នាយកដ្ឋានកែតម្រូវរបស់ប្រទេសថៃ (DoC) បាននិយាយកាលពីថ្ងៃអង្គារថា អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចនឹងបញ្ចប់ការជាប់ពន្ធនាគារត្រឹមពាក់កណ្តាលខែនេះ គឺនៅថ្ងៃទី 18 ខែកុម្ភៈ បន្ទាប់ពីមានការរាយការណ៍មួយបានលើកឡើងថា លោក ថាក់ស៊ីន គឺមានសិទ្ធិទទួលបាននូវការលើកលែងទោសជាពិសេស នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២៤។
ប្រភពខាងលើបាននិយាយទៀតថា DoC ខាងនាយកដ្ឋានរបស់ខ្លួនបានចងក្រងបញ្ជីអ្នកទោសដែលមានសិទ្ធិសម្រាប់ការដោះលែង និងការលើកលែងទោសពិសេស ដោយក្នុងនោះក៏មានឈ្មោះរបស់លោក ថាក់ស៊ីន ផងដែរ។ ប្រភពមួយនេះបាននិយាយបន្តទៀតថា ការទទួលបាននូវការលើកលែងទោសពិសេស ពួកគេនឹងផ្តល់ជូនដល់អ្នកទោសទាំងអស់ដែលមានអាយុលើសពី 70 ឆ្នាំ ឬអ្នកដែលមានជំងឺធ្ងន់ធ្ងរ និងពិការភាពជាដើម ។
គួររំលឹកថា បន្ទាប់ពីការនិរទេសខ្លួនឯងអស់រយៈពេល 15 ឆ្នាំកន្លងមក លោក ថាក់ស៊ីន បានវិលត្រឡប់មកប្រទេសថៃវិញនៅថ្ងៃទី 22 ខែសីហា ឆ្នាំ 2023 ដែលកាលនោះតុលាការកំពូលរបស់ថៃ បានកាត់ទោសគាត់ឱ្យជាប់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំ ប៉ុន្តែក្រោយមកអ្នកទោសរូបនោះត្រូវបានព្រះមហាលក្សត្រទ្រង់ព្រះរាជទានទោសមកសល់ត្រឹមមួយឆ្នាំវិញ។
ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ នៅយប់ដំបូងក្នុងពន្ធនាគារបាងកករបស់លោក ថាក់ស៊ីន ដែលជាអតីតនាយករដ្ឋមន្ត្រីរូបនេះក៏ត្រូវបានគេផ្ទេរទៅកាន់មន្ទីរពេទ្យទូទៅប៉ូលីសនៅយប់ថ្ងៃដដែល ដោយលើកពីហេតុផលមួយថា គាត់មានជំងឺធ្ងន់ធ្ងរ។
យ៉ាងណាមិញ សម្រាប់បញ្ជីឈ្មោះអ្នកទោសដែលមានសិទ្ធិអាចទទួលបាននូវលើកលែងទោសទាំងអស់នោះ ប្រភពខាងលើបាននិយាយថា ពួកគេត្រូវរង់ចាំការសម្រេចចិត្តចុងក្រោយដោយក្រសួងយុត្តិធម៌ជាមុនសិន។