ចំនួននៃអ្នកដែលគេងមិនលក់គឺចេះតែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ តែទន្ទឹមនឹងនោះអ្នកលក់សម្ភារៈសម្រាប់បន្ទប់គេង និងអាហារបំប៉នបែជាកាន់តែមានទីផ្សាទៅវិញ។ បើយោងតាមការរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកមួយដែលមានឈ្មោះថា Korean times បានឲ្យដឹងថា ពួកគេបានចាប់អារម្មណ៍ទៅលើការបញ្ជារទិញពីប្រជាពលរដ្ឋរបស់ខ្លួនទៅលើសម្ភារៈក្នុងផ្ទះគួរឲ្យកត់សម្គាល់ ហើយជាពិសេសនោះគឺ ពូក ភួយ និងខ្នើយខ្លាំងជាងគេ។ តើមានមូលហេតុអ្វីខ្លះ ដែលធ្វើឲ្យអ្នកទាំងនោះព្យាយាមសន្សំសំចៃលើការទិញទំនិញប្រណិត តែបែរជាជំនួសដោយសម្ភារៈបន្ទប់គេងទៅវិញ?
បើយោងតាមការធ្វើសម្ភាសន៍ដោយផ្ទាល់ជាមួយនិងនារីម្នាក់ ដែលកំពុងតែទិញពូក ក៏ដូចជាខ្នើយដែលមានតម្លៃថ្លៃនាងបាននិយាយប្រាប់ កាសែតkorean times ថា នាងមានឈ្មោះថា Kim Eh-ra នាងគឺជាបុគ្គលិកបម្រើការនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែង ហើយបច្ចុប្បន្ននាងមានវ័យជាង 30 ឆ្នាំហើយ នាងបាននិយាយថា ជារៀងរាល់ខែ នាងតែងតែចំណាយប្រាក់ខែរបស់នាង ដោយនាងមិនខ្វល់ថាសម្ភារៈទាំងនោះមានតម្លៃថ្លៃប៉ុណ្ណាទេ សំខាន់ឲ្យតែនាងអាចគេងលក់ស្រួល នាងបាននិយាយបន្តទៀតថា ចាប់តាំងពីនាងមានភាពតានតឹង បូករួមទាំងសម្ភាពពីកន្លែងធ្វើការងាររបស់នាងមក នាងក៏កាន់តែប្រឈមជាមួយនឹងបញ្ហាដំណេកជាប្រចាំ។
នាងបាននិយាយបន្តទៀតថា នាងនៅពេលនេះបានក្លាយទៅជាមនុស្សស្រីម្នាក់ដែលគេងមិនលក់ ហើយនាងក៏បានចាប់ផ្តើមប្រើប្រាស់ជាមួយនឹងថ្នាំងងុយគេងដំបូងនោះគឺវាមានតម្លៃប្រហែល 10,000 វ៉ុន (7.30 ដុល្លារ) ប៉ុណ្ណោះ) ហើយបន្ទាប់មកនាងក៏ប្រើប្រាស់ដល់អាហារបំប៉នជាច្រើនប្រភេទ រួមទាំងថ្នាំ melatonin gmmies និងថ្នាំគ្រាប់ម៉ាញ៉េស្យូមថែមទៀតផង។ តែនៅទីបំផុតនាងក៏សម្រេចចិត្តទិញខ្នើយមួយប្រភេទដែលមានតម្លៃជាង 300,000 វ៉ុន ទៅទៀត តែខ្ញុំមិនខ្វល់ទេព្រោះខ្ញុំចង់គេងលក់ស្រួលដូចមនុស្សទូទៅដែរ”។
ចំពោះការលើកឡើងខាងលើនេះ បើយោងទៅតាមការរៀបរាប់ពីអ្នកជំនាញម្នាក់ ដែលមានមូលដ្ឋាននៅ KB Financial Group កាលពីថ្ងៃពុធបានឲ្យដឹងថា បច្ចុប្បន្នការចំណាយរបស់ប្រជាជនយើងទៅលើថ្នាំជំនួយដំណេក និងសម្ភារៈសម្រាប់ការគេងវាហាក់ដូចជាមានចំនួនច្រើនលើសលប់។ លោកបានបន្តទៀតថា ទីផ្សារសម្រាប់ការទទួលទានដំណេកវាកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកូរ៉េ ហើយវាក៏ជាការកើនឡើងមួយដែលលើសពី 6 ដង ឬស្មើនឹង 3 ពាន់ពាន់លានវ៉ុនឯណោះប្រសិនបើយើងគិតក្នុងចន្លោះពីឆ្នាំ 2011 ដល់ឆ្នាំ 2021 ។ លោកបាននិយាយរៀបរាប់ទៀតថា ទីផ្សានៃការលក់ថ្នាំងងុយគេង អាហារបំប៉ន ឬសម្ភារៈបន្ទប់គេងវានិងកាន់តែមានការកើនឡើងជាងពេលនេះទៅទៀត។
លោកបានលើកឡើងទៀតថា សម្រាប់ទិន្នន័យកាលពីក្នុងឆ្នាំ 2021 ខាង OECD បាននិយាយថា ពេលវេលាគេងជាមធ្យមរបស់មនុស្សទូទៅគឺប្រហែលជា 471 នាទីក្នុងមួយថ្ងៃ ហើយវាគ្រាន់តែទាបជាងចំនួននាទីដែលOECD បានកំណត់ត្រឹមតែ 30 នាទី តែប៉ុណ្ណោះ។
ហើយប្រសិនបើយើងនិយាយពីប្រជាជន ដែលរស់នៅក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំៗនៅក្នុងពិភពលោកវិញនោះ ប្រទេសកូរ៉េខាងត្បូងគឺជាប្រទេសមួយដែលធ្វើបានល្អជាងគេ បើទោះបីជាក្នុងនោះប្រជាជនរបស់ប្រទេសជាមធ្យមបានចំណាយពេលគេងប្រហែលជា 442 នាទីជារៀងរាល់ថ្ងៃក៏ដោយ។
ម្យ៉ាងទៀតប្រសិនបើយើងក្រឡែកទៅមើលប្រជាជននៃប្រទេសអភិវឌ្ឍនតួយ៉ាងដូចជា ចក្រភពអង់គ្លេសនោះ ទិន្នន័យបានបង្ហាញថា ជាមធ្យមប្រជាជនរបស់ប្រទេសអង់គ្លេសបានចំណាយពេលសម្រាប់ការគេងប្រហែលជា 508 នាទីក្នុងមួយថ្ងៃ ខណៈដែលជនជាតិអូស្ត្រាលីមាន 512 នាទី ជនជាតិអាមេរិកមាន 531 នាទី និងជនជាតិចិនមាន 541 នាទី។
បើទោះជាយ៉ាងនេះក្តី បើយើងនិយាយទៅលើគុណភាពនៃការគេងលក់របស់ជនជាតិកូរ៉េខាងត្បូងវាជាចំនួនមួយដែលយើងអាចចាត់ទុកថាល្អគួរសម។
តាមពិតទៅចំពោះការទទួលទានដំណេក ខាង WHO បានគិតគូរជាយូយាណាស់មកហើយ បើយោងទៅតាមការធ្វើកម្រងសំនួររបស់ពួកគេបានឲ្យដឹងទៀតថា ក្នុងចំណោមអ្នកឆ្លើយសំណួរចំនួន 13,000 នាក់ដែលមកពី 13 ប្រទេស គឺត្រូវបានគេដឹងថា ប្រជាជនរបស់ប្រទេសភីលីពីន គឺមានអ្នកគេងលក់ធម្មតាគេជាមធ្យមប្រមាណ 55 ភាគរយ ប៉ុន្តែសម្រាប់ជនជាតិកូរ៉េវិញគឺមានប្រហែលជា ៤១ ភាគរយ។
ចំពោះបញ្ហានៃការគេងមិនលក់ពួកគេបានឆ្លើយថា ស្ត្រេសមានចំនួន 54 ភាគរយ ដោយក្នុងនោះចំពោះស្ថានភាពបន្ទប់គេង 40 ភាគរយ ការធ្វើការងារច្រើនលើសលប់ 37 ភាគរយ ការចំណាយហួសប្រមាណ 36 ភាគរយ ស្ថានភាពសុខភាព 32 ភាគរយ និងការគេងមិនបានឆ្អែតដែលកើតឡើងដោយការស្រមុកគឺមាន 29 ភាគរយ។
គួររំលឹថាប្រទេសកូរ៉េគឺមានចំនួនអ្នកជំងឺដែលមានបញ្ហាដំណេកប្រហែលជា 1.09 លាននាក់ក្នុងឆ្នាំ 2022 ដោយជាការកើនឡើងពីចំនួន 855.000 នាក់កាលពីក្នុងឆ្នាំ 2018 ។