អតីតទីប្រឹក្សារបស់លោក Donald Trump ជាច្រើននាក់បានព្រមានថា អតីតប្រធានាធិបតីរបស់សហរដ្ឋអាមេរិកនឹងព្យាយាមដកសហរដ្ឋអាមេរិកចេញពីសម្ព័ន្ធភាពណាតូជាផ្លូវការនៅថ្ងៃណាមួយ ប្រសិនបើគាត់ជាប់ឆ្នោតជាប្រធានាធិបតីនាអាណត្តិទីពីរ នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៤។
យ៉ាងណាមិញការប្រកាសរបស់លោក Trump ទៅលើផ្នែកការពារសន្តិសុខរបស់សហរដ្ឋអាមេរិក វាក៏ជះឥទ្ធិពលទៅដល់កិច្ចព្រមព្រៀងត្រីភាគីមួយផ្សេងទៀតដូចគ្នា គឺនៅក្នុងកិច្ចព្រមព្រៀងដែលស្តីអំពីការការពារទៅវិញទៅមករបស់ខ្លួនជាមួយកូរ៉េខាងត្បូង និងជប៉ុន។
គួរបញ្ជាក់ថា ថ្វីត្បិតតែការលើកឡើងខាងលើនេះមិនបានចេញពីមាត់របស់លោក Trump ដោយផ្ទាល់ក៏ដោយ ប៉ុន្តែវាគឺជាការអះអាងរបស់ឧត្តមសេនីយ៍ដែលបានចូលនិវត្តន៍ម្នាក់ John Kelly ដែលគ្រប់បានស្គាល់រូបលោកយ៉ាងច្បាស់ថា គាត់គឺជាអ្នកបម្រើការជាប្រធានបុគ្គលិកសេតវិមានយ៉ាងជិតដិតម្នាក់របស់លោក Trump ។
លោក Kelly បាននិយាយទៀតថា វាហាក់ដូចជាមិនមានប្រយោជន៍ណាមួយទាល់តែសោះរវាងសហរដ្ឋអាមេរិក នឹងអង្គការណាតូ។ លោកបាននិយាយបន្តទៀតថា បើទោះបីជាសហរដ្ឋអាមេរិកដើរចេញពីអង្គការណាតូក៏ពិតមែន តែលោកជឿជាក់ថា លោកពូទីនក៏នៅតែមិនហ៊ានបន្តការឈ្លានពានរបស់លោកតទៅទៀតដែរ ម្យ៉ាងទៀត មេដឹកនាំកូរ៉េងខាងជើងក៏មិនមានលទ្ធិភាពគ្រប់គ្រាន់ក្នុងការឈ្លានពានកូរ៉េងខាងត្បូងនោះដែរ។ ហេតុដូច្នេះហើយ សហរដ្ឋអាមេរិកមិនគួរណាបង្កើនការចំណាយទៅលើសម្ព័ន្ធមិត្ត និងអង្គការណាតូតទៅទៀតឡើយ។ លោកបាននិយាយរៀបរាប់ថា ការទាមទាររបស់ប្រធានាធិបតី Joe Biden កន្លងមក វាគឺគ្មានប្រយោជន៍អ្វីក្រៅពីការបង្កឲ្យប្រជាជនអាមេរិកបន្ថែមការបង់ពន្ធ ហើយពិភពលោកគឺមានតែសង្រ្គាមមិនចេះចប់។
ប្រសិនបើយើងរំលឹកឡើងមកបន្តិច នៅក្នុងស្នូលនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង គឺបានបែងចែកនៅក្នុងមាត្រាទាំង 5 នៃសន្ធិសញ្ញា គឺមានន័យថា ការសន្យានៃការការពារសមូហភាព -ប្រសិនបើមានការវាយប្រហារណាមួយដែលជាសមាជិក នោះវានឹងក្លាយទៅជាការវាយប្រហារលើប្រជាជាតិទាំងអស់នៅក្នុងសម្ព័ន្ធភាព។
ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ លោក Trump បានត្អូញត្អែរជាយូរណាស់មកហើយថា ចំនួនទឹកប្រាក់ដែលសមាជិកណាតូចំណាយលើវិស័យការពារជាតិ គឺមិនអាចធៀបនឹងសហរដ្ឋអាមេរិកបានឡើយ។
មានក្រុមអ្នកជំនាញជាច្រើនបាននិយាយថា ប្រសិនបើលោក Donald Trump ជាប់ឆ្នោត ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់ ក៏នឹងស្ថិតនៅក្នុងគ្រោះថ្នាក់ដូចគ្នាដែរ។
ប្រសិនបើយើងរំឮកឡើងមកវិញពីស្ទីល Trump នឹងអនុវត្តនៅក្នុងការិយាល័យ Oval គាត់បាននិយាយថា តៃវ៉ាន់ពិតជាតូចពេកហើយក្នុងការការពារខ្លួនដោយជោគជ័យដើម្បីប្រឆាំងនឹងការឈ្លានពានរបស់ចិន ហើយតៃវ៉ាន់ក៏តូចពេកដែរសម្រាប់សហរដ្ឋអាមេរិកក្នុងការធ្វើឲ្យយើងទៅយកចិត្តទុកដាក់នោះ។