ទីបំផុតស្នេហារបស់តារាចម្រៀងស្រី Karina ដែលមហាលជនស្គាល់យ៉ាងច្បាស់ថា ជាសមាជិកដ៏លេចធ្លោម្នាក់របស់ក្រុមចម្រៀងនារី K-pop Aespa នៅពេលនេះនាង និងលោក Lee Jae-wook, បានសម្រេចចិត្តចែកផ្លូវគ្នារួចទៅហើយ គឺបន្ទាប់ពីពួកគេបានរងនូវការរិៈគន់ពីមហាលជនជាច្រើនសប្តាហ៍កន្លងមក។
បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មានក្នុងស្រុកមួយដែលមានឈ្មោះថា Yonhap គឺពួកគេបានសរសេរថា កាលពីថ្ងៃល្ងាចអង្គារ តារាសម្តែង Lee Jae-wook និង តារាចម្រៀងស្រី Karina បានបញ្ចប់ទំនាក់ទំនងស្នេហា គឺបន្ទាប់ពីពួកគេទាំងពីរបានទាក់ទងគ្នាអស់រយៈ ៥សប្តាហ៍កន្លងមក។
យ៉ាងណាមិញបើយោងទៅតាមទីភ្នាក់ងារគ្រប់គ្រងរបស់ C-JeS Studios បាននិយាយនៅក្នុងការចេញផ្សាយថា នៅពេលនេះតារាសម្តែងរបស់យើងគឺលោក Lee Jae-wook បានសម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហារបស់ខ្លួន ដោយផ្តោតតែលើការងារតែមួយមុខគាត់ ហើយនាពេលបច្ចុប្បន្ននេះផងដែរលោក Lee គ្រាន់តែចង់បានការយកចិត្តទុកពីមិត្តរួមអាជីព ពីអ្នកគាំទ្រ និងក្រុមគ្រួសាររបស់លោកតែប៉ុណ្ណោះ ។
ប៉ុន្តែបើទោះជាយ៉ាងនេះក្តី អ្នកយកព័ត៌មានរបស់ យ៉ុនហាប់ក៏បានព្យាយាមទាក់ទងទីក្រុមការងាររបស់ K-pop Aespa ផងដែរ គឺជាអ្នកគ្រប់គ្រងរបស់ SM Entertainment ដោយផ្ទាល់តែម្តង ដើម្បីធ្វើការបញ្ជាក់អំពីរឿងមួយនេះឲ្យកាន់តែច្បាស់។
គួររំលឹកថា ទំនាក់ទំនងរបស់ពួកគេត្រូវបានបង្ហាញជាលើកដំបូងនៅថ្ងៃទី 27 ខែកុម្ភៈ នៅពេលដែល Dispatch ដែលជាបណ្តាញព័ត៌មានកម្សាន្តអនឡាញក្នុងស្រុកដ៏ពេញនិយមមួយបានរាយការណ៍ថា តារាទាំងពីរដួងខាងលើបានណាត់ជួបគ្នាជាច្រើនលើក រហូតដល់ពួកគេបានធ្វើឱ្យទំនាក់ទំនងមួយនោះក្លាយទៅជាសាធារណៈ។
តារាទាំងពីររូបត្រូវបានគេរាយការណ៍ទៀតថា ពួកគេបានជួបគ្នាដំបូងគឺនៅក្នុងកម្មវិធីបង្ហាញម៉ូដមួយដែលធ្វើឡើងក្នុងទីក្រុង Milan កាលពីខែមករា បន្ទាប់មកពួកគេក៏ចាប់ផ្ដើមមានស្នេហា។
មិនខ្វល់ថា Karina បានរងនូវការរិៈគន់ទាំងក្នុងនិងក្រៅប្រទេសយ៉ាងក៏ដោយ តែនៅពេលនេះក្រុមនារី k-pop Aespa គឺមានគម្រោងចេញអាល់ប៊ុមថ្មីរបស់ខ្លួននៅឆមាសទីពីរនៃឆ្នាំនេះរួចទៅហើយ។
ហើយចំណែកឯលោក Lee វិញ ដែលត្រូវបានគេស្គាល់ថាជាតួឯកនៅក្នុងរឿងភាគរបស់ទូរទស្សន៍ TVN “Alchemy of Souls” គឺត្រូវបានក្រុមការងាររបស់លោកបានបញ្ជាក់ថា បច្ចុប្បន្នលោកកំពុងតែសម្តែងនៅក្នុងរឿងភាគមួយដែលជារបស់ក្រុមហ៊ុន Disney មានចំណងជើងថា “The Impossible Heir” រឿងនោះគឺគេមានគម្រោងចាក់បញ្ចាំងនាពេលឆាប់ៗនេះហើយ។