មិនខ្វល់ថារឿងរ៉ាវបានកើតឡើងយូប៉ុណ្ណាទេ តែចំពោះក្រុមប៉ូលិសនៅក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិកនៅតែអាចស្វែងរកអ្នកដែលបានបង្ករហេតុជានិច្ច។
បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន CNN កាលពីថ្ងៃទី ១៧ ខែមេសា បានឲ្យដឹងថា ក្រុមសមត្ថកិច្ចខាងលើបានធ្វើការឃាត់ខ្លួនមនុស្សចំនួនប្រាំមួយនាក់ ក្នុងករណីលួចមាសដែលមានតម្លៃជាទឹកប្រាក់រាប់លានដុល្លារសហរដ្ឋអាមេរិក គឺនៅឯអាកាសយានដ្ឋានអន្តរជាតិ Pearson នៃទីក្រុងតូរ៉ុនតូ។
ប្រភពដដែលបាននិយាយទៀតថា ខាងប៉ូលីសក៏បានចេញដីកាចាប់ខ្លួនមនុស្សបីនាក់ផ្សេងទៀតផងដែរ ដោយសារតែជនសង្ស័យទាំង៩នាក់នោះ មានជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់លើសពី១៩ករណី។
ហេតុការណ៍នៃការលួចយកមាស គឺបានកើតឡើងកាលពីឆ្នាំមុន ដោយក្នុងក្រុមប៉ូលិសធ្លាប់បាននិយាយកាលពីថ្ងៃទី 17 ខែមេសា ឆ្នាំ 2023 ថា រថយន្តដែលបំរើការក្នុងការដឹកទំនិញចេញពីកន្លែងផ្ទុកដុំមាស និងរូបិយប័ណ្ណបរទេសច្រើនជាង 22 លានដុល្លារកាណាដានោះ គឺត្រូវបានគេលួចពីកន្លែងស្តុកទុកយ៉ាងសំងាត់ជាទីបំផុត។ កាលនោះគឺមានទាំងមាស និងរូបិយប័ណ្ណដែលទើបតែបានមកដល់តាមជើងហោះហើរ Air Canada គឺដឹកមកពី Zurich របស់ប្រទេសស្វីស។
ក្រុមប៉ូលីសបាននិយាយបន្តថា ក្នុងចំណោមជនសង្ស័យយ៉ាងហោចណាស់គឺមានអតីតបុគ្គលិក Air Canada ចំនួនពីរនាក់ គឺត្រូវបានចោទប្រកាន់ថាបានចូលរួមក្នុងការលួចយ៉ាងសាហាវ។ ឥឡូវនេះម្នាក់ៗត្រូវបានឃុំខ្លួនរួចរាល់ផងដែរ។
យើងខ្ញុំសូមបញ្ជាក់ថា បើទោះបីជាករណីខាងលើនេះបានកើតឡើងលើងប្រទេសកាណាដា និងពាក់ព័ន្ធជាមួយតែប្រទេសស្វីសក៏ពិតមែន តែចំពោះការស៊ើបអង្កេតនេះ គឺត្រូវបានគេដាក់ឈ្មោះថា “គម្រោង 24Karat” មានន័យថា គឺវាមានជាប់ពាក់ព័ន្ធនឹងផ្នែក Pennsylvania ដែលជាការិយាល័យរបស់សហរដ្ឋអាមេរិក(ATF) ដែលគ្រប់គ្រងលើការហាមឃាត់ គ្រឿងស្រវឹង ថ្នាំជក់ អាវុធ និងគ្រឿងផ្ទុះជាដើម។ល។
ATF និយាយថា បុរសជនជាតិកាណាដាម្នាក់ដែលត្រូវបានចាប់ខ្លួននៅរដ្ឋ Pennsylvania គឺគាត់មានជាប់ពាក់ព័ន្ធពីបទរំលោភច្បាប់ចរាចរណ៍កាលពីក្នុងខែកញ្ញា ឆ្នាំ 2023។ ហើយនៅពេលនោះគាត់គឺជាអ្នកបើកបររថយន្តដែលលួចកុងតឺន័រដឹកទំនិញខាងលើនេះ។ បុរសនោះបានរស់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ ហើយបានរត់ដោយថ្មើរជើងអំឡុងពេលឈប់ចរាចរណ៍ បន្ទាប់ពីទាហានរដ្ឋបានរកឃើញអាវុធនៅក្នុងរថយន្តជួលរបស់គាត់។
ខាងមន្ត្រីកាណាដា និងសហរដ្ឋអាមេរិក បាននិយាយទៀតថា ការស៊ើបអង្កេតកំពុងបន្ត ហើយនៅពេលនេះគឺយើងបានទទួលតែបំណែកនៃដុំមាសមួយចំនួន និងសាច់ប្រាក់ដែលត្រូវបានលួចតែប៉ុណ្ណោះ។ ប៉ូលីសបាននិយាយបន្តថា បន្ទាប់ពីអនុវត្តដីកាស្វែងរកក្នុងរដ្ឋ Ontario ពួកគេបានរកឃើញតែខ្សែដៃមាសត្រឹមតែ 5 ដែលមានតម្លៃប្រហែល 90,000 ដុល្លារ។
ស្នងការរងប៉ូលិសលោក Nick Milinovich បាននិយាយថា “ក្នុងករណីដែលបានកើតកាលពីឆ្នាំមុននេះ វាគឺជាការលួចយកមាសដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រកាណាដា ហើយបើយើងយោងតាមសេចក្តីរាយការណ៍របស់អាមេរិកបានលើកឡើងថា វាជាឧក្រិដ្ឋកម្មដ៏ធំបំផុតទីប្រាំមួយនៅក្នុងប្រវត្តិសាស្រ្តពិភពលោក” ។