មជ្ឈមណ្ឌលស្រាវជ្រាវថៃ Kasikorn (K-Research) បាននិយាយថា ប្រាក់បាតអាចនឹងធ្លាក់ចុះបន្ថែមទៀត គឺរហូតដល់ 36 បាតទើបអាចប្តូរបានមួយដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៤។
រូបិយប័ណ្ណថៃកាលពីថ្ងៃព្រហស្បតិ៍ គឺត្រូវបានគេជួញដូរនៅក្នុងតម្លៃចន្លោះពី 35.76-35.78បាត ទើបប្តូរបានប្រាក់មួយដុល្លា។ បើយោងតាមរយៈលោកស្រី Kanjana Chockpisansin ប្រធានផ្នែកស្រាវជ្រាវនៅ K-Research បាននិយាយថា ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកគឺនៅតែរក្សាអត្រាការប្រាក់ខ្ពស់ក្នុងរយៈពេលយូរបន្តទៀត ខណៈដែលអត្រានៃអតិផរណាគឺមានកម្រឹតខ្ពស់ជាងគោលដៅរបស់ខ្លួន។
លោកស្រីបានបន្តថា ពួកយើងបានព្យាករទុកទៀតថា ធនាគារកណ្តាលអាមេរិកនឹងចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់នៅត្រីមាសទីពីរក្នុងឆ្នាំនេះ។ តែទន្ទឹមនឹងនោះ ទស្សនវិស័យសម្រាប់សេដ្ឋកិច្ចថៃគឺនៅតែមានភាពផុយស្រួយនៅឡើយ។
អ្នកស្រីបាននិយាយបន្តថា បើយើងគិតត្រឹមថ្ងៃទី 24 ខែមករា លំហូរចេញនៃមូលនិធិពីទីផ្សារភាគហ៊ុនថៃមានចំនួនសរុប 23.9 ពាន់លានបាតក្នុងមួយឆ្នាំ ខណៈដែលក្រុមអ្នកវិនិយោគបរទេសជាច្រើនបានព្យាយាមលក់មូលបត្របំណុលនៅក្នុងប្រទេសថៃ ហើយប្រសិនបើយើងគិតជាទឹកប្រាក់គឺមានតម្លៃប្រមាណ 5.9 ពាន់លានបាត។
អ្នកស្រី Kanjana បានប្រាប់ កាសែតបាងកកប៉ុស្តិ៍ ថា “ប្រសិនបើផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាមេរិក និងតួលេខអតិផរណានៅតែមានភាពរឹងមាំ ប្រាកដណាស់ប្រាក់បាតអាចធ្លាក់ដល់ 36 ទើបស្មើមួយដុល្លារ” ។
អ្នកស្រី Kanjana មានជំនឿជាក់ថា គ្រប់សកម្មភាពដែលបានកើតឡើងនៅក្នុងប្រទេសមហាលអំណាចដូចជាសហរដ្ឋអាមេរិក ជាការពិតណាស់វានឹងជះឥទ្ធិពលកាន់តែខ្លាំងទៅលើប្រាក់បាត។