ក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡា Nike បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងកាត់បន្ថយកំលាំងពលកម្មការងាររបស់ខ្លួនសរុបប្រហែលជា 2% ឬក៏ច្រើនជាង 1,600នាក់ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នាថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៤។
តើមានមូលហេតុអ្វីខ្លះទើបបានជា ក្រុមហ៊ុនយក្សរបស់សហរដ្ឋអាមេរិកមួយនេះបានប្រឈមមុខនឹងការកាត់បន្ថយបុគ្គលិក?
ការធ្លាក់ចុះនៃសេដ្ឋកិច្ច វាអាចជាកក្តាចម្បងនៃការកាត់បន្ថយចំណាយរបស់ក្រុមហ៊ុន បើទោះបីវាគឺជាក្រុមហ៊ុនយក្សមួយនេះវាគឺជាក្រុមហ៊ុនមួយដែលកំពុងតែនាំមុខគេនៅក្នុងពិភពលោកយ៉ាងណាក៏ដោយ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Nike បានប្រកាសពីផែនការរបស់ខ្លួន គឺបន្ទាប់ពីក្រុមហ៊ុនថយចុះនៃប្រាក់ចំនេញកាលពីឆ្នាំ២០២៣។
យ៉ាងណាមិញការធ្លាក់ចុះនៃប្រាក់ចំណេញ ថ្វីត្បិតតែនៅពេលនេះវាមានតែក្រុមហ៊ុន Nike បានប្រកាសពីការកាត់បន្ថយបុគ្គលិកក៏ពិតមែន ប៉ុន្តែបើយោងទៅតាមអ្នកជំនាញខាងផ្នែកសេដ្ឋកិច្ចជាច្រើននៅក្នុងពិភពលោកបានទស្សទាយទៀតថា ការកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ វាបានប៉ះពាល់ទៅដល់ក្រុមហ៊ុនដៃគូរសកលរបស់ Nike រួចទៅហើយ ហេតុដូច្នេះហើយ ការកាត់បន្ថយចំនាយនាថ្ងៃមុខវាក៏អាចជា Adidas, Puma និង JD Sports ផងដែរ។
បើយើងរំលឹកឡើងមកវិញបន្តិច គឺមុនពេលការប្រកាសពីការកាត់បន្ថយបុគ្គលិករបស់ក្រុមហ៊ុនលក់សម្លៀកបំពាក់ និងស្បែកជើងកីឡាដែលធំជាងគេនៅក្នុងពិភពលោក ក្រុមការងាររបស់រ៉យទ័របានបង្ហាញទៀតថា កាលពីខែធ្នូ ក្រុមហ៊ុន Nike បានប្រកាសពីយុទ្ធនាការដំបូងរបស់ខ្លួនផងដែរ ហើយវាគឺជាផែនការនៃការសន្សំប្រាក់ឲ្យបានចំនួន 2 ពាន់លានដុល្លារក្នុងរយៈពេល 3 ឆ្នាំខាងមុខ។ ប្រភពដដែលបានឲ្យដឹងទៀតថា ក្រុមហ៊ុន Nike និងផ្តើមចេញពីជំហ៊ាដំបូង ដែលជាការរឹតបន្តឹងទៅលើក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលមួយចំនួនរបស់ខ្លួន ការកែលម្អខ្សែសង្វាក់ផ្គត់ផ្គង់ ការកាត់បន្ថយស្រទាប់គ្រប់គ្រង និងការបង្កើនឲ្យមានការប្រើប្រាស់ឲ្យបានច្រើនជាងមុនជាដើម។
ប៉ុន្តែបើទោះជាយ៉ាងនេះក្តី យុទ្ធសាស្ត្រទាំងនេះវាគ្រាន់តែផែនការមួយដែលត្រូវអនុវត្តន៍ក្នុងរយៈពេលវែងតទៅមុខទៀត។ យ៉ាងណាមិញ អ្វីដែលក្រុមហ៊ុនត្រូវតែគិតគូរសម្រាប់ស្ថានភាពជាក់ស្តែងដែលកំពុងតែកើតឡើងនោះ វាគឺការកាត់បន្ថយចំណាយ។ ក្រុមហ៊ុន Nike មានបុគ្គលិកសរុបប្រហែល 83,700 នាក់ ប្រសិនបើយើងគិតត្រឹមថ្ងៃទី 31 ខែឧសភា ឆ្នាំ 2023 នេះបើយោងតាមឯកសាររបស់ក្រុមហ៊ុន។
បើយោងតាមការរាយការពីខាងកាសែត Wall Street Journal ដែល បានរាយការណ៍ ជាលើកដំបូងថា ការកាត់បន្ថយត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅថ្ងៃសុក្រ ហើយដំណាក់កាលទីពីរនឹងត្រូវបញ្ចប់នៅចុងត្រីមាសបច្ចុប្បន្ន។
ប្រភពមួយនេះបានបង្ហាញទៀតថា នៅក្នុងរបាយការណ៍បាននិយាយថា ការបញ្ឈប់បុគ្គលិកមិនត្រូវបានគេរំពឹងថានឹងប៉ះពាល់ដល់បុគ្គលិកនៅក្នុងហាង និងមជ្ឈមណ្ឌលចែកចាយ ឬអ្នកដែលនៅក្នុងរចនាម៉ូដរបស់ខ្លួននោះឡើយ។