ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ បាននិយាយថា ការស៊ើបអង្កេតដែលធ្វើឡើងដោយប្រទេសរបស់លោក បានរកឃើញថា ប្រព័ន្ធការពារដែនអាកាស Patriot ដែលផលិតដោយសហរដ្ឋអាមេរិក វាត្រូវបានអ៊ុយក្រែនយកទៅប្រើប្រាស់ដើម្បីបាញ់ទម្លាក់ យន្តហោះដឹកជញ្ជូនយោធារបស់ខ្លួន Ilyushin Il-76 ខណៈដែលយន្តនោះកំពុងបើកនៅក្នុងទឹកដីរបស់រុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ newsweek កាលពី ៣១ ខែមករា ឆ្នាំ២០២៤។
សង្រ្គាមកូនកាត់រវាងអ៊ុយក្រែន និងរុស្ស៊ីវាត្រូវបាន មន្ត្រីរបស់វិមានក្រឹមឡាំងបាននិយាយថា ការប្រើប្រាស់អាវុធរបស់លោកខាងលិច និងអាមេរិកដោយទីក្រុង Kyiv មកលើទឹកដីរុស្ស៊ី វាអាចបង្កើតបានជាការឆ្លងកាត់មួយ ដែលយើងហៅថា “បន្ទាត់ក្រហម” ហើយវាក៏បណ្តាលឱ្យមានការកើនឡើងនៃជម្លោះផងដែរ។
មន្ត្រីវិមានក្រឹមឡាំងបាននិយាយទៀតថា តាមពិតទៅការឆ្លងបន្ទាត់ក្រហម វាបានកើតឡើងចាប់ពីមានការផ្តល់អាវុធរយៈចម្ងាយឆ្ងាយដោយចក្រភពអង់គ្លេសមកម្ល៉េះ។ ហេតុដូច្នេះហើយ វិមានក្រឹមឡាំងអាចនិងមិនស្ទាក់ស្ទើរក្នុងការឆ្លើយតបទៅវិញនោះទេ ព្រោះថាទាំងសហរដ្ឋអាមេរិក និងពួកលោកខាងលិច បានព្យាយាមផ្គត់ផ្គង់សព្វាវុធគ្រប់ប្រភេទដល់ទីក្រុងគីវកន្លងមក រុស្ស៊ីគឺមានហេតុផលគ្រប់គ្រាន់ក្នុងការឆ្លើយតបនិងសកម្មភាពរបស់ពួកគេ។
យ៉ាងណាមិញការធ្លាក់ យន្តហោះ Il-76 កាលពីថ្ងៃទី២៤ ខែមករា នៅតំបន់ Belgorod របស់រុស្ស៊ី ដែលមានទីតាំងស្ថិតនៅជិតព្រំដែនអ៊ុយក្រែន វាក៏បានទាក់ទាញចំណាប់អារម្មណ៍ពីអន្តរជាតិជាខ្លាំង។ ព្រោះគ្រប់គ្នានៅលើយន្តហោះគឺត្រូវបានគេសម្លាប់ ហើយរុស្ស៊ីបានអះអាងថា ក្នុងនោះគឺមានមានអ្នកទោសសង្គ្រាមអ៊ុយក្រែនចំនួន ៦៥ នាក់ ដែលត្រៀមសម្រាប់ការដោះដូរថែមទៀតផង។
ប៉ុន្តែបើទោះបីជាមានការអះអាងបែបនេះដោយភាគីរុស្ស៊ីយ៉ាងណាក្តី ចំពោះភាគីអ៊ុយក្រែនបានឆ្លើយតបវិញថា ខ្លួនមិនទទួលខុសត្រូវចំពោះការបាញ់ទម្លាក់យន្តហោះនោះទេ ។
បើយោងតាមកាសែត The Moscow Times បានសរសេរថា “ការបាញ់ទម្លាក់យន្តហោះរបស់ប្រទេសខ្លួន គឺជាការបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស Patriot របស់អាមេរិក” ។
តែចំពោះក្រុមការងាររបស់ Newsweek គឺមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យលើការអះអាងរបស់លោក Putin ទាក់ទងនឹងការស៊ើបអង្កេតរុស្ស៊ីលើឧប្បត្តិហេតុនេះបានដែរទេ។
រាល់ការអត្ថធិប្បាយរបស់មេដឹកនាំរុស្ស៊ីតាមរយៈសេចក្តីរាយការណ៍បាននិយាយថា អ៊ុយក្រែនពិតជានៅពីក្រោយការបាញ់ទម្លាក់យន្តហោះ Il-76 ។ ហើយការធ្លាក់យន្តហោះ Il-76 នេះផងដែរវាត្រូវបានលោក Andrey Kartapolov ប្រធានគណៈកម្មាធិការការពារជាតិនៃសភារុស្ស៊ីបាននិយាយថា ប្រព័ន្ធ Patriot របស់អាមេរិក និងប្រព័ន្ធ Iris T ដែលផលិតដោយអាឡឺម៉ង់ វាប្រាកដជាមានមួយដែលចូលរួមប្រើប្រាស់ក្នុងឧបទ្ទវហេតុខាងលើនេះ។ លោក Kartapolov ក៏បាននិយាយផងដែរថា ទីក្រុងមូស្គូបានផ្តល់ការព្រមានដល់ទីក្រុង Kyiv រយៈពេល 15 នាទី មុនពេលយន្តហោះចូលទៅក្នុងតំបន់ដែលបានធ្លាក់។ ហេតុដូច្នេះហើយ ការស៊ើបអង្កេតបឋមរបស់រុស្ស៊ីដែលរាយការថា កាំជ្រួចប្រឆាំងយន្តហោះដែលបាញ់ចេញពីភូមិ Liptsy ដែលជាភូមិមួយក្នុងសង្កាត់ Kharkov នៃប្រទេសអ៊ុយក្រែន វាពិតជាអ្នកដែលបានបាញ់ទម្លាក់យន្តហោះនោះយ៉ាងពិតប្រាកដ។
លោក ពូទីន បាននិយាយថា “កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះរបស់ខ្លួន ដែលផ្ទុកទាហានចំនួន 65 នាក់ដើម្បីដោះដូរនោះ គឺត្រូវបានលោក ពូទីន ហៅទង្វើលនោះថា វាគឺជាអំពើឧក្រិដ្ឋកម្ម” ។
បើទោះជាយ៉ាងណាក៏ដោយ ខាងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីឧបទ្ទវហេតុនេះ ប៉ុន្តែក្នុងនោះមានអ្នកជំនាញជាច្រើនបាននិយាយថា ខ្លួនមិនអាចផ្ទៀងផ្ទាត់ទៅលើការធ្លាក់យន្តហោះនោះបាននៅឡើយ។