ការរិះគន់គឺកាន់តែកើនឡើងជាលំដាប់ ជាពិសេសគឺសមាជិករបស់គណបក្សដែលកំពុងកាន់អំណាច (PPP) ហើយរឿងទាំងអស់នេះវាបានបង្កើតជាភាពចម្រូងចម្រាសមួយជុំវិញជំទាវទីមួយ Kim Keon Hee តាមរយៈវីដេអូមួយ ដែលត្រូវបានគេយកទៅចែកចាយជាបន្តបន្ទាប់ ព្រោះវាជាសកម្មភាពរបស់ភរិយាប្រធានាធិបតីខាងត្បូង បានទទួលយកកាបូប Dior ពីគ្រូគង្វាលជនជាតិអាមេរិក-កូរ៉េ កាលពីក្នុងខែកញ្ញា ឆ្នាំ 2022 នេះបើយោងតាមការចុះផ្សាយរបស់ koreantimes កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៤។
ការទាមទារពីសមាជិកបក្ស PPPគឺពួកគេចង់បានដំណោះស្រាយពីប្រធានាធិបតីបច្ចុប្បន្នគឺលោក Yoon Suk Yeol មកស្រាយបំភ្លឺជុំវិញអារម្មណ៍អវិជ្ជមានរបស់ប្រជាជន ខណៈដែលស្វាមីភរិយាប្រធានាធិបតីបានរក្សាភាពស្ងៀមស្ងាត់។ យ៉ាងណាមិញក្នុងនាមជាម្ចាស់សន្លឹកឆ្នោត និងជាសមាជិករបស់គណបក្ស ពួកគេសូមតំណាងឲ្យប្រជាពលរដ្ឋកូរ៉េខាងត្បូងទាំងអស់ ដោយសូមអំពាវនាវទៅកាន់ការិយាល័យប្រធានាធិបតី Yoon Suk Yeol គួរតែធ្វើសន្និសីទសារព័ត៌មានដើម្បីបកស្រាយរាល់ចម្ងល់ទាំងអស់នោះ។
បើយោងតាម លោក Han Dong-hoon ដែលជាមេដឹកនាំបណ្ដោះអាសន្នរបស់បក្ស PPP បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី ១៨ នេះ ថា ភាពចម្រូងចម្រាសនៃកាបូបរបស់ស្រ្តីទីមួយ “វាអាចក្លាយជាបញ្ហា នៃការព្រួយបារម្ភរបស់សាធារណៈជន”។ លោក Han បាននិយាយថា៖ «ជាទូទៅ បញ្ហាដែលបានកើតឡើងនេះផងដែរ វាគឺជាការរៀបចំផែនការរបស់បុគ្គលណាមួយ ដោយប្រើកាមេរ៉ាស៊ើបការណ៍ដោយសម្ងាត់។
បើយោងតាមរយៈទីភ្នាក់ងារ Voice of Seoul ដែលជាបណ្តាញព័ត៌មានមួយ ដែលមានមូលដ្ឋានលើ YouTube សេរីបានអះអាងកាលពីខែវិច្ឆិកាថា ជំទាវទីមួយរបស់កូរ៉េខាងត្បូង បានទទួលអំណោយកាបូប Christian Dior មួយដែលមានតម្លៃប្រហែល 3 លានវ៉ុន (2,240 ដុល្លារ) ពីគ្រូគង្វាលអាមេរិកម្នាក់កាលពីខែកញ្ញា ឆ្នាំ 2022។ ការផ្សព្វផ្សាយដែលអមជាមួយនិងវីដេអូនៅកន្លែងកើតហេតុ វាក៏បានធ្វើឲ្យវីដេអូមួយនោះត្រូវបានគេយកទៅចែកចាយពីម្នាក់ទៅម្នាក់ស្ទើតែពាសពេញពិភពលោក។ ម្យ៉ាងទៀតទន្ទឹមនឹងនោះ វាក៏មានព័ត៌មានក្នុងស្រុកមួយចំនួនក៏បានសរសេរទៀតថា ជំទាវទី១ Kim Keon Hee គឺមានជាប់ពាក់ព័ន្ធនឹងរឿងគ្រប់គ្រងភាគហ៊ុន ហើយលោកជំទាវ ក៏ត្រូវបានរងនូវការស៊ើបអង្កេតជាពិសេសដោយក្រុមប្រឹក្សាពិសេសរបស់រដ្ឋសភាថែមទៀតផង ប៉ុន្តែក្នុងករណីមួយនេះ វាត្រូវបានលុបចោលក្រោយមានការអន្តរាគមន៍ពីលោក Yoon ។
រាល់ការរិៈគន់ពីមហាលជនកន្លងមក វាបែរជាធ្វើឲ្យប្រធានរបស់គណបក្សប្រជាជន PPP សង្កត់ធ្ងន់ថា ការចោទប្រកាន់នេះគឺមានហេតុផលនយោបាយ ហើយករណីខាងលើនេះវាសុទ្ធសឹងតែជាចំផែនការ ដែលក្រុមប្រឆាំងមានបំណងធ្វើបាបលោកស្រី Kim។ ហើយចំពោះជនរងគ្រោះពិតប្រាកដនោះ វាគឺជាលោកស្រី Kim ទៅវិញទេ ដូច្នេះយើងក៏មិនចាំបាច់ត្រូវបកស្រាយនោះដែរ។
ប៉ុន្តែប្រសិនបើយើងក្រឡែកទៅមើលលទ្ធផលនៃការបោះឆ្នោតអាណត្តិបន្ទាប់វិញនោះ ប្រាកដណាស់គណបក្សប្រឆាំងគឺកំពុងតែមានប្រៀបជាងគណបក្សដែលកំពុងតែកាន់អំណាច។ តើលោក Yoon អាចទទួលបានការគាំទ្របន្តទៀតដែរឬក៏អត់នោះ?
យ៉ាងណាមិញភាពមិនច្បាស់លាស់វានឹងនៅតែបន្ត ប្រសិនបើមិនមានការបកស្រាយណាមួយឲ្យបានច្បាស់លាស់នោះ។