ក្រុមហ៊ុនចិនធំៗប្រហែលជា 16 កន្លែងបានបង្កើតកងកម្លាំងប្រយុទ្ធអស់រយៈពេលជាងឆ្នាំកន្លងមកហើយ នេះបើយោងតាមការវិភាគរបស់ CNN ដោយយោងទៅតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៃប្រទេសចិន។
អង្គភាពទាំងយក្សរបស់ចិន ដែលត្រូវបានគេស្គាល់ថាជានាយកដ្ឋានកងកម្លាំងប្រដាប់អាវុធរបស់ប្រជាជន គឺមានការចូលរួមដោយជនស៊ីវិលជាច្រើននាក់ ដោយស្ថិតនៅក្រោមការថែរក្សាការងារចំពោះពួកគេ។
ប្រភពខាងលើបាននិយាយទៀត សកម្មភាពទាំងនេះ វាគឺជាការត្រៀមទុកមួយយ៉ាងជាក់លាក់ គឺដើម្បីជាធ្វើជាកងកម្លាំងបម្រុង និងជំនួយសម្រាប់យោធារបស់ប្រទេសចិន ក្នុងករណីប្រទេសបានជួបនឹងគ្រោះមហន្តរាយធម្មជាតិ ឬពេលមានសង្រ្គាមជាដើម។
ក្រុមអ្នកវិភាគ ក៏ដូចជាអ្នកជំនាញរបស់ CNN បាននិយាយថា ការបង្កើតកងពលតូចតាមសាជីវកម្មជាច្រើនកន្លែងបែបនេះ វាអាចបង្ហាញថា មេដឹកនាំទីក្រុងប៉េកាំងកំពុងតែមានការព្រួយបារម្មណ៍អំពីជម្លោះដែលអាចកើតមាននៅក្រៅប្រទេស ក៏ដូចជាភាពចលាចលក្នុងសង្គម ស្របពេលដែលសេដ្ឋកិច្ចរបស់ខ្លួននាពេលនេះគឺកាន់តែយ៉ាប់យឺន។
យ៉ាងណាមិញ”ការត្រឡប់មកវិញនៃកងជីវពលសាជីវកម្ម គឺវាបានឆ្លុះបញ្ចាំងពីការកើនឡើងនៃការផ្តោតអារម្មណ៍របស់លោក ស៊ី ជីងពីង ទៅលើតម្រូវការដើម្បីធ្វើសមាហរណកម្មដើម្បីការអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើងជាមួយនឹងសន្តិសុខជាតិនាថ្ងៃអនាគត ខណៈដែលប្រទេសនេះកំពុងតែប្រឈមមុខនឹងអនាគតដ៏លំបាកជុំវិញការប្រកួតប្រជែងខាងផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង។
លោក បាននិយាយថា “កងជីវពលសាជីវកម្ម គឺត្រូវតែស្ថិតនៅក្រោមការដឹកនាំរបស់យោធាចិន ហើយវាក៏អាចជួយឱ្យបក្សកុម្មុយនិស្តកាន់តែមានប្រសិទ្ធភាព ក្នុងការលុបបំបាត់ឧប្បត្តិហេតុនៃភាពចលាចលក្នុងសង្គមតួរយ៉ាងដូចជា ការតវ៉ារបស់អ្នកទិញ ព្រមទាំងការធ្វើកូដកម្មពីសំណាក់បុគ្គលិកផងដែរ”។
គួរបញ្ជាក់ថា សេដ្ឋកិច្ច របស់ប្រទេសចិន បានកើនឡើងប្រមាណ 5.2% កាលពីក្នុងឆ្នាំ 2023 ហើយទិន្នន័យនោះវាភាពល្អប្រសើរជាងទិសដៅផ្លូវការដែលទីក្រុងប៉េកាំងបានកំណត់ទៅទៀត។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី សម្រាប់ប្រទេសមួយដែលជាមហាអំណាចសេដ្ឋកិច្ចធំជាងគេទី២នៅក្នុងពិភពលោកមួយនេះ ក៏នៅតែប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជា ការធ្លាក់ចុះនៃទីផ្សាអចលនទ្រព្យ ភាពអត់ការងារធ្វើរបស់យុវជន និងអតិផរណាបានកើនឡើងជាលំដាប់។
ផ្ទុយទៅវិញ នៅក្នុងរយៈពេលវែងជាងនេះ លោក Xi ប្រហែលជាកំពុងរៀបចំសម្រាប់តែការលុកលុយកោះតៃវ៉ាន់តែប៉ុណ្ណោះ ព្រោះថាមេដឹកនាំរូបនេះ កំពុងតែព្យាយាមធ្វើឲ្យទីក្រុងធំៗរបស់ចិនភាគច្រើននឹងក្លាយទៅជា”តំបន់យោធា” ឬ “កំពង់ផែ” ។
លោក Xi បានប្តេជ្ញាថា “ការបង្រួបបង្រួមឲ្យក្លាយទៅជាប្រទេសចិនតែមួយ” វាគឺជាមូលហេតុចម្បង ដែលលោកចង់ឲ្យកោះតៃវ៉ាន់ត្រូវតែស្ថិតនៅក្រោមការដឹកនាំរបស់ទីក្រុងប៉េកាំង។
ដូច្នេះការកេនទ័ព វាត្រូវបានពិភពលោកមើលឃើញយ៉ាងទូលំទូលាយថា បក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចរបស់ចិន គឺមានមហិចតាតែមួយគត់ គឺដើម្បីដណ្តើមយកកោះតៃវ៉ាន់។