ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសកូរ៉េខាងជើងបាននិយាយនៅថ្ងៃអង្គារនេះថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រគល់រថយន្តសេរីថ្មីAurus ដល់សមភាគីកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដើម្បីបញ្ជាក់ពីភក្តីភាពចំពោះទំនាក់ទំនងផ្ទាល់ខ្លួនរបស់ពួកគេទាំងពីឲ្យកាន់តែមានភាពកក់ក្តៅ នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៤។
យោងទៅតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា រថយន្តទំនើបដែលផលិតដោយជនជាតិរុស្ស៊ី គឺត្រូវបានគេរចនាឡើងម្រាប់លោក គីម ជុងអ៊ុន ជាពិសេសតែម្តង ហើយរថយន្តនោះបានបញ្ជូនទៅកាន់កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ ដោយគណៈប្រតិភូរុស្ស៊ីរួចរាល់ហើយផងដែរ។
មន្ត្រីស៊ើបការណ៍ដោយសម្ងាត់របស់អាមេរិកវិញ បានសម្តែងអំពីការព្រួយបារម្ភរបស់ខ្លួនជាខ្លាំង ព្រោះថាប្រសិនបើការសហការរវាងប្រទេសកុំម្មុយនីសទាំងពីរនេះកាន់តែស៊ីជម្រៅ នោះផលប៉ះពាល់រយៈពេលវែងក្នុងកម្រិតថ្មីមួយទៀតរបស់ពួកគេមកលើពួកសេរីគឺកាន់តែមានការកើនឡើងដូចគ្នា នេះបើតាមមន្ត្រីជាច្រើននាក់ដែលធ្លាប់ស្គាល់ពីគំនិតរបស់មេដឹកនាំទាំងពីរ បាននិយាយប្រាប់ CNN ។
គួរបញ្ជាក់ថា រុស្ស៊ីបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីដែលផ្គត់ផ្គង់ដោយកូរ៉េខាងជើងទៅកាន់គោលដៅរបស់អ៊ុយក្រែនជាញឹកញាប់គឺនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ទន្ទឹមនឹងនេះ ខាងមន្ត្រីរបស់អាមេរិកបានលើកឡើងថា កូរ៉េខាងជើងអាចប្រើប្រាស់ទំនាក់ទំនងថ្វេរភាគីនេះ ដើម្បីបង្ហាញពីសក្តានុពលនុយក្លេអ៊ែរបស់ទីក្រុងព្យុងយ៉ាងដើម្បីទៅបន្ធូរបន្ថយឥទ្ធិពលរបស់ចិនថែមទៀតផង។
ប្រសិនបើយើងរំលឹកឡើងមកវិញបន្តិច គឺកាលពីខែមករា មានមន្ត្រីការទូតជាន់ខ្ពស់របស់កូរ៉េខាងជើង និងរុស្ស៊ីបានជួបប្រជុំគ្នានៅទីក្រុងមូស្គូ គឺមុនពេលដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនិយាយថា វាគឺជាដំណើរទស្សនកិច្ចនាពេលខាងមុខ ដោយក្នុងនោះយើងអាចចាប់អារម្មណ៍ដឹងថា ការធ្វើដំណើររបស់លោក ពូទីន ទៅកាន់ទីក្រុងព្យុងយ៉ាង វាគឺជាដំណើរទស្សនកិច្ចលើកដំបូងហើយសម្រាប់លោក។
តែបើទោះជាយើងដឹងថា លោក ពូទីន ពិតជាកម្រេចាកចេញពីប្រទេសរបស់លោកក៏ពិតមែន តែចំពោះវត្តមានរបស់មេដឹកនាំវិមានក្រឹមឡាំងលើកនេះ គឺកើតឡើងបន្ទាប់ពី លោក គីម បានទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី សម្រាប់ កិច្ចប្រជុំកំពូលជាមួយលោកពូទីន កាលពីក្នុងខែកញ្ញា។ មេដឹកនាំកូរ៉េខាងជើង បានគាំទ្រចំពោះសង្គ្រាមរបស់វិមានក្រឹមឡាំងលើអ៊ុយក្រែនយ៉ាងពេញទំហឹង ហើយលោកបាននិយាយថា “ខ្ញុំនឹងឈរជាមួយរុស្ស៊ីជានិច្ច”។
យ៉ាងណាមិញ ចំពោះអំណោយរបស់លោក ពូទីន អាចនឹងបំពានលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលដាក់លើប្រទេសកូរ៉េខាងជើង សម្រាប់ការប្រើប្រាស់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។ តើរុស្ស៊ីអាចខ្វល់ខ្វាយនឹងទណ្ឌកម្មនោះដែរឬអត់? ព្រោះបើយោងតាមរបាយការណ៍ជាច្រើនបានបង្ហាញថា រុស្ស៊ីបានលក់រថយន្តប្រណីតៗជាហូរហែរទៅកាន់ប្រទេសមួយនេះ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។
ក្រុមការងាររបស់ CNN បានរាយការទៀតថា មេដឹកនាំកូរ៉េខាងជើង បានប្រើប្រាស់រថយន្តទំនើបៗដែលផ្គត់ផ្គង់ដោយរុស្ស៊ីដូចជា Limousine Mercedes-Maybach Pullman Guard ប្រសិនបើយើងគិតជាទឹកប្រាក់វិញ រថយន្តខ្លះគឺវាមានតម្លៃលើសពី 1 លានដុល្លារក៏មានដែរ។
ប្រភពខាងលើបាននិយាយទៀតថា ទីក្រុងព្យុងយ៉ាងបាននាំចូលរថយន្តប្រណីត ដែលមកពីប្រទេសរុស្ស៊ីច្រើនជាង 800 គ្រឿងឯណោះ គឺចន្លោះឆ្នាំ 2015 ដល់ 2017 ហើយរថយន្តទាំងនោះទៀតសោតវាត្រូវបានគេរាយការណ៍ថា គឺសម្រាប់តែមេដឹកនាំ គីម ជុងអ៊ុន តែម្នាក់ប៉ុណ្ណោះ។