ប្រសិនបើអ្នកធ្វើដំណើរទៅកាន់ទីក្រុងឌូបៃ លោកអ្នកក៏អាចក្រេបរសជានៃស្រាក្រឡុកមួយប្រភេទ ដែលផ្សំឡើងពីទឹកកកធម្មជាតិពិតៗ។ ដោយខាងក្រុមហ៊ុន Arctic Ice ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅហ្គ្រីនលែន បានអះអាងថា ខ្លួនបានជ្រើសយកទឹកកកដែលល្អឥតខ្ចោះ ព្រោះវាបានមកពីការបំបែកចេញពីផ្ទាំងទឹកកកបុរាណធំៗនៃមហាលសមុទ្រអាក់ទិច ដើម្បីបញ្ជូនទៅកាន់ប្រទេសអារ៉ាប់រួម តាមរយៈប្រទេសដាណឺម៉ាក នេះបើយោងតាមការចុះផ្សាយរបស់កាសែតបារាំងកាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៤។
វាជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើរជាខ្លាំង ដែលតាមបាមួយចំនួននៅក្នុងទីក្រុងឌូបៃ បានប្តូរទំលាប់ពីការប្រើប្រាស់ទឹកកកដែលផលិតដោយរោងចក្រ ហើយទៅស្វែងរកអ្វីផ្សេងដែលកាន់តែអស្ចារ្យជាងប្រទេសផ្សេងៗនៅក្នុងពិភពលោកទៅទៀតនោះ។ យ៉ាងណាមិញបើយោងតាមគេហទំព័ររបស់ Artic Ice គឺបានសរសេរថា ខ្លួនគឺជាក្រុមហ៊ុនដែលអាចផ្តល់ជូនលោកអ្នកនូវ ” ទឹកកកដែលបរិសុទ្ធជាងគេបំផុតក្នុងពិភពលោក ” ហើយទឹកកកទាំងនោះគឺបានមកពីផ្ទាំងទឹកកកធម្មជាតិដែលបានកកក្នុងមហាលសមុទ្រអាក់ទិចអស់រយៈពេលជាង 100,000 ឆ្នាំកន្លងមកហើយ។
គេហទំព័ររបស់ក្រុមហ៊ុនមួយនេះបានសរសេរទៀតថា “ផ្នែកនៃផ្ទាំងទឹកកករបស់យើងដែលផ្តល់ជូនអ្នក គឺមិនមានទំនាក់ទំនងជាមួយដីសូម្បីតែបន្តិច ជាពិសេសគឺគ្មានសារធាតុបំពុលណាមួយដែលបង្ករឡើងដោយសកម្មភាពរបស់មនុស្សជាដាច់ខាត។ ម្យ៉ាងវិញទៀតរាល់ដំទឹកកកដែលក្រុមហ៊ុនយើងបានជ្រើសរើស យើងសូមធានាថា វាសុទ្ធសឹងតែជាទឹកកកអាកទិក ដែលអាចប្រែក្លាយទៅជា H20 ដែលស្អាតបំផុតនៅលើផែនដី”។
បើយោងតាមអ្នកជំនាញផ្នែកទឹកកកជនជាតិបារាំង Heïdi Sevestre ដែលធ្វើការនៅ AMAP ដែលជាកម្មវិធីត្រួតពិនិត្យ និងវាយតម្លៃតំបន់អាក់ទិកអន្តរជាតិ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា “ទឹកកកដែលយើងយកមកជូនអ្នក វាគឺជាទឹកកកវេទមន្ត ព្រោះថាទឹកកកដែលមានអាយុកាលជាយូយាណាស់មកហើយនោះ វារលាយក្នុងកម្រឹតយឺតៗបំផុត។
លោកបានបន្ថែមថា ពួកយើងមាន “ហេតុផលគ្រប់គ្រាន់” ក្នុងការបញ្ជូនទឹកកកដែលមានគុណភាពទៅកាន់ ទីក្រុងឌូបៃ បើទោះជាទីនោះវាមានចម្ងាយច្រើនជាង 7,000 គីឡូម៉ែត្រក៏ដោយ។
តែទន្ទឹមនឹងនោះ វាក៏មានអ្នករិៈគន់ជាច្រើនបានលើកឡើងថា៖ «ការបាត់បង់ផ្ទាំងទឹកកក វានឹងធ្វើឲ្យមានផលប៉ះពាល់ដល់បរិស្ថាន បើទោះបីជាក្រុមហ៊ុនកំពុងព្យាយាមយ៉ាងខ្លាំងក្នុងការប៉ះប៉ូវកាបូនិកក្នុងរយៈពេលដំបូងក៏ដោយ»។
បើទោះជាយ៉ាងនេះក្តី ក្រុមហ៊ុន Artic Ice បានអះអាងថា ពួកគេនឹងផ្តល់ជូននូវកាបូនមួយដ៏ពេញលេញ ដោយផ្អែកលើបច្ចេកទេសស្តុកកាបូនថ្មីពីក្រុមអ្នកជំនាញរបស់ខ្លួន។
ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ក្រុមអ្នកវិទ្យាសាស្ត្រជាច្រើននៅក្នុងប្រទេសបារាំង បាននិយាយថា វាមិនអាចទៅរួចនោះទេ (មិនជឿទេ)។
បើយោងតាមអ្នកវិទ្យាសាស្ត្រម្នាក់ដែលមានមូលដ្ឋាននៅក្នុងប្រទេសបារាំងបានឆ្លើយតបនិងក្រុមហ៊ុន Artic Ice ថា ហ្គ្រីនឡែន គឺជាតំបន់មួយដែលមានកំដៅលឿនបំផុតរបស់ភពផែនដី។
ការសិក្សា មួយ ដោយ Nasa ដែលបានចេញផ្សាយកាលពីថ្ងៃពុធក្នុងទស្សនាវដ្តី Nature បានបង្ហាញថា ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យផ្ទាំងទឹកកកដែលស្ថិតនៅតំបន់ Greenland បានបាត់បង់ប្រមាណ 20 ភាគរយ ហើយប្រសិនបើក្រុមហ៊ុននៅតែចង់បន្តដឹកជញ្ជូនដុំទឹកកកចេញពីទីនេះបន្ថែមទៀតនោះ តើយើងអាចស្រោចស្រង់ការឡើងកំដៅនៃភពផែនដីដោយរបៀបណា?
គួរបញ្ជាក់ថា កាលពីក្នុងឆ្នាំ ២០២៣ ក្រុមហ៊ុន Artic Ice បានដឹកទឹកកកចេញពីមហាលសមុទ្រអាក់ទិក ប្រហែល ២០ តោន ដោយកាលនោះក្រុមហ៊ុនបាននិយាយថា ទីក្រុងឌូបៃនឹងឈ្នះចិត្តរបស់អតិថិជនកាន់តែច្រើន។