Aura Skypool វាជាកន្លែងលំហែរអារម្មណ៍ និងជាកន្លែងជជែកកំសាន្តមួយប្រភេទដែលខ្ពស់កប់ពពក។ Aura Skypool វាបានក្លាយទៅជាអាងទឹកមួយដែលគ្មានដែនកំណត់ ព្រោះវាមានទីតាំងស្ថិតនៅលើកំពូលនៃ Palm Tower ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងឌូបៃ។
បច្ចុប្បន្នចំពោះទិដ្ឋភាពនៅលើពិភពលោក វាមិនមានអ្វីដែលគួរឱ្យយើងមានភាពភ្ញាក់ផ្អើលទៀតនោះទេ តែអាងហែលទឹក Palm Tower វាបានផ្តល់នូវបទពិសោធន៍ថ្មីមួយបន្ថែមទៀត ជាមួយនឹងទេសភាពព័ទ្ធជុំវិញខ្លួនយើងរហូតដល់ 360 ដឺក្រេនៃទីក្រុងឌូបៃ។ លើសពីនេះទៅទៀត សម្រាប់ទីតាំងសំខាន់ៗទាំងអស់ដែលយើងអាចមើលឃើញយ៉ាងច្បាស់ពី Aura Skypool គឺយើងអាចមើលឃើញអគារដែលខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោក Burj Khalifa, អគារ Burj Al Arab និង Ain Dubaiជាដើម។
ការបំផុសគំនិត ដោយសិក្សាពីចំណាប់អារម្មណ៍របស់ពួកមហាលសេដ្ឋី និងអ្នកមានទ្រព្យសម្បត្តិច្រើន ទីក្រុងឌូបៃពិតជាមានភាពមមាញឹកខ្លាំងណាស់ ព្រោះថាមហិចតារបស់អារ៉ាប់រួម គឺចង់ឲ្យមនុស្សទាំងអស់នោះមានអារម្មណ៍ត្រេកត្រអារ ចង់ដឹងនិងស្គាល់អ្វីទៅជាឌូបៃ។
ការប្រើជីវិតមួយដ៏ស៊ីវីល័យ ដោយអមជាមួយនឹងភោជនីយដ្ឋានប្រមាណប្រាំបីកន្លែង ព្រមទាំងបន្ទប់ VIP ជាច្រើប្រភេទ បូករួមទាំងកន្លែងអង្គុយ និងគ្រែគេងដ៏អស្ចារ្យទៀតនោះ ពិតណាស់ប្រសិនបើអ្នកមានលទ្ធភាពប្រាកដជាចង់ទៅទស្សនាឌូបៃជាមិនខាន។ យ៉ាងណាមិញក្នុងចំណោមអ្នកដែលបានទៅដល់អាងហែលទឹក Aura Skypool ក្រុមការងាររបស់ CNN បានធ្វើបទសម្ភាសន៍ដោយផ្ទាល់ជាមួយអ្នកដែលបានទៅលេងនៅទីនោះថា ការអង្គុយនៅញាំអីនៅក្បែរអាងហែលទឹកខ្នាតយក្សមួយនោះ គឺគាត់បានទទួលអារម្មណ៍ថា គាត់ហាក់ដូចជាកំពុងតែស្ថិតនៅក្នុងលំហ។ គាត់បាននិយាយបន្តទៀតថា នៅពេលដែលយើងកំពុងតែស្ថិតនៅក្នុងអាងទឹកដែលគ្មានដែនកំណត់នោះវិញ យើងក៏មានអារម្មណ៍មួយទៀតថា វាហាក់បីដូចជាគ្មានអ្វីដែលនៅពីក្រោមយើងទាល់តែសោះ នៅពេលនោះហើយយើងពិតជាមានអារម្មណ៍ដ៏គួរឲ្យភ្ញាក់ផ្អើថា យើងកំពុងតែហែលទឹកនៅកណ្តាលពពក ព្រមទាំងបានមើលឃើញទីក្រុងឌូបៃស្ទើតែ ៣៦០ ឌឺក្រេ ហើយយើងអាចដឹងយ៉ាងច្បាស់ថា ទីក្រុងមួយនេះវាពិតជាស្រស់ស្អាតខ្លាំងណាស់”។
កន្លែងងូតទឹក ដែលមានការគ្រប់គ្រងដោយសីតុណ្ហភាពយ៉ាងត្រឹមត្រូវ និងព្រមទាំងមានបំពាក់នូវឧបករណ៍បំពងសំឡេងក្រោមទឹកទៀតនោះ កន្លែងងូតទឹកដែលធំជាងគេមួយនេះគឺពិតពិសេសនិងជាអស្ចារ្យ។
ចំពោះថ្លៃសំបុត្រចូលទៅហែលទឹកសម្រាប់មនុស្សម្នាក់ គឺមានតម្លៃតិចបំផុត$272 ហើយប្រសិនបើអ្នក ហែលទឹកនៅកាប៊ីន VIP ដែលបំពាក់ដោយប្រព័ន្ធសំឡេងផ្ទាល់ខ្លួន ម៉ាស៊ីនត្រជាក់ ផ្កាឈូក ព្រមទាំងបន្ទប់ទទួលទានអាហារ និងសួនច្បារឯកជនវិញនោះ អ្នកអាចនិងត្រូវចំណាយប្រាក់យ៉ាងតិចក៏ $10,000 ដែរ។
អាងហែលទឹកដែលមានទម្ងន់ជិត 10,000 តោន និងមានទំហំប្រមាណ ៧០០ ម៉ែត្រការ៉េ វាត្រូវបានសាងសង់ជាប្រាំបីផ្នែក ហើយលើកដាក់ជាមួយរថយន្តស្ទូចក្នុងរយៈពេលបីថ្ងៃ ដែលតម្រូវឱ្យផ្លូវចរាចរណ៦ខាងក្រោមត្រូវបានបិទជាច្រើនដង។ ចំពោះគម្រោងនៃការសាងសង់អាងហែលទឹកខ្នាតយក្សដំបូងគេបង្អស់នេះផងដែរ ខាងក្រុមការងាររបស់ CNN បានរាយការណ៍ថា ក្នុងតម្លៃមួយដែលមិនជាក់លាក់ យ៉ាងតិចបំផុតក៏ 1 ពាន់លានដុល្លារដែរ។