ការដឹកជញ្ជូនយន្តហោះចម្បាំង F-16 ពីប្រទេសដាណឺម៉ាកដំបូងគេ ដែលជាការកំណត់គោលដៅជួយដល់អ៊ុយក្រែន វាអាចនឹងត្រូវពន្យារពេលរហូតដល់ប្រាំមួយខែបន្ថែមទៀត ខណៈដែលបច្ចុប្បន្ន ការប៉ះទង្គិចគ្នារវាងអ៊ុយក្រែន និងរុស្ស៊ី តាមផ្លូវអាកាសកាន់តែកើនឡើង នេះបើយោងតាមការចុះផ្សាយរបស់newsweek កាលពីថ្ងៃទី ០៧ ខែមករា ២០២៤។
បើយោងតាមរយៈក្រសួងការពារជាតិរបស់ប្រទេសដាណឺម៉ាកបានឱ្យដឹងថា អ៊ុយក្រែននឹងទទួលបានយន្តហោះចម្បាំងF-16 ចំនួន 6 គ្រឿងដំបូងនៅក្នុងត្រីមាសទីពីរនៃឆ្នាំ 2024 តែមិនមែនជាថ្ងៃដំបូងនៃឆ្នាំ២០២៤ នោះទេ។
គួរបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ 2023 ខាងប្រទេសដាណឺម៉ាក និងហូឡង់បានប្រកាសថា ពួកគេនឹងបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់ប្រទេសអ៊ុយក្រែន ដោយកាលនោះពួកគេទាំងពីរធ្លាប់បាននិយាយថា យន្តហោះចម្បាំងចំនួន 6 គ្រឿងដំបូងនឹងមកដល់អ៊ុយក្រែនក្នុងអំឡុងឆ្នាំថ្មីនៃ២០២៤។
ការពន្យាពេលលើកនេះផងដែរ វាបានធ្វើឲ្យទីក្រុង Kyiv បានស្រែកតវ៉ាជាខ្លាំង ចំពោះយន្តហោះដែលនឹងជំរុញសមត្ថភាពអ៊ុយក្រែនក្នុងការប្រជែងជាមួយរុស្ស៊ីនៅលើអាកាស ព្រមទាំងអាចជួយដល់ការវាយប្រហារបន្ថែមទៀតលើគោលដៅសំខាន់ៗរបស់សត្រូវ។ អ៊ុយក្រែនបានទន្ទឹងរង់ចាំការមកដល់នៃយន្តហោះចម្បាំង F-16 ជាយូមកហើយ ក៏ព្រោះតែវាជាយន្តហោះចម្បាំងមួយប្រភេទដែលត្រូវបានគេបំពាក់ដោយប្រព័ន្ធរ៉ាដាដ៏ទំនើប ហើយវាក៏ត្រូវបានគេរចនាឡើងដើម្បីបើកដំណើរការសម្រាប់ប្រើប្រាស់អាវុធស្តង់ដាររបស់អង្គការណាតូថែមទៀតនោះ វាកាន់តែធ្វើឲ្យអ៊ុយក្រែនសង្ឈឹមយ៉ាងមុតមាំថា វាពិតជាសក្តិសមក្នុងការប្រើប្រាស់ដើម្បីប្រឆាំងនឹងយន្តហោះចម្បាំងក្នុងសម័យសូវៀត។
បើយើងរំលឹកឡើងវិញបន្តិចកាលពីថ្ងៃទី 22 ខែធ្នូ ឆ្នាំ២០២៣ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា រដ្ឋាភិបាលហូឡង់កំពុងចាប់ផ្តើមការត្រៀមរៀបចំដើម្បីប្រគល់យន្តហោះ F-16 ចំនួន 18 គ្រឿងទៅកាន់អ៊ុយក្រែន។ ដោយកាលនោះ នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte បាននិយាយថា “ការផ្តល់យន្តហោះ F-16 គឺជាធាតុផ្សំដ៏សំខាន់បំផុតមួយនៃកិច្ចព្រមព្រៀងដែលបានធ្វើឡើងដើម្បីគាំទ្រផ្នែកយោធាចំពោះប្រទេសអ៊ុយក្រែន” ។
ចំនែកឯប្រទេសន័រវេសបាននិយាយកាលពីដើមសប្តាហ៍នេះថា ខ្លួននឹងបញ្ជូនយន្តហោះចម្បាំង F-16 ចំនួនពីរគ្រឿងទៅកាន់ប្រទេសដាណឺម៉ាកដើម្បីជួយបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែននៅលើយន្តហោះផងដែរ។ ទន្ទឹមនឹងនោះខាងប្រទេសបែលហ្ស៊ិកក៏នឹងបញ្ជូនយន្តហោះ F-16 ចំនួនពីរគ្រឿងទៅកាន់ប្រទេសដាណឺម៉ាកសម្រាប់ការហ្វឹកហ្វឺនអ្នកបើកយន្តហោះអ៊ុយក្រែនពេញមួយឆ្នាំ 2024 ថែមទៀតផង នេះបើតាមការផ្សាយរបស់ទូរទស្សន៍បែលហ្ស៊ិក RTBF បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍។
យ៉ាងណាមិញខាងក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបាននិយាយកាលពីចុងខែធ្នូថា “ក្រុមដំបូង” នៃអ្នកបើកយន្តហោះអ៊ុយក្រែន ដែលត្រូវបានបណ្តុះបណ្តាលដោយយោធាចក្រភពអង់គ្លេសបានបញ្ចប់ការបណ្តុះបណ្តាលជាមូលដ្ឋាននៅក្នុងប្រទេសជាស្ថាពរ។ ឥឡូវនេះ “ពួកគេកំពុងរៀនហោះហើរនៅក្នុងយន្តហោះចម្បាំង F-16 ដោយផ្ទាល់នៅក្នុងប្រទេសដាណឺម៉ាក។
ចំពោះកម្មវិធីបណ្តុះបណ្តាលនៅចក្រភពអង់គ្លេស”កាលពីដើមខែវិច្ឆិកា វាត្រូវបានគេរាយការណ៍ទៀតថា យន្តហោះ F-16 មួយចំនួនបានមកដល់ប្រទេសរ៉ូម៉ានីរួចរាល់ គឺដើម្បីបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែន នៅឯមូលដ្ឋានអាកាសក្នុងរដ្ឋអារីហ្សូណាតែម្តង។