បើទោះបីជាអាជ្ញាធររបស់ប្រទេសជប៉ុនកំពុងតែមមាញឹកនឹងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយការរញ្ជួយដីយ៉ាងណាក៏ដោយ តែមន្ត្រីដែលពាក់ព័ន្ធរបស់ប្រទេសមួយនេះគឺនៅតែបើកការប្រជុំយ៉ាងប្រញ៉ាប់ប្រញ៉ាល់មួយផ្សេងទៀតកាលពីរសៀលថ្ងៃពុធនេះ បន្ទាប់ពីមានឧប្បតិ្តវហេតុមួយបានកើតឡើងនៅអាកាសយានដ្ឋាននៃទីក្រុងតូក្យូ ដោយក្នុងនោះមានប្រព័ន្ធផ្សព្វផ្សាយជាច្រើនបាននិយាយថា ប៉ូលីសក៏កំពុងស៊ើបអង្កេតការធ្វេសប្រហែសរបស់អ្នកបើកយន្តហោះនាពេលនោះដែរ នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រកាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២៤។
មនុស្សចំនួន 379 នាក់ ដែលបានស្ថិតនៅក្នុងយន្តហោះ Japan Airlines វាជាយន្តហោះ Airbus A350 បាន ប៉ះទង្គិចជាមួយនឹងយន្តហោះ De Havilland Dash-8 Coast Guard turboprop ភ្លាមៗបន្ទាប់ពីចុះចតនៅអាកាសយានដ្ឋាន Haneda ហើយវាក៏បានសម្លាប់មនុស្សប្រមាណ ៥ នាក់។
បើយោងតាមការរៀបរាប់ពីអ្នកជំនាញអាកាសចរណ៍បានឲ្យដឹងថា ការប៉ះទង្គិចគ្នានៅលើផ្លូវរត់ បែបនេះ វាហាក់ដូចជាមានភាពញឹកញាប់បន្តិចហើយតែគ្រាន់តែលើកនេះ គឺវាធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់។ អ្នកជំនាញអាកាសចរណ៍បាននិយាយថា យើងនឹងបើកការស៊ើបអង្កេតដោយបច្ចេកវិទ្យា និងនីតិវិធីតាមដានដ៏ទំនើបបំផុត។
ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនរបស់ប្រទេសជប៉ុន (JTSB) គឺកំពុង ស៊ើបអង្កេតលើ ឧបទ្ទវហេតុនេះ ដោយមានការចូលរួមពីទីភ្នាក់ងារនៅក្នុងប្រទេសបារាំង ដែលមានមូលដ្ឋាននៅក្រុមហ៊ុនផលិតយន្តហោះ Airbus ផ្ទាល់តែម្តង ហើយជាពិសេសជាងនេះទៅទៀត វាក៏មានការចូលរួមពីជនជាតិអង់គ្លេស ដែលមានមូលដ្ឋាននៅកន្លែងផលិតម៉ាស៊ីន Rolls-Royce នៃយន្តហោះប្រភេទនេះថែមទៀតផង។
នៅក្នុងសន្និសីទសារព័ត៌មានជាបន្តបន្ទាប់ចាប់តាំងពីការធ្លាក់យន្តហោះនេះ មន្ត្រី និងនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ត្រូវបានគេសួរថា តើបុគ្គលិកទទួលបានព័ត៌មានអ្វីខ្លះពីការគ្រប់គ្រងចរាចរណ៍ និងហេតុអ្វីបានជាយន្តហោះទាំងពីរបានរត់នៅលើផ្លូវរត់ដូចគ្នាបែបនេះ?
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ JAL បាននិយាយថា យន្តហោះរបស់យើងបានទទួលស្គាល់ និងបានអនុញ្ញាតការចុះចតម្តងទៀតពីការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស មុនពេលខិតជិត និងប៉ះ។
ខាងក្រុមហ៊ុនអាកាសចរណ៍បាននិយាយទៀតថា អ្នកដំណើរ និងនាវិកទាំងអស់ត្រូវបានជម្លៀសចេញក្នុងរយៈពេល 20 នាទីបន្ទាប់ពីការធ្លាក់ ប៉ុន្តែយន្តហោះដែលឆាបឆេះដោយអណ្តាតភ្លើងបានឆេះអស់រយៈពេលជាង 6 ម៉ោង។
យន្តហោះ JAL – ជើងហោះហើរ 516 – ត្រូវបានគេប្រាប់ឱ្យបន្តដំណើរឆ្ពោះទៅកាន់ផ្លូវរត់លេខ 34R នៅម៉ោង 5:43 ល្ងាច (0843GMT) ហើយត្រូវបានផ្តល់ឲ្យមានការចុះចតនៅម៉ោង 5:45 ល្ងាច។
មានន័យថា រឿងមួយនោះគឺបានកើតឡើងមុនពីរនាទីមុនពេលអាជ្ញាធរនិយាយថា ការបុកគ្នាបានកើតឡើងនៅលើផ្លូវរត់ដូចគ្នានៅម៉ោង 5:47 ល្ងាច នេះបើយោងតាមការកត់ត្រាការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសដែលបានបង្ហោះនៅលើ liveATC.net ។
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈ NHK ដែលស្ថិតក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយដែលបាននិយាយថា ខាងយន្តហោះរបស់ឆ្មាំឆ្នេរសមុទ្របានបដិសេធមិនធ្វើអត្ថាធិប្បាយលើកាលៈទេសៈនៃការធ្លាក់យន្តហោះនោះទេ។
យ៉ាងណាមិញខាងរ៉យទ័រ ក៏មិនអាចធ្វើផ្ទៀងផ្ទាត់ដោយឯករាជនោះដែរ។ យន្តហោះដែលជាយន្តហោះមួយក្នុងចំណោមយន្តហោះឆ្មាំឆ្នេរសមុទ្រចំនួនប្រាំមួយ ដែលមានមូលដ្ឋាននៅអាកាសយានដ្ឋានគឺត្រូវរដ្ឋាភិបាលរបស់ប្រទេសមួយនេះ គ្រោងធ្វើដំណើរដើម្បីផ្តល់ជំនួយដល់តំបន់ដែលរងគ្រោះដោយការរញ្ជួយដីកម្រិត 7.6 រិចទ័រកាលពីថ្ងៃច័ន្ទ ខណៈដែលផ្លូវជាច្រើនត្រូវបានកាត់ផ្តាច់ ហើយជាពិសេសគឺដើម្បីទៅជួយដល់អ្នកនៅរស់រានមានជីវិត ដែលកំពុងប្រឈមនឹងសីតុណ្ហភាពត្រជាក់ នឹងមានភ្លៀងធ្លាក់ខ្លាំង។
ខាងរដ្ឋាភិបាលបាននិយាយថា គ្រោះថ្នាក់នេះបានបង្ខំឱ្យលុបចោលជើងហោះហើរក្នុងស្រុកចំនួន 116 និងជើងហោះហើរអន្តរជាតិចំនួន 4 កាលពីថ្ងៃពុធ។
បើទោះជាយ៉ាងណាក្តីខាងទីភ្នាក់ងាររបស់រ៉យទ័រ កំពុងរង់ចាំការធ្វើបច្ចុប្បន្នភាពជុំវិញការស៊ើបអង្កេតនៃគ្រោះថ្នាក់ខាងលើនេះជាបន្តទៀត។