អត្រានៃភាពក្រីក្ររបស់មនុស្សវ័យចំណាស់នៅក្នុងប្រទេសកូរ៉េខាងត្បូង គឺធ្លាប់បានថយចុះម្តងរួចទៅហើយកាលពីមុនឆ្នាំ 2022 តែឥឡូវនេះភាពក្រីក្ររបស់មនុស្សចាស់គឺបានកើនឡើងម្តងទៀតហើយ ដែលជាមូលហេតុធ្វើរដ្ឋាភិបាលរបស់ប្រទេសមួយនេះ បានព្រួយបារម្មជាខ្លាំង ជាពិសេសគឺទាក់ទងទៅនឹងលទ្ធភាពរបស់ពួកគាត់ក្នុងការទទួលបានការថែទាំសុខភាពឲ្យបានត្រឹមត្រូវ នេះបើយោងតាមការចុះផ្សាយពីកាសែត the Korean times កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៤។
បើយោងទៅតាមរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទសប្តាហ៍នេះបានឲ្យដឹងថា ខាងក្រសួងសុខាភិបាលរបស់កូរ៉េខាងត្បូងបានលើកឡើងថា អត្រានៃភាពក្រីក្រនៃមនុស្សចាស់ដែលមានអាយុចាប់ពី 65 ឆ្នាំឡើងទៅ គឺបានកើនឡើងរហូតដល់ទៅ 38.1 ភាគរយនៅក្នុងឆ្នាំនេះ ឬក៏កើនឡើង 0.5 ភាគរយធៀបបើនឹងឆ្នាំមុន។
យ៉ាងណាមិញចំពោះអត្រានៃភាពក្រីក្រដែលកំពុងតែកើនឡើង គឺវាមានជាប់ទាក់ទងទៅនឹងមនុស្សដែលមានប្រាក់ចំណូលក្រោម 50 ភាគរយនៃប្រាក់ចំណូលជាមធ្យមមុនគេ។ ក្នុងនោះផងដែរ ខាងក្រសួងបានលើកឡើងទៀតថា ចំពោះតួរលេខរបស់ស្ត្រីដែលមានអាយុចាប់ពី 65 ឆ្នាំឡើងវិញ គឺមានច្រើនជាង 43 ភាគរយទៅទៀត ខណៈដែលខាងបុរសមានប្រហែល 31 ភាគរយ។
គួររំលឹកថា កាលពីឆ្នាំ 2020 តួលេខខាងលើនេះគឺធ្លាប់បានធ្លាក់ចុះក្រោម 40 ភាគរយរួចម្តងទៅហើយ គឺលើកដំបូងនៃភាពក្រីក្ររបស់មនុស្សចាស់គឺមានត្រឹមតែ 38.9 ភាគរយ ហើយបន្ទាប់មកទៀតវាក៏បានធ្លាក់ចុះរហូតដល់ 37.6 ភាគរយកាលពីឆ្នាំ 2021 ប៉ុន្តែកាលពីឆ្នាំ 2022 តួរលេខក៏បានកើនឡើងដល់ 38.1 ភាគរយ។
អត្រានៃភាពក្រីក្រចុងក្រោយបំផុតសម្រាប់មនុស្សចាស់នៅក្នុងប្រទេសកូរ៉េខាងត្បូង គឺខ្ពស់ជាងតួលេខសម្រាប់ប្រជាជនទាំងមូលរបស់ប្រទេសទៅទៀត។ ប្រសិនបើយើងនិយាយពីប្រជាជនដែលមានអាយុចន្លោះពី18 ទៅ 65 ឆ្នាំវិញ ក្នុងចំណោមពួកគេគឺមានប្រហែលជា 10 ភាគរយប៉ុណ្ណោះ ដែលមានចំណូលតិចជាង 50 ភាគរយនៃអ្នកដែលមានចំណូលមធ្យម ។ បើយោងតាមទិន្នន័យរបស់ OECD វិញបានបង្ហាញថា អត្រានៃភាពក្រីក្រដែលទាក់ទងសម្រាប់មនុស្សដែលមានអាយុ 66 ឆ្នាំឬចាស់ជាងនេះនៅក្នុងប្រទេសកូរ៉េខាងត្បូង គឺមានចំនួនប្រហែលជា 40.4 ភាគរយឯណោះ ចំនួននេះគឺពិតជាខ្ពស់ជាងមធ្យមភាគ OECD ដែលធ្លាប់បានធ្វើការកត់ត្រា រហូតដល់ទៅ 14.2 ភាគរយ។