន្តិសុខដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់សង្គ្រាម។ ទីមួយគឺ PDA ដែលអាមេរិកផ្តល់អាវុធរួចហើយនៅក្នុងឃ្លាំងរបស់ខ្លួនដែលមានស្រាប់។ មួយទៀតគឺគំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន ដែលផ្តល់មូលនិធិដល់កិច្ចសន្យាអាវុធរយៈពេលវែង។
មានអ្នកជំនាញជាច្រើនបានលើកឡើងថា មន្ទីរបញ្ចកោណបានបំប៉ោងតម្លៃអាវុធ ដែលខ្លួនបានបញ្ជូនមកអ៊ុយក្រែន ទើបធ្វើឲ្យតួរលេខជាស្តែង និងនៅក្នុងគណនីមានភាពលំអៀង។
ជុំវិញជំនួយដែលប្រទេសមហាលអំណាចមួយនេះបានជួយអ៊ុយក្រែន មានប្រភពមួយបានឲ្យដឹងថា ថវិការបស់សភាដើម្បីទិញសព្វាវុធដើម្បីជំនួសអាវុធដែលសហរដ្ឋអាមេរិកផ្ញើទៅអ៊ុយក្រែនឥឡូវនេះបានធ្លាក់ចុះប្រហែល 1 ពាន់លានដុល្លារ។ ប្រាក់ធ្លាក់ចុះនោះមានន័យថា សេវាយោធាមានការព្រួយបារម្ភថា ពួកគេនឹងមិនអាចទិញសព្វាវុធទាំងអស់ដែលពួកគេត្រូវការ ដើម្បីធានាថាយោធាអាមេរិកត្រៀមខ្លួនជាស្រេចដើម្បីការពារមាតុភូមិរបស់ខ្លួនផងដែរ។