ក្រសួងផែនការ និងការវិនិយោគរបស់ប្រទេសវៀតណាមបានប្រកាសថា ប្រទេសវៀតណាមមានគោលបំណងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនចំនួនពីរខ្សែរ ដោយក្នុងនោះគឺមានមួយខ្សែតភ្ជាប់ពីរដ្ឋធានីហាណូយរបស់ខ្លួន ជាមួយនិងប្រទេសចិនឲ្យមុនឆ្នាំ 2030 ថែមទៀតផង នេះបើយោងទៅតាមការរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន CNN កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤។
ប្រទេសមហាលអំណាចសេដ្ឋកិច្ចធំជាងគេទីពីរដូចជាប្រទេសចិន មិនខ្វះនោះទេអ្នកដែលមានបំណងចង់បានមកធ្វើជាដៃគូរខាងផ្នែកពាណិជ្ជកម្មនោះ។ យ៉ាងណាមិញការអំណោយផលមកពីធម្មជាតិនៃទឹកដីព្រុំប្រទល់រវាង ប្រទេសវៀតណាម និងចិន វាក៏បានអង្រួនឲ្យប្រទេសវៀតកំពុងតែស្រែកឃ្លានក្នុងនាំចេញផលិតផលក្នុងស្រុករបស់ខ្លួនទៅកាន់ទីផ្សាដ៏ធំមួយនេះជាយូយាណាស់មកហើយ។
ជាការពិតណាស់ ប្រទេសទាំងពីរខាងលើគឺធ្លាប់បានតភ្ជាប់ទំនាក់ទំនងចំពោះគ្នាទៅវិញទៅមករួចទៅហើយ គឺតាមរយៈប្រព័ន្ធផ្លូវល្បឿនលឿន និងផ្លូវរថភ្លើងចាស់ចំនួនពីរខ្សែ ដោយបច្ចុប្បន្នផ្លូវរភ្លើងនោះគឺត្រូវបានអាជ្ញាធរខាងប្រទេសវៀតកំពុងតែកែលម្អ។
បើយោងទៅតាមអ្នកនាំពាក្យរបស់ក្រសួងផែនការវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលរបស់យើងគឺមានគម្រោងរៀបចំនូវខ្សែរថភ្លើងល្បឿនលឿនមួយខ្សែ ដោយគ្រោងនឹងរត់ចេញពីទីក្រុងកំពង់ផែ Haiphong និង Quang Ninh របស់វៀតណាម រួចឆ្លងកាត់ទីក្រុងហាណូយ ដើម្បីឆ្ពោះទៅកាន់ខេត្ត Lao Cai ដែលមានព្រំប្រទល់ជាប់ខេត្ត Yunnan របស់ប្រទេសចិន។
ហើយចំពោះមួយខ្សែទៀតគឺយើងនឹងរត់ពីទីក្រុងហាណូយទៅកាន់ខេត្ត Lang Son ដែលមានព្រំប្រទល់ជាប់តំបន់ Guangxi របស់ប្រទេសចិន ដោយក្នុងនោះវានឹងឆ្លងកាត់តំបន់ដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែលជាមួយនឹងរោងចក្រផលិតជាសកល ដែលមានការចូលរួមដោយអ្នកវិនិយោគរបស់ប្រទេសចិនផងដែរ។
ប៉ុន្តែបើទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យរូបនេះមិនបានផ្តល់នូវព័ត៌មានលម្អិតបន្ថែមអំពីគម្រោងនេះឲ្យបានច្បាស់លាស់នោះទេ។ គួរបញ្ជាក់ថា កាលពីដើមខែនេះ ប្រទេសវៀតណាមធ្លាប់បាននិយាយថា ខ្លួនកំពុងស្វែងរកការរៀនសូត្របន្ថែមពីខាងប្រទេសចិន គឺដើម្បីយកមកអភិវឌ្ឍបណ្តាញផ្លូវរថភ្លើងល្បឿនលឿនដំបូងរបស់ខ្លួន ហើយនាពេលលនោះខាងរាជរដ្ឋាភិបាលរបស់វៀតណាមក៏បានបញ្ជូនមន្ត្រីជាច្រើននាក់ឲ្យទៅធ្វើការជាមួយ ក្រុមហ៊ុនផ្លូវដែកចិនថែមទៀតផង ។
គួររំលឹកថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានជួបជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនផ្លូវដែកចិន ក្នុងអំឡុងពេលទស្សនកិច្ចនៅក្នុងទីក្រុងប៉េកាំងផងដែរ។ ដំណើរទស្សនកិច្ចនាពេលនោះ ខាងក្រុមការងាររបស់ CNN បានរាយការណ៍ថា វាគឺជាសកម្មភាពមួយដែលបានកើតឡើងបន្ទាប់ពីវៀតណាម និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយដែលមានតម្លៃរាប់សិបលានដុល្លាសហរដ្ឋអាមេរិកឯណោះ។
បើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលវៀតណាមបាននិយាយទៀតថា ពាណិជ្ជកម្មរវាងវៀតណាម និងចិនក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤នេះគឺបានកើនឡើងរហូតដល់ទៅ 22% ប្រសិនបើយើងធៀបនឹងឆ្នាំមុន ហើយប្រសិនបើយើងគិតជាចំនួនទឹកប្រាក់វិញនោះគឺតម្លៃប្រមាណ 43.6 ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ថ្វីបើប្រទេសទាំងពីរកំពុងតែឈានទៅដល់ទំនាក់ទំនងមួយដែលល្អប្រសើរខាងផ្នែកពាណិជ្ជកម្មក៏ពិតមែន តែអ្នកជំនាញរបស់ CNN នៅតែចាប់អារម្មណ៍ឃើញថា វៀតណាម និងចិន គឺនៅតែជាប់គាំងនៅក្នុងជម្លោះដែនសមុទ្រ។ យ៉ាងណាមិញចំពោះជំលោះដ៏យូរឆ្នាំនៅសមុទ្រចិនខាងត្បូងវាបានកន្លងផុតទៅក៏ពិតមែន តែភាពតានតឹងហាក់ចំពោះរឿងមួយនេះវាហាក់ដូចជាបានស្ងប់ស្ងាត់ទៅវិញនោះទេ។