ក្រុមហ៊ុន Apple កំពុងផ្តល់ការបញ្ចុះតម្លៃដ៏កម្រមួយលើទូរស័ព្ទ iPhone របស់ខ្លួននៅក្នុងប្រទេសចិន ដោយកាត់បន្ថយតម្លៃលក់រាយរហូតដល់ 500 យន់ (70 ដុល្លារ) ស្របពេលដែលបច្ចុប្បន្នសម្ពាធនៃការប្រកួតប្រជែងនៅក្នុងទីផ្សារស្មាតហ្វូនកាន់តែតឹងតែង នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រកាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកបានកាត់បន្ថយតម្លៃ iPhone ប្រហែលជាន 5% ដោយក្រុមអ្នកសារព័ត៌មានបានរកឃើញនៅគេហទំព័រមួយក្នុងប្រទេសចិនកាលពីថ្ងៃចន្ទ។ ការផ្សព្វផ្សាយដែលមានកំណត់ពេលវេលា ដែលដាក់ស្លាកសញ្ញាថាជាព្រឹត្តិការណ៍បុណ្យចូលឆ្នាំប្រពៃណីជាតិ នឹងមានរយៈពេលចាប់ពីថ្ងៃទី 18 ខែមករា រហូតដល់ថ្ងៃទី 21 ខែមករា ក្នុងការឈានទៅដល់ថ្ងៃឈប់សម្រាកនៅពាក់កណ្តាលខែកុម្ភៈ។
យ៉ាងណាមិញការលក់ទូរស័ព្ទ iPhone 15 ស៊េរីចុងក្រោយរបស់ Apple គឺកាន់តែធ្លាក់ចុះឡើងៗ ជាងម៉ូដែលមុនៗទៅទៀត។ ការលក់ iPhone 15 បានប្រជែងនឹងឧបសគ្គជាច្រើន តួរយ៉ាងដូចជាផលិតក្នុងស្រុកដែលរួមមាន៖ ក្រុមហ៊ុន Huawei Technologies (HWT.UL) និង Xiaomi (1810.HK) បាននិងកំពុងផ្តល់ជូននូវម៉ូដែលទំនើបៗជាច្រើន ខណៈដែលប្រទេសចិនមួយនេះ ត្រូវបានរដ្ឋាភិបាលមិនអនុញ្ញាតឲ្យបុគ្គលិករដ្ឋទាំងអស់ប្រើប្រាស់ iPhone ទៀតនោះ អាចបញ្ជាក់ឲ្យយើងដឹងយ៉ាងច្បាស់ថា ក្រុមហ៊ុន Apple អាចនឹងកាន់តែធ្លាក់ចុះជាងបច្ចុប្បន្ននេះទៅទៀត។
បើយោងតាមអ្នកវិភាគរបស់ Jefferies បាននិយាយនៅក្នុងកំណត់ត្រាអតិថិជនថា ការលក់ iPhone របស់ចិនបានធ្លាក់ចុះ 30% នៅក្នុងសប្តាហ៍ដំបូងនៃឆ្នាំ 2024 បើយើងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងនោះវាក៏ធ្លាប់បានធ្លាក់ចុះ 3% កាលពីឆ្នាំ 2023 ផងដែរ។ អ្នកវិភាគបានរំពឹងទៀតថា ទិដ្ឋភាពប្រកួតប្រជែងនៃការប្រកួតស្មាតហ្វូននឹងកាន់តែតានតឹងចាប់ពីឆ្នាំ២០២៤ នេះតទៅ។
បើទោះជាយ៉ាងនេះក្តីតែចំពោះក្រុមហ៊ុន Apple ក៏មិនអាចកាត់បន្ថយតម្លៃ iPhone ស៊េរីចុងក្រោយរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំដាក់លក់នេះបានទេ។ ព្រោះគ្រាន់តែក្រុមហ៊ុនមិនដំឡើងតម្លៃទូរស័ព្ទ iPhone 15 ស៊េរីចុងក្រោយក្នុងការចេញលក់នៅខែកញ្ញានេះ វាបានក្លាយជារឿងដែលគួរឲ្យភ្ញាក់ផ្អើរមួយទៅហើយ។
ការកែច្នៃវិធីសាស្ត្រនៃការលក់របស់ iPhone វាត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយ គឺនៅពេលដែលវាបានតាំងលក់នៅក្នុងវេទិកាទិញទំនិញអនឡាញដូចជា Pinduoduo នោះ យើងក៏អាចដឹងទៀតថា iPhone 15 និង iPhone 15 Pro វាត្រូវបានក្រុមហ៊ុនទម្លាក់តម្លៃរហូតដល់ទៅ 16% ចាប់តាំងពីដើមឆ្នាំនេះតទៅឯណោះ។
តែជុំវិញការបញ្ចុះតម្លៃដ៏កម្រខាងលើនេះ ក្រុមអ្នកយកព័ត៌មានរបស់ រ៉យទ័រ មិនអាចទទួលបានការអត្ថធិប្បាយពីខាង Apple នៅឡើយ។