អ្នកការទូតកំពូល របស់ប្រទេសចិនលោក Wang Yi បានចោទប្រកាន់សហរដ្ឋអាមេរិកថា ទីក្រុងវ៉ាស៊ីនតោន មានគោលបំណងរៀបចំជាយុទ្ធសាស្ត្រ ដើម្បីកៀបសង្កត់មកលើប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២៤។
គួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលអ្នកតំណាងប្រទេសចិន ហ៊ានថ្លែងបែបនេះ ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ គឺនៅខាងក្រៅការជួបជុំមួយរវាងអ្នកនយោបាយដែលធ្វើឡើងនៅទីក្រុងប៉េកាំង។ វេទិកាមួយដែលត្រូវបានក្រុមការងាររបស់ CNN បានរាយការណ៍ថា វាគឺកិច្ចប្រជុំដែលបានរៀបចំឡើងដោយមេដឹកនាំចិន គឺដើម្បីបង្ហាញពីការអភិវឌ្ឍផ្នែកបច្ចេកវិទ្យា តែផ្ទុយទៅវិញប្រទេសមួយនេះបានប្រឈមមុខនឹងការទប់ស្កាត់ពីសំណាក់ទីក្រុងវ៉ាស៊ីនតោន។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយទៅកាន់ប្រមុខការទូតរបស់សហរដ្ឋអាមេរិកទៀតថា ពាក្យថាបញ្ជីទណ្ឌកម្មឯកតោភាគីរបស់ទីក្រុងវ៉ាស៊ីនតោននៅពេលនេះ គឺវាបានឈានដល់ “កម្រិតមួយដែលចិនមិនអាចទទួលយកបាននោះ ព្រោះរាល់ភស្តុតាងដែលសហរដ្ឋអាមេរិកបានលើកឡើងនៅពេលនេះ វាពិតជាមិនសមហេតុផលទាល់តែសោះ” ។
លោក Wang បាននិយាយទៀតថា ការរឹតបន្តឹងផ្នែកបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកវាហាក់ដូចជាហួសហេតុ លោកបាននិយាយបន្តថា ប្រសិនបើអាមេរិកចង់រីកចម្រើនតែម្នាក់ឯងនោះគឺអាចនិយាយតាមត្រង់បាន ប៉ុន្តែអ្នកមិនគួរបដិសេធលើការអភិវឌ្ឍដែលស្របច្បាប់ពីប្រទេសដទៃនោះឡើយ។ តើយុត្តិធម៌អន្តរជាតិស្ថិតនៅឯណា?
គួរបញ្ជាក់សារជាថ្មីថា ការអត្ថាធិប្បាយរបស់លោក Wang ទៅកាន់សហរដ្ឋអាមេរិក គឺបានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានចោទប្រកាន់ប្រទេសចិនថា ចិនបានររំលោភសិទ្ធិមនុស្សនៅក្នុង Xinjiang ហើយជាពិសេសនោះ អាមេរិកបាននិយាយទៀតថា ចិនបានផ្តល់ការគាំទ្រសម្រាប់ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនថែមទៀតផង។
លោកបានលើកឡើងទៀតថា លោកសូមអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោនធ្វើការជាមួយទីក្រុងប៉េកាំងដើម្បី “នាំទំនាក់ទំនងមកវិញលើផ្លូវនៃការអភិវឌ្ឍប្រកបដោយស្ថិរភាព និងនិរន្តរភាព”។
អ្វីដែលជាគោលបំណងនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំក្នុងសប្តាហ៍នេះ គឺការជំរុញរបស់ប្រទេសចិនដើម្បីពង្រឹង “ភាពជឿជាក់លើខ្លួនឯង និងភាពរឹងមាំរបស់ខ្លួននៅក្នុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា” ដោយក្នុងនោះខាងទីក្រុងប៉េកាំងបានផ្ញើសារទៅកាន់ទីក្រុងវ៉ាស៊ីនតោនទៀតថា ការពឹងផ្អែកលើខ្លួនឯង វាគឺជារឿងមួយដែលល្អជាជាងយើងទៅអង្គុយរង់ចាំបច្ចេកវិទ្យាពីអ្នកដទៃ។
គួររំលឹកថា រាជរដ្ឋាភិបាលរបស់ប្រទេសបានប្រកាសពីផែនការរបស់ខ្លួនថា ចិននឹងបង្កើនថវិកាប្រចាំឆ្នាំនសម្រាប់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចំនួន 10% ឬស្មើនឹង 370.8 ពាន់លានយន់ (51.6 ពាន់លានដុល្លារ) ចំនួនមួយនេះផងដែរ វាត្រូវបានគេដឹងថា វាគឺជាចំនួនដ៏ធំបំផុតប្រសិនបើយើងគិតចាប់តាំងពីឆ្នាំ 2019 មក។