ការិយាល័យរដ្ឋអាជ្ញានៅទីក្រុងប៉ារីសបានប្រាប់ CNN កាលពីថ្ងៃសៅរ៍ថា អាជ្ញាធរបារាំងបានបញ្ឈប់យន្តហោះដឹកអ្នកដំណើរមួយគ្រឿង ដែលបានដឹកពលរដ្ឋជនជាតិឥណ្ឌាចំនួន 303 នាក់ រួមទាំងអនីតិជនចំនួន 11 នាក់ ដោយមានការសង្ស័យថា វាជាសកម្មភាពដែលជាទាក់ទងនឹងការជួញដូរមនុស្ស។
យន្តហោះដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ Legend Airlines ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសរ៉ូម៉ានី បានធ្វើដំណើរពីប្រទេសអារ៉ាប់រួមទៅកាន់ប្រទេស Nicaragua ហើយបានឈប់នៅអាកាសយានដ្ឋាន Vatry ចម្ងាយប្រហែល 150 គីឡូម៉ែត្រភាគខាងកើតនៃទីក្រុងប៉ារីស នេះបើយោងតាមការិយាល័យព្រះរាជអាជ្ញារបស់ប្រទេសបារាំង។
អាជ្ញាធរបារាំងបានសម្រេចចិត្តរឹបអូសយន្តហោះមួយគ្រឿងនេះកាលពីថ្ងៃទី ២១ ខែធ្នូ បន្ទាប់ពីទទួលបានព័ត៌មានមួយដែលសំមិនបញ្ចេញប្រភព។ បើយោងតាមរយៈមេធាវីរបស់ក្រុមហ៊ុនអាកាសចរណ៍ Liliana Bakayoko បានប្រាប់ CNN សាខា BFMTV កាលពីថ្ងៃសៅរ៍ថា យន្តហោះមួយនេះគឺត្រូវបានជួលដោយក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្រៅសហភាពអឺរ៉ុប ហើយក្រុមហ៊ុនអាកាសចរណ៍ Legend Airlines មិនបានចូលរួមក្នុងការលក់សំបុត្រសម្រាប់ជើងហោះហើរមួយនេះទេ។
បើទោះបីជាមានការអះអាងតាមរយៈក្រុមមេធាវីរបស់ក្រុមហ៊ុនហោះហើរមួយនេះយ៉ាងណាក៏សោយ តែបើយោងទៅតាមច្បាប់របស់បារាំង ការជួញដូរមនុស្សដែលមានការរៀបចំឡើងដោយបុគ្គល ឬក្រុមហ៊ុនណាមួយនោះ ពួកគេត្រូវទទួលការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ 20 ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ 3.3 លានដុល្លារសហរដ្ឋអាមេរិក (3 លានអឺរ៉ូ) ។
យ៉ាងណាមិញក្នុងករណីខាងលើនេះ គឺមានអនីតិជននៅលើយន្តហោះចំនួន ១១ នាក់ ពួកគេត្រូវបានអាជ្ញាធរបារាំងផ្ទេរទៅកាន់ភ្នាក់ងាររដ្ឋាភិបាលសមស្របសម្រាប់ការថែទាំរួចរាល់ផងដែរ។ ដោយក្នុងនោះគេសង្កេតឃើញថា រដ្ឋអាជ្ញារបស់ប្រទេសបារាំងបាននិយាយកាលពីថ្ងៃអាទិត្យថា យន្តហោះរបស់ក្រុហ៊ុន Legend Airlines ដែលបានធ្វើដំណើរមកដល់ប្រទេសបារាំង គឺត្រូវបានប៉ូលីសរបស់យើងសង្ស័យហើយក៏បានសាកសួរទៅកាន់អ្នកដំណើរចំនួនពីរនាក់ ហើយបច្ចុប្បន្នអ្នកទាំងពីរនោះកំពុងតែស្ថិតក្នុងការឃុំឃាំង ដែលត្រូវបានត្រួតពិនិត្យដោយការិយាល័យរដ្ឋអាជ្ញារបស់ទីក្រុងប៉ារីស ដើម្បីស្វែងរកអ្នកដែលពាក់ព័ន្ធ”។ តែទន្ទឹមនឹងនោះ ក្រុមហ៊ុនអាកាសចរណ៍ Legend Airlines បានបដិសេធក្នុងការកំណត់អត្តសញ្ញាណក្រុមហ៊ុនដោយលើកឡើងថា ពួកគេគឺមានលិខិតជួលយន្តហោះ។
បើទោះជារឿងមួយនេះត្រូវបានអាជ្ញាធររបស់ប្រទេសបារាំងស៊ើបអង្កេតក៏ពិតមែន តែខាងស្ថានទូតឥណ្ឌាដែលប្រចាំប្រទេសបារាំងបានបញ្ជូនបុគ្គលិកកុងស៊ុលទៅកាន់អាកាសយានដ្ឋាន ដើម្បីផ្តល់ការគាំទ្រ និងសហការជាមួយអាជ្ញាធរក្នុងតំបន់ ដោយខ្លួនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ពួកគេសូមថ្លែងអំណរគុណដល់ចំនាច់ការរបស់ប្រទេសបារាំង។