សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ បានចោទប្រកាន់អ៊ីរ៉ង់ថា មានជាប់ពាក់ព័ន្ធយ៉ាងជិតស្និទ្ធក្នុងការវាយប្រហារគឺនៅលើនាវាពាណិជ្ជកម្មដែលបានឆ្លងកាត់សមុទ្រក្រហម ជាមួយនឹងក្រុមឧទ្ទាម Houthi នៃប្រទេសយេម៉ែន នេះបើយោងតាមការចេញផ្សាយរបស់ VOA កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៣។
សេតវិមានបានចេញផ្សាយជាសាធារណៈនូវការស៊ើបការណ៍សម្ងាត់មួយ ខណៈដែលក្រុមបះបោរយេម៉ែនដែលយើងស្គាល់ថាពួកគេទាំងពីរគឺជាក្រុមមានទំនាក់ទំនងយ៉ាងស្និតស្នាលជាមួយនឹងអ៊ីរ៉ង់។ហើយការសាមគ្គីភាពនោះគឺដើម្បីជួយដល់ក្រុមហាម៉ាស ក្នុងការវាយប្រហារតំបន់ហ្គាហ្សាស្ទ្រីប។
តាមរយៈការស៊ើបការដោយសម្ងាត់ពីខាងសេតវិមានបានឲ្យដឹងថា ទីក្រុងតេអេរ៉ង់បានផ្តល់យន្តហោះគ្មានមនុស្សបើក និងកាំជ្រួចដល់ក្រុម Houthi ជាបន្តបន្ទាប់។
ដោយក្នុងនោះអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោកស្រី Adrienne Watson បាននិយាយថា “យើងដឹងថាអ៊ីរ៉ង់បានចូលរួមយ៉ាងស៊ីជម្រៅក្នុងការរៀបចំផែនការប្រតិបត្តិការ ក្នុងការប្រឆាំងនឹងនាវាពាណិជ្ជកម្មនៅក្នុងសមុទ្រក្រហមទាំងអស់” ។ លោកស្រីបាននិយាយទៀតថា “យើងមិនមានហេតុផលណាមួយដែលឲ្យយើងជឿថា អ៊ីរ៉ង់កំពុងតែព្យាយាមរារាំងពួក Houthis ក្នុងការលុកដៃជាមួយនឹងក្រុមហាម៉ាសនោះទេ” ។
ក្រុម Houthis ដែលជាអ្នកគ្រប់គ្រងផ្នែកដ៏ធំមួយនៃប្រទេសក្រីក្របំផុតរបស់ឧបទ្វីបអារ៉ាប់ រួមទាំងរដ្ឋធានី Sanaa បានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចជាង 100 គ្រឿង ដោយសំដៅលើនាវាជំនួញចំនួន 10 ដែលធ្វើដំណើរឆ្លងកាត់ នេះបើយោងតាមមន្ទីរបញ្ចកោណ។
ជាមួយនឹងការរំខានក្នុងការធ្វើចរាចរពាណិជ្ជកម្មកាន់តែខ្លាំងឡើងនាពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានប្រកាសអំពីក្រុមបេសកកម្មកងទ័ពជើងទឹកពហុជាតិដែលមានជាង 20 ប្រទេស ដើម្បីការពារនាវាដែលឆ្លងកាត់សមុទ្រក្រហមទាំងអស់។
គួរបញ្ជាក់ថានៅក្នុងការបង្ហាញកម្លាំងទាំងនោះ គេសង្កេតឃើញថា មាននាវាផ្ទុកយន្តហោះអាមេរិក USS Dwight D. Eisenhower បានចូលឈូងសមុទ្រ Aden ដោយមានសេចក្តីរាយការណ៍ព័ត៌មានជាបន្តបន្ទាប់ថា រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden កំពុងថ្លឹងថ្លែងការវាយប្រហារយោធា ប្រសិនបើនាវារបស់ក្រុម Houthis នៅតែបន្តវាយប្រហារ។
បើយោងតាមរយៈមេដឹកនាំក្រុមឧទ្ទាម Abdel-Malek al-Houthi បានព្រមានកាលពីថ្ងៃពុធថា ប្រសិនបើពួកគេត្រូវរងការវាយប្រហារដោយកងទ័ពរបស់អាមេរិកនោះ ពួកឧទ្ទាមនឹងវាយប្រហារតបតវិញដោយមិនស្ទាក់ស្ទើរ ហើយពួកយើងនឹងប្រឆាំងរាល់ “នាវាចម្បាំងរបស់អាមេរិក និងផលប្រយោជន៍របស់អាមេរិក បូករួមទាំងនាវាចរណ៍របស់អាមេរិកថែមទៀតផង”។
បើទោះជាយ៉ាងណាក៏ដោយខាងសេតវិមានបាននិយាយថា ការវិភាគដែលត្រូវបានខ្លួនមើលឃើញនោះ យើងអាចប្រាកដថា៖ យន្តហោះគ្មានមនុស្សបើក KAS-04 របស់អ៊ីរ៉ង់ និងយានគ្មានមនុស្សបើកដែលបាញ់ដោយក្រុម Houthi វាពិតជាមានលក្ខណៈពិសេសដូចគ្នា ដែលអាចធ្វើឲ្យយើងវាយតម្លៃបានថា អាវុធដែលបានប្រើប្រាស់ដោយក្រុមHouthi វាគឺជាជំនួយរបស់អ៊ីរ៉ុង ។
សេតវិមានបាននិយាយទៀតថា ពួក Houthis ក៏ពឹងផ្អែកលើប្រព័ន្ធត្រួតពិនិត្យ ដែលផ្តល់ដោយអ៊ីរ៉ង់នៅសមុទ្រក្រហមដូចគ្នាដែរ។