ចំនួនអ្នកស្លាប់ដោយសារ ការរញ្ជួយដីដ៏ធំ មួយ ដែលបានវាយប្រហារប្រទេសជប៉ុននៅថ្ងៃបុណ្យចូលឆ្នាំថ្មីបានកើនឡើងរហូតដល់ 64 នាក់ ខណៈដែលអ្នកនៅរស់រានមានជីវិតកំពុងតែប្រឈមនឹងសីតុណ្ហភាពត្រជាក់ខ្លាំង ភ្លៀងធ្លាក់ខ្លាំង បូករួមទាំងការរញ្ជួយដីថែមទៀតនោះ អាជ្ញាធរប្រទេសមួយនេះ ពិតជាមានការព្រួយបារម្មណ៍ខ្ពស់ ចំពោះការជម្លៀសប្រជាជនឲ្យទាន់ពេលវេលា នេះបើយោងតាមការចុះផ្សាយរបស់ រ៉យទ័រ កាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២៤។
គ្រោះរញ្ជួយដីកម្រិតបឋមត្រូវបានអ្នកជំនាញរាយការណ៍ថា វាមានកម្រិតប្រមាណ ៧.៦ រ៉ិចទ័រ ហើយវាក៏បានវាយប្រហារឧបទ្វីប Noto កាលពីរសៀលថ្ងៃច័ន្ទម្សិលមិញនេះយ៉ាងធ្ងន់ធ្ងរបំផុត ។ ក្រុមអ្នកជំនាញបាននិយាយទៀតថា តំបន់ខាងលើនេះអាចប្រឈមនឹងភ្លៀងធ្លាក់ខ្លាំង ហើយវានឹងបង្កើនហានិភ័យនៃការរញ្ជួយដីបន្ថែមទៀត។
បើយើងគិតមកទល់ពេលនេះ អាជ្ញាធរបានបញ្ជាក់ពីការស្លាប់ចំនួន 64 នាក់ ក៏ពិតមែន ប៉ុន្តែការស្លាប់វាអាចនឹងមានការកើនឡើងបន្ថែមទៀតផងដែរ។ យ៉ាងណាមិញកាលពីល្ងាចថ្ងៃអង្គារ អាជ្ញាធរបាននិយាយថា គ្រោះរញ្ជួយដីលើកនេះ វាគឺជាគ្រោះថ្នាក់ដែលបានសម្លាប់មនុស្សស្លាប់ច្រើនជាងគេបំផុតនៅក្នុងប្រទេសជប៉ុន បើពួកគេរាប់ចាប់តាំងពីឆ្នាំ 2016 មក។
ប្រភពដដែលបានឲ្យដឹងទៀតថា នៅក្នុងខេត្ត Ishikawa គឺមានមនុស្សជាង 33,000 នាក់ ត្រូវបានអាជ្ញាធរឲ្យជម្លៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ហើយនៅក្នុងតំបន់មួយចំនួនទៀត គឺមិនមានទឹក ឬអគ្គិសនីសម្រាប់ប្រើប្រាស់នោះទេ។ ដោយក្នុងនោះគេបានសង្កេតឃើញថា អភិបាលក្រុងនៃទីក្រុងដែលរងគ្រោះខ្លាំងបំផុតបានទាមទារឱ្យរដ្ឋាភិបាលជួសជុលផ្លូវ និងផ្តល់ជំនួយឲ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន។
លោក Masuhiro Izumiya អភិបាលក្រុង Suzu បាននិយាយរៀបរាប់នៅក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃពុធថា នៅទីប្រជុំជនគឺមានប្រជាពលរដ្ឋប្រហែល 13,000 នាក់នៅជិតចំណុចកណ្តាលនៃការរញ្ជួយដីបាននិយាយថា “បើទោះបីជាពួកគេអាចរួចផុតពីសេចក្តីស្លាប់ក៏ដោយ តែពួកគេក៏អាចនឹងស្លាប់ដោយគ្មានអាហារ និងទឹកដែរម្តងទៀតដែរ” ។
លោកបានបន្តថា៖ «មនុស្សមួយចំនួនកំពុងតែត្រជាក់ខ្លាំង ដោយសារគ្មានអគ្គិសនីប្រើប្រាស់ ហេតុដូច្នេះនៅក្នុងផ្ទះរបស់ពួកគេគឺមិនមានកំដៅប្រើប្រាស់នោះទេ»។ លោកបានបន្ថែមថា ផ្លូវជាច្រើនត្រូវបានកាត់ផ្តាច់ ហើយតំបន់ជាច្រើននៅខាងក្រៅកណ្តាលទីក្រុងអាចទៅដល់បាន លុះត្រាតែប្រើឧទ្ធម្ភាគចក្រតែប៉ុណ្ណោះ។
បើទោះជាយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី Fumio Kishida បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំឆ្លើយតបគ្រោះមហន្តរាយថ្នាក់ជាតិថា “វាមានរយៈពេលជាង 40 ម៉ោងហើយចាប់តាំងពីការរញ្ជួយដីដំបូង។ នេះគឺជាការប្រយុទ្ធប្រឆាំងនឹងពេលវេលា ហើយខ្ញុំជឿថាឥឡូវនេះគឺជាពេលវេលាដ៏សំខាន់មួយនៅក្នុងការប្រយុទ្ធមួយនេះ។
ជាបឋម លោក Kishida បាននិយាយថា រដ្ឋាភិបាលបានបើកផ្លូវសមុទ្រដើម្បីផ្តល់ជំនួយ ជាមួយនឹងរថយន្តដឹកទំនិញធំៗមួយចំនួនឥឡូវនេះអាចទៅដល់តំបន់ដាច់ស្រយាលមួយចំនួនទៀត។
លោកបានថ្លែងទៀតថា “ខ្ញុំមានចំណាប់អារម្មណ៍ថា មនុស្សភាគច្រើនមិនទាន់មានថាមពលឡើងវិញ ដើម្បីក្រោកឈរឡើងវិញនៅពេលនេះទេ”។
ថ្វីត្បិតតែការរញ្ជួយដីតូចៗនៅតែបន្តវាយប្រហារឧបទ្វីបនេះយ៉ាងណាក្តី តែក្រុមអ្នកពន្លត់អគ្គីភ័យក៏នៅតែស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្នុងគំនរបាក់បែកនៃអគារដែលដួលរលំមួយផ្នែកនៅ Wajima ផងដែរ។ ភាពសកម្មរបស់ពួកគេពិតជាគួរឲ្យស្ញោចសរសើរខ្លាំងណាស់ យើងខ្ញុំសង្ឈឹមថា ពួកយើងនឹងឆ្លងពេលវេលាដ៏ជូចត់នេះឲ្យបានឆាប់បំផុត នេះបើយោងតាមខ្សែវីដេអូដែលផ្សាយដោយទូរទស្សន៍សាធារណៈ NHK ។