យោធាសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍បានបើកការវាយប្រហារប្រឆាំងនឹង គោលដៅជាច្រើនកន្លែងរបស់ក្រុម Houthi ដែលស្ថិតក្នុងប្រទេសយេម៉ែន នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៤។
គួរកត់សម្គាល់ថា បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងសម្ព័ន្ធមិត្តរបស់ខ្លួនបានព្រមានថា ក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ នឹងទទួលនូវផលវិបាកយ៉ាងជាក់លាក់ ប្រសិនបើក្រុម Houthi នៅតែបន្តការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលម្តងហើយម្តងទៀត។ គួរបញ្ជាក់ថា ប្រតិកម្មមួយនេះមិនមែនគ្រាន់តែជាការឆ្លើយតបក្នុងនាមខ្លួនជាអ្នកគាំទ្រប្រទេសអ៊ីស្រាអ៊ែលតែមួយមុខនោះទេ តែអាមេរិកចង់សម្រួលដល់ចរាចរណ៍ផ្លូវទឹកនៃការដឹកជញ្ជូនពាណិជ្ជកម្មតាមរយៈសមុទ្រក្រហមផងដែរ។
លោកប្រធានាធិបតី Joe Biden បាននិយាយថា លោកបានបញ្ជាឱ្យមានការវាយប្រហារ “ដើម្បីជាការឆ្លើយតបដោយផ្ទាល់ចំពោះការវាយប្រហាររបស់ពួក Houthi ខណៈដែលក្រុមសកម្មប្រយុទ្ធមួយនេះ បានរំខានដល់ការដឹកជញ្ជូនរបស់នាវាក្នុងដែនសមុទ្រអន្តរជាតិខាងលើនេះអស់ជាច្រើនសប្តាហ៍ ។
កងកម្លាំងយោធាសហរដ្ឋអាមេរិក រួមជាមួយនឹងចក្រភពអង់គ្លេស ដែលមានការគាំទ្រដោយអូស្ត្រាលី បារ៉ែន កាណាដា និងហូឡង់ ទៀតនោះ ពួកគេបានបើកការវាយប្រហារទៅលើគោលដៅមួយចំនួនក្នុងប្រទេសយេម៉ែនដោយជោគជ័យ។ តាមពិតការសហការណ៍រវាងសហរដ្ឋអាមេរិក ជាមួយនឹងបណ្តាលប្រទេសនៃសហភាពអ៊ឺរ៉ុប គឺពួកគេមានគោលដៅធំតែមួយគត់ គឺដើម្បីជួយដល់ការធ្វើនាវាចរណ៍ដែលឆ្លងកាត់តាមសមុទ្រក្រហម។
លោក Biden បានបន្ថែមថា លោកនឹងមិនស្ទាក់ស្ទើរក្នុងការដឹកនាំវិធានការបន្ថែមទៀតដើម្បីការពារប្រជាជនរបស់យើងនោះឡើយ ជាពិសេសជាងនេះទៅទៀត គឺដើម្បីលំហូរសេរីភាពនៃពាណិជ្ជកម្មអន្តរជាតិ ក្នុងនាមជាប្រទេសមហាលអំណាច។
បើយោងតាមរយៈមន្ត្រីអាមេរិកម្នាក់ដែលសុំបញ្ចេញឈ្មោះបាននិយាយប្រាប់ទីភ្នាក់ងាររបស់ CNN ថា យោធារបស់សហរដ្ឋអាមេរិកបានប្រើយន្តយន្តហោះចម្បាំងជាច្រើនគ្រឿង ដោយការប្រើប្រាយជាមួយនឹងកាំជ្រួច Tomahawk ដោយបាញ់សំដៅទៅលើ ផ្ទៃទឹក និងដីគោកជាង១០កន្លែង គឺដើម្បីបញ្ឈប់សកម្មភាពរបស់ពួក Houthi ដែលកំពុងបង្ករភាពចលាចលក្នុងសមុទ្រក្រហម។
គួរបញ្ជាក់ថា បន្ទាប់ពីក្រុម Houthi បានទទួលការគាំទ្រពីអ៊ីរ៉ុងយ៉ាងពេញលេញ ពួកគេក៏ចាប់ផ្តើមរំខានដល់ផ្លូវទឹកដ៏សំខាន់មួយនេះជាប្រចាំ ព្រោះថាសមុទ្រក្រហមដែលនៅក្បែរព្រែកជីក Suez វាគឺជាសសៃឈាមដ៏សំខាន់ក្នុងការដឹកជញ្ជូនពីទ្វីបអារ៉ុប ទៅកាន់អាស៊ី។ យ៉ាងណាមិញ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនៃដើមឆ្នាំ២០២៤ សហរដ្ឋអាមេរិកបានព្យាយាមបញ្ជៀសការវាយប្រហារដោយផ្ទាល់ទៅលើប្រទេសយេម៉ែនផងដែរ តែដោយសារតែហានិភ័យនៃក្រុមឧទាម Houthi បានបង្កឲ្យតំបន់មួយនេះវាកាន់តែមានភាពតានតឹងខ្លាំងឡើងជាលំដាប់ក ដូច្នេះហើយសហរដ្ឋអាមេរិកត្រូវតែបង្ខំចិត្តលូកដៃដោយផ្ទាល់តែម្តង។
ការអន្តរាគមន៍ដោយសហរដ្ឋអាមេរិករួមមាន៖ នាវាមុជទឹក USS Florida ដែលជានាវាមុជទឹកដែលដើរដោយថាមពលនុយក្លេអ៊ែ កប៉ាល់ប្រើសម្រាប់ការវាយប្រហារ ព្រមទាំងមាននាវារងជាច្រើនគ្រឿងដែលប្រើសម្រាប់ការបាញ់មីស៊ីលក្នុងការវាយប្រហារគោលដៅពីចំងាយថែមទៀតផង។
បើទោះបីជាសហរដ្ឋអាមេរិក បានវាយប្រហារប្រឆាំងនឹងក្រុមប្រូកស៊ីរបស់អ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាមនៅតំបន់ហ្គាហ្សាក៏ដោយ តែចំពោះការវាយប្រហារលើកនេះ វាត្រូវបានគេធ្វើកំណត់សម្គាល់ថា វាគឺជាលើកដំបូងហើយ ដែលអាមេរិកចេញមុខប្រឆាំងនឹងពួកហ៊ូធីដែលនៅក្នុងប្រទេសយេម៉ែនដោយផ្ទាល់នោះ។
តែបន្ទាប់ពីការវាយប្រហារពីសំណាក់កងទ័ពអាមេរិក មេដឹកនាំក្រុម Houthi លោក Abdul Malek Al-Houthi បាននិយាយថាកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា រាល់ការវាយប្រហាររបស់អាមេរិកមកលើប្រទេសយេម៉ែន “វានឹងមិនអាចទទួលបានជាផ្លែផ្កានោះឡើយ” មេដឹកនាំរូបនេះបានព្រមានជាសម្ងាត់ទៀតថា តែចំពោះការឆ្លើយតបរបស់យើងវិញនឹងមាន “ច្រើន” ជាងការវាយប្រហារពីសំណាក់នាវារបស់សហរដ្ឋអាមេរិកនៅក្នុងសមុទ្រក្រហមទ្វេរដង។