ឥណ្ឌូណេស៊ី៖ ប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិ បន្ទាប់ពីមានបន្ទុះភ្នំភ្លើង

អាជ្ញាធររបស់ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃពុធ បានបញ្ជាឱ្យអ្នកភូមិរាប់រយនាក់ត្រូវចាកចេញទៅទីសុវត្តិភាពបណ្តោះអាសន្ន ព្រោះថាក្នុងកាលៈទេសៈនេះសមុទ្រអាចនិងមានរលកយក្សស៊ូណាមិ។

តាមដានយើងតាមរយៈ Telegram CPN Daily

          បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃទី ១៨ ខែមេសា នេះបានឲ្យដឹងថា ភ្នំភ្លើងមួយបានផ្ទុះក្នុងរយៈកម្ពស់ប្រមាណជា 725 ម៉ែត្រ គឺនៅលើកោះ Ruang ភាគខាងជើង Sulawesi នៃប្រទេសឥណ្ឌូនេស៊ី។ កោះមួយនេះបានរងនូវការផ្ទុះភ្នំភ្លើងយ៉ាងតិចប្រហែលជា 5 ដងរួចទៅហើយ ប្រសិនបើយើងគិតត្រឹមយប់ថ្ងៃអង្គារ។ ប្រភពខាងលើបាននិយាយទៀតថា បន្ទុះភ្នំភ្លើងដែលបានកើតឡើងនេះផងដែរ វាក៏បានបញ្ចេញកម្អែភ្នំភ្លើង និងផេះយ៉ាងសន្ធោសន្ធៅទៅលើផ្ទៃអាកាស ដែលជាហេតុធ្វើឲ្យមានផលប៉ះពាល់ខ្លាំងទៅលើផ្លូវដង្ហើម ប៉ុន្តែអ្វីដែលជាសំណាងល្អនោះ គឺវាបានកើតឡើងនៅ

លើកោះដាច់ស្រយាលដែលជាកន្លែងមានប្រជាជនរស់នៅតិចតួច។

បើយោងទៅតាមការរៀបរាប់ពីប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ លោក Hendra Gunawan បាននិយាយថា ក្រុមមន្ត្រីបានបង្កើនការប្រកាសអាសន្នអំពីការផ្ទុះភ្នំភ្លើងដល់ កម្រិតមួយដែលខ្ពស់បំផុត ដោយក្រុមការរងាររបស់យើងបានព្រមានប្រជាជនមិនឱ្យចូលទៅក្នុងចម្ងាយប្រហែល 6 គីឡូម៉ែត្រ (3.7 ម៉ាយ) នៃកំពូលភ្នំដែលផ្ទុះនោះឡើយ។ លោកបាននិយាយបន្តថា បើយោងតាមការរៀបរាប់ពីក្រុមជំនាញរបស់យើងបានព្យាករណ៍ទុកទៀតថា  ភ្នំ Ruang អាចនឹងត្រូវដួលរលំមួយផ្នែកចូលទៅក្នុងទឹក ហើយនៅពេលនោះវាក៏អាចបង្ករឱ្យមានរលកយក្សស៊ូណាមិគ្រប់ពេលវេលា។

លោក Hendra បានប្រាប់ទីភ្នាក់ងារព័ត៌មានជាតិ Antara ទៀតថា “កម្លាំងនៃការផ្ទុះភ្នំ Ruang គឺកាន់តែធំឡើងៗ ហើយវាក៏បានបញ្ចេញកម្តៅកាន់តែខ្លាំងឡើងដូចគ្នា ហើយចំហាយក្តៅនោះវាបានសាយភាយមិនតិចជាង 1.7 គីឡូម៉ែត្រនោះឡើយ។ លោកបាននិយាយបន្ថែមទៀតថា បន្ទុះភ្នំភ្លើងដ៏សកម្មមួយនេះ វានឹងនាំមកនូវការរញ្ជួយដីក្នុងតំបន់មួយចំនួនថែមទៀតផង។

គួរបញ្ជាក់ថា ភ្នំ Ruang វាគឺជា​ភ្នំភ្លើងម្យ៉ាង ដែល​ជា​ធម្មតាវាមាន​រាងដូចជា​សាជី និងមានលក្ខណៈ​ចោត​ខ្លាំង ដែលមនុស្សជាច្រើនតែងហៅវាថា Stratovolcanoes ។ បើយោងតាមអ្នកជំនាញភ្នំភ្លើងបានលើកឡើងថា  Stratovolcanoes  វាតែងតែបង្កើតការផ្ទុះជាញឹកញាប់ ទាំងនោះក៏ព្រោះតែការកកើតនៃឧស្ម័ននៅក្នុង magma មានច្រើនលើសលប់ពេក។

ប្រសិនបើយើងក្រឡែកទៅមើលខ្សែ​វីដេអូ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៃ​ការ​ផ្ទុះ​ភ្នំភ្លើង​កាលពី​ថ្ងៃ​ពុធ រូបភាពបាន​បង្ហាញថា ​កំទេច​ផេះ​ជាច្រើនបានបក់​មក​លើផ្ទៃអាកាស ដោយអមជាមួយនឹង​កម្អែរបស់ភ្នំភ្លើងហើយវាក៏ចូលទៅលាយឡំជាមួយនិងខ្យល់​រន្ទះថែមទៀតផង។

បច្ចុប្បន្នខាងអាជ្ញាធរបានឱ្យដឹងថា កោះ Ruang គឺជាជម្រករបស់អ្នកស្រុកប្រហែល 800 នាក់ បានសម្រេចចិត្តផ្លាស់ទីលំនៅជាបណ្តោះអាសន្នដោយទៅរស់នៅលើកោះ Tagulandang ដែលជាកោះជិតខាង។

ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសមួយដែលមានទីតាំងស្ថិតនៅក្នុង អាស៊ីអាគ្នេយ៍ និង អូសេអានី គឺរវាងមហាសមុទ្រឥណ្ឌា និង ប៉ាស៊ីហ្វិក ។ ប្រទេសឥណ្ឌូនេស៊ីមានកោះច្រើនជាង 17,000 ទៅទៀត។ ឥណ្ឌូណេស៊ី គឺរដ្ឋប្រជុំកោះមួយដែលធំជាងគេបំផុតនៅក្នុងពិភពលោក ជាមួយនឹងប្រជាជនជាង 279 លាននាក់។

 បើយោងទៅតាមមន្ត្រីជំនាញរបស់ CNN បានឲ្យដឹងបន្ថែមថា ប្រទេសឥណ្ឌូនេស៊ីគឺមានភ្នំភ្លើងសកម្មជាង 120 កោះឯណោះ ហើយវាគឺជាចំនួនមួយដែលច្រើនជាងគេនៅក្នុងពិភពលោកដូចគ្នាដែរ។ ប្រទេសឥណ្ឌូនេស៊ី គឺមានទីតាំងស្ថិតនៅតាមបណ្តោយ Ring of Fire ដែលជាធ្នូមួយមានប្រវែងរហូតដល់ 25,000 ម៉ាយ (40,000 គីឡូម៉ែត្រ) នៃបន្ទាត់ដែលរងនូវការរញ្ជួយដី ព្រោះថាវាមានទីតាំងក្បែរមហាសមុទ្រប៉ាស៊ីហ្វិក។

scroll to top