រដ្ឋាភិបាលរបស់ប្រទេសប៉ាគីស្ថានបាននិយាយថា កុមារពីរនាក់បានបាត់បង់ជីវិត និងបីនាក់ទៀតរងរបួស គឺបន្ទាប់ពីប្រទេសជិតខាងខ្លួន អ៊ីរ៉ង់បានបើកការវាយប្រហារតាមអាកាស ដែលធ្វើឲ្យទីក្រុងអ៊ីស្លាម៉ាបាដបានចាត់ទុកថា វាគឺជាការរំលោភលើដែនអាកាសរបស់ប្រទេសខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ aljazeera កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៤។
ប្រទេសប៉ាគីស្ថានបាននិយាយថា ខ្លួនបានកោះហៅអ្នកការទូតកំពូលរបស់ទីក្រុង Tehran នៅទីក្រុង Islamabad ជុំវិញឧប្បត្តិហេតុនេះផងដេរ។ គួរបញ្ជាក់ថា បើយោងតាមគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមបានរាយការណ៍ពីការបំផ្ទុះនៅក្នុងខេត្ត Balochistan ដែលជាខេត្តមានភ្នំខណ្ឌចែកប្រទេសទាំងពីរ គឺមានប្រជាជនប៉ាគីស្ថានរស់នៅតាមតំបន់ព្រំដែនដែលមានចំងាយយ៉ាងតិចៗជិត 1,000 គីឡូម៉ែត្រ (620 ម៉ាយ) ។
ខាងក្រសួងការបរទេសប៉ាគីស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការរំលោភលើអធិបតេយ្យភាពរបស់ប៉ាគីស្ថាននេះ គឺពួកយើងមិនអាចទទួលយកបាននោះទេ ម្យ៉ាងទៀតប្រសិនបើពួកយើងសម្ងំស្ងៀមនោះ ពួកយើងនឹងកាន់តែមានផលវិបាកយ៉ាងធ្ងន់ធ្ងរ”។ យ៉ាងណាមិញចំពោះគ្រោះថ្នាក់កាលពីល្ងាចថ្ងៃអង្គារ «អ៊ីរ៉ុងបានធ្វើឲ្យកុមារស្លូតត្រង់ពីរនាក់ត្រូវស្លាប់ ខណៈដែលបានធ្វើឲ្យកុមារីបីនាក់រងរបួស» ហើយរឿងនេះរដ្ឋាភិបាលរបស់ប៉ាគីស្ថានក៏មិននូវស្ងៀមនោះដែរ។
ទន្ទឹមនឹងប្រតិកម្មរបស់រដ្ឋាភិបាលប៉ាគីស្ថាន តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍មុននេះថា ក្រុងតេអេរ៉ង់បានកំណត់គោលដៅលើមូលដ្ឋានពីរនៃក្រុមប្រដាប់អាវុធ Jaish al-Adl ដែលស្ថិតនៅក្នុងប្រទេសប៉ាគីស្ថាន ដោយក្នុងនោះទីភ្នាក់ងារព័ត៌មាន IRNA និងទូរទស្សន៍រដ្ឋបាននិយាយថា អ៊ីរ៉ុងនិងប្រើ មីស៊ីល ព្រមទាំងយន្តហោះគ្មានមនុស្សបើក ដើម្បីបើកការវាយប្រហារថែមទៀតផង។ បើយោងតាម ទូរទស្សន៍ Press TV ដែលជាប្រព័ន្ធផ្សព្វផ្សាយជាភាសាអង់គ្លេសរបស់អ៊ីរ៉ង់ បានឲ្យដឹងទៀតថា អ៊ីរ៉ុងបានចាត់ទុកការវាយប្រហារនេះថា ជាឆ្មាំបដិវត្តន៍ប៉ារ៉ាយោធារបស់អ៊ីរ៉ង់ ប៉ុន្តែពួកគេក៏មិនបានអត្ថាធិប្បាយជាផ្លូវការនោះទេ។
គួរបញ្ជាក់ថា Jaish al-Adl វាគឺជា “កងទ័ពយុត្តិធម៌” ដែលកំពុងតែបើកការវាយប្រហារយ៉ាងសាហាវប្រឆាំងនឹងឆ្មាំព្រំដែនអ៊ីរ៉ង់ចាប់តាំងពីឆ្នាំ 2013 មកម្ល៉េះ ។
បើយោងតាមសេចក្តីថ្លែងការណ៍របស់ប៉ាគីស្ថានមិនបាននិយាយពីទីតាំងនៃឧបទ្ទវហេតុនេះទេ ប៉ុន្តែមន្ត្រីសន្តិសុខប៉ាគីស្ថានពីរនាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Associated Press ថាការវាយប្រហាររបស់អ៊ីរ៉ង់ ដោយក្នុងនោះពួកគេបានបំផ្លាញវិហារអ៊ីស្លាមមួយនៅក្នុងស្រុក Panjgur របស់ Balochistan ដែលមានចម្ងាយប្រហែល 50 គីឡូម៉ែត្រ (30 ម៉ាយ)ពីព្រំដែនប្រទេសទាំងពីរ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសប៉ាគីស្ថានដដែលបាននិយាយទៀតថា “រដ្ឋាភិបាលរបស់ប៉ាគីស្ថានតែងតែនិយាយថា អំពើភេរវកម្មគឺជាការគំរាមកំហែងទូទៅចំពោះប្រទេសទាំងអស់នៅក្នុងតំបន់ ដែលទាមទារឱ្យមានសកម្មភាពសម្របសម្រួល” ។ ហើយចំនែកឯ“ទង្វើឯកតោភាគីបែបនេះ វាហាក់ដូចជាមិនសមស្របនឹងទំនាក់ទំនងក្នុងនាមជាអ្នកជិតខាងល្អទេ ព្រោះវាបានបំផ្លាញទំនុកចិត្តរបស់ពួកយើងយ៉ាងធ្ងន់ធ្ងរ”។