អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលកំពុងតែរត់គេចខ្លួន អាចនឹងត្រឡប់ទៅប្រទេសថៃវិញនៅឆ្នាំក្រោយ គឺធ្វើតាមគន្លងរបស់បងប្រុសលោកស្រី ដែលជាអតីតនាយករដ្ឋមន្ត្រីដូចគ្នា គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលសព្វថ្ងៃកំពុងតែជាប់ពន្ធនាគារ នេះបើយោងតាមសកម្មជននយោបាយលោក Jatuporn Prompan ដែលបានចុះផ្សាយរដោយកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣។
អតីតមេដឹកនាំអាវក្រហម ហើយក៏ជានាយករដ្ឋមន្ត្រីស្រីដំបូងគេ និងជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេផងដែរ លោកស្រី ត្រូវបានអតីតឧបនាយករដ្ឋមន្រ្ដី លោក Wissanu Krea-ngam ដែលជាអ្នកជំនាញផ្នែកច្បាប់ទើបត្រូវបានតែងតាំងក្នុងក្រុមប្រឹក្សារដ្ឋ បានថ្លឹងថ្លែងកាលពីថ្ងៃចន្ទថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានសម្រេចចិត្តរួចហើយថា លោកស្រីនឹងស្វែងរកការលើកទោសពីព្រះមហាក្សត្រ នៅពេលលោកស្រីវិលត្រឡប់មកប្រទេសកំណើតវិញ គឺលោកស្រីនឹងយកគំរូតាមបងប្រុសរបស់លោកស្រីដែរ។
លោកស្រី យីងឡាក់ ត្រូវបានគេកាត់ទោសដោយកំបាំងមុខ ឱ្យជាប់ពន្ធនាគាររយៈពេល 5 ឆ្នាំ ដោយផ្អែកលើរដ្ឋធម្មនុញ្ញថៃ នៅក្នុងឆ្នាំ 2017 លោកស្រីត្រូវបានគេចោទប្រកាន់ថា លោកស្រីបានរំលោភអំណាច និងមិនធ្វើតាមការសន្យារបស់ខ្លួន។
តែកាលពីថ្ងៃអង្គារដើមសប្តាហ៍នេះ នាយកដ្ឋានព្រហ្មទណ្ឌនៃតុលាការកំពូលសម្រាប់អ្នកកាន់តំណែងនយោបាយ បានលើកលែងទោសលោកស្រីពីបទក្លែងបន្លំ ជុំវិញការផ្ទេរតំណែងអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ដោយលោក Thawil Pliensri ត្រូវបានគេផ្លាស់ឲ្យទៅធ្វើជាទីប្រឹក្សានាយករដ្ឋមន្ត្រីវិញ។
បើយោងតាមរយៈលោក Jatuporn Prompan ដែលជាអតីតប្រធានរណសិរ្សរួបរួមគាំទ្រ លោក ថាក់ស៊ីន ដើម្បីលទ្ធិប្រជាធិបតេយ្យប្រឆាំងរបបផ្តាច់ការ (UDD) បាននិយាយថា ការរំពឹងទុកសម្រាប់លោកស្រី យីងឡាក់ នាពេលបច្ចុប្បន្នគឺកាន់តែច្បាស់ជាងមុនទៅទៀត ប្រសិនបើយើងគិតពីរបៀបដែលបងប្រុសរបស់លោកស្រីបានវិលត្រឡប់មកប្រទេសថៃវិញកាលពីថ្ងៃទី 22 ខែសីហា វាក៏ជាការបើកផ្លូវមួយបន្ថែមទៀតសម្រាប់លោកស្រីដូច្នោះដែរ។
លោកបាននិយាយទៀតថា “ផ្អែកលើការអនុវត្តនៅក្នុងករណីរបស់ថាក់ស៊ីន ដែលបានស្នើរសុំបន្ធូបន្ថយទោសពីព្រះមហាលក្សត្រ វាគឺជានីតិវិធីល្អតែមួយគត់សម្រាប់លោកស្រី យីងឡាក់ ដូចគ្នា។ ដូច្នេះខ្ញុំជឿជាក់ថា យើងនឹងឃើញលោកស្រីវិលត្រឡប់មកវិញក្រោយចូលឆ្នាំ»។
លោកបានបន្ថែមថា បច្ចុប្បន្នគណបក្សភឿថៃគឺកំពុងតែកាន់អំណាច ជាពិសេសជាងនេះទៅទៀត មេដឹកនាំគណបក្សមួយនេះគឺជា កូនស្រីពៅ របស់លោកថាក់ស៊ីនថែមទៀតផង។ ហេតុដូច្នេះហើយ លោកស្រី Paetongtarn នឹងស្វែងរកគ្រប់មធ្យោបាយដើម្បីអន្តរាគមន៍លើរឿងមួយនេះជាមិនខាន។